FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

បណ្ឌិត គុណ ញឹម នាំយកអំណោយរបស់សម្ដេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ប្រគល់ជូនវីរកងទ័ពជួរមុខ ជាលើកទី៦

26-10-2025 07:41

(សៀមរាប)៖ លោកបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥នេះ បានដឹកនាំថ្នាក់ដឹកនាំ ព្រមទាំងមន្ដ្រីគយ និងរដ្ឋាករ ចុះប្រគល់អំណោយរបស់សម្ដេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ជូនវីរកងទ័ពជួរមុខ រួមមាន៖ កងពលធំអន្ដរាគមន៍លេខ ២, កងពលធំអន្ដរាគមន៍លេខ ៣, កងពលតូចលេខ ៨ និងកងពលតូចថ្មើរជើងលេខ ៤២ ដែលកំពុងឈរជើងប្រចាំការ ក្នុងការការពារបូរណភាពទឹកដី នៅតាមបណ្ដោយព្រំដែនជាមួយថៃ ។

នៅក្នុងពិធីប្រគល់អំណោយជូននាពេលនេះលោកបណ្ឌិត គុណ ញឹម បានពាំនាំផ្ដាំផ្ញើការសួរសុខទុក្ខ និងកោតសរសើរពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនថ្នាក់ដឹកនាំ និងវីរកងទ័ពទាំងអស់ ដែលកំពុងបំពេញភារកិច្ចយ៉ាងអង់អាចក្លាហាន មោះមុត ការពារបូរណភាពទឹកដី ប្រឆាំងសត្រូវឈ្លានពានមកលើដែនអធិបតេយ្យភាពកម្ពុជា ប្រកបដោយឧត្តមគតិស្នេហាជាតិដ៏ឧដុង្គឧត្តម និងការលះបង់ខ្ពស់បំផុត។

គួរបញ្ជាក់ថា កន្លងមកក្នុងឆ្នាំ២០២៥ នេះ, ថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ជាមធ្យោបាយធ្វើដំណើរសម្ភារៈ/បរិក្ខារ គ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ដើម្បីចែកជូនវីរកងទ័ព និងប្រជាជនភៀសសឹកចំនួន ៥លើក រួចមកហើយ រួមមាន៖ លើកទី១ ជូនកងពលធំអន្តរាគមន៍លេខ២ នៅខេត្តសៀមរាប ដែលជាអង្គភាពសម្ព័ន្ធមេត្រីភាពជាមួយអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និងវីរកងទ័ពជួរមុខឈរជើងក្នុងភូមិសាស្រ្តខេត្តឧត្តរមានជ័យ ចំនួន ៨ អង្គភាព, លើកទី២ ជូនកងកម្លាំងប្រដាប់អាវុធនិងវីរកងទ័ព ដែលកំពុងឈរជើងនៅតាមបណ្ដោយព្រំដែនខេត្តព្រះវិហារ, លើកទី៣ ជូនវីរកងទ័ពជួរមុខ ដែលកំពុងត្រៀមប្រយុទ្ធនឹងទាហានថៃ ដែលឈ្លានពានមកលើដែនអធិបតេយ្យភាពកម្ពុជា និងជូនប្រជាជនភៀសសឹកចំនួន ៤,០០០គ្រួសារ ដែល គេចចេញមកទីសុវត្ថិភាពនៅស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ; លើកទី៤ ជូនកងពលធំអន្ដរាគមន៍លេខ ២, លើកទី៥ ជូនកងពលធំអន្ដរាគមន៍លេខ ៣ (ប្រចាំទិសព្រះវិហារ)។ ចំពោះការនាំយកអំណោយជូនវីរកងទ័ពនាឱកាសនេះ គឺជាលើកទី៦៕