សន្និសីទសារព័ត៌មាន៖ ក្រសួងរៀបចំដែនដី ឆ្លើយតបនឹងការចោទប្រកាន់ ជុំវិញការរំលំអគារ «អង្គរមានជ័យ»
25-10-2025 17:40
(ភ្នំពេញ)៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅរសៀល ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥នេះ បានរៀបចំសន្និសីទសារព័ត៌មានឆ្លើយតបនឹងការចោទប្រកាន់ ជុំវិញការរំលំអគារ «អង្គរមានជ័យ»។ សន្និសីទនេះ ធ្វើឡើងដោយ លោក ខៀវ បូរិន អនុរដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
គិតមកដល់ពេលនេះ មានប្រជាពលរដ្ឋ៦២គ្រួសារហើយ ក្នុងចំណោម៦៥គ្រួសារ ដែលបានរស់នៅលើ «អគារអង្គរមានជ័យ» ដែលទ្រុឌទ្រោម បានឯកភាពទទួលយកសំណងចាកចេញពីអគារចាស់នេះ ទៅរស់នៅទីកន្លែងថ្មីមានសុវត្ថិភាព។ ចំណែកពលរដ្ឋ ១គ្រួសារបានស្នើសុំអភិវឌ្ឍនៅនឹងកន្លែង និង ២គ្រួសារទៀត មិនទាន់យល់ព្រមឡើយ។
អគារអង្គរមានជ័យ ដែលមានអាយុកាល៧៥ឆ្នាំ ជាអគារសហកម្មសិទ្ធ ដែលរដ្ឋផ្តល់សិទ្ធិឱ្យប្រជាពលរដ្ឋរស់នៅ តែមិនផ្តល់កម្មសិទ្ធិលើដីនោះទេ។ បើគិតមកដល់ពេលនេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមដំណើរការស្វែងរកដំណោះស្រាយ ជូនប្រជាពលរដ្ឋទាំង៦៥គ្រួសារអស់រយៈពេល ១៤ខែហើយ ។
លោក ខៀវ បូរិន អនុរដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឱ្យដឹងថា ជាលទ្ធផល ៦២គ្រួសារបានឯកភាពទទួលយកសំណងចាកចេញទៅរស់នៅទីកន្លែងថ្មី មានសុវត្ថិភាព ១គ្រួសារស្នើសុំអភិវឌ្ឍនៅនឹងកន្លែង និង២គ្រួសារ ដែលក្នុងនោះរួមទាំង បងស្រី លីវ សុផា ផងដែរ ដែលមិនទាន់យល់ព្រមទទួលយកសំណងគោលនយោបាយនេះ។
លោកបានគូសបញ្ជាក់ថា ក្រសួងដែនដី បានដោះស្រាយគ្រួសារទាំង៦៥ ដោយផ្អែកលើគោលការណ៍ចំនួន ៣៖
១៖ សុវត្ថិភាពបងប្អូនដែលរស់នៅក្នុងអគារទ្រុឌទ្រោមពុកផុយវ័យចំណាស់ ៧៥ឆ្នាំនេះ ជាចម្បង។ ក្រសួងបានសិក្សាវាយតម្លៃអគារនេះ ជាសំណង់ដែលអាចដួលរលំភ្លាមៗដោយមិនផ្តល់សញ្ញាណជាមុន។
២៖ ក្រសួងបានយកតម្លៃទីផ្សារជាគោល (ក្រុមហ៊ុន Phnom Penh Real Estate 2023, ក្រុមហ៊ុន De Grand Reality 2024 និងបានជួលក្រុមហ៊ុន Asia Pacific ឆ្នាំ២០២៥)។
៣៖ បានបើកចរចា និងពិភាក្សា ដោយទុកពេលវេលា១៤ខែ ឱ្យគ្រួសារទាំង ៦៥ ធ្វើការសម្រេចចិត្ត។ ទន្ទឹមនេះ ក្រសួងក៏បានសិក្សាវាយតម្លៃទៅលើស្ថានភាពគ្រួសារទាំង ៦៥ ទៅលើជីវភាពរបស់ពួកគាត់ ដែលក្នុងនោះមានគ្រួសារក្រីក្រចំនួន៥ ក្រសួងបានផ្តល់សម្បទានដីសង្គមកិច្ច សម្រាប់រស់នៅ។
បើតាមមន្រ្តីខ្ពស់រូបនេះ, ពលរដ្ឋចំនួន ២គ្រួសារដែលមិនទទួលយកសំណងកន្លងមកនោះ ដោយសារតែពួកគាត់ដាក់តម្លៃលើសទីផ្សាររហូតដល់២ដង។ ទោះជាយ៉ាងណាក្រសួងនៅតែបើកផ្លូវទុកសម្រាប់ការចរចា។ ចំណែកការលើកឡើងរបស់ លោកស្រី លីវ សុផា គឺក្រសួងបានទុកឱសានវាទឱ្យគាត់រហូតដល់ថ្ងៃទី១៥ ខែតុលា ដើម្បីឱ្យគាត់រើអីវ៉ាន់ចេញ នៅពេលដែលគាត់មិនរើចេញ។ ដោយមានការអនុញ្ញាតពីព្រះរាជអាជ្ញា ក្រសួងសមត្ថកិច្ច បានចូលទៅកាត់សោរ ហើយអីវ៉ាន់របស់របរដែលមានតម្លៃ ត្រូវបានលោកស្រីយកទៅអស់ហើយ លើកលែងតែអីវ៉ាន់ធ្ងន់ៗដែលក្រសួងបានយកមករក្សាទុក និងសំណូមពរឱ្យលោកស្រីមកទទួលរហូតដល់ថ្ងៃទី២០ ខែវិច្ឆិកា។
ជាទីបញ្ចប់ មន្រ្តីជាន់ខ្ពស់ក្រសួងរៀបចំដែនដីរូបនេះ បានស្នើឱ្យសាធារណៈមតិជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាស្ថាប័នទទួលខុសត្រូវក្នុងការដោះស្រាយជាមួយប្រជាពលរដ្ឋដែលរស់នៅក្នុងសំណង់អគារទ្រុឌទ្រោមនេះ ដោយគោរពតាមក្រមសិលធម៌វិជ្ជាជីវៈ យុត្តិធម៌សង្គម និងសុខមាលភាពសង្គម។
អគារសហកម្មសិទ្ធិ (អតីតសណ្ឋាគារអង្គរមានជ័យ) មានទីតាំងស្ថិតនៅលើផ្លូវកែងរវាងមហាវិថីព្រះមុនីវង្សនិង មហាវិថីកម្ពុជាក្រោម ស្ថិតនៅក្នុងភូមិ១ សង្កាត់មនោរម្យ ខណ្ឌ ៧មករា រាជធានីភ្នំពេញ ដែលត្រូវបានសាងសង់ឡើងតាំងពីអំឡុងឆ្នាំ ១៩៥០ គិតមកដល់បច្ចុប្បន្នសំណង់អគារមានអាយុ ៧៥ ឆ្នាំមកហើយ។ អគារនេះមានក្រឡាផ្ទៃបាតទំហំសរុប ៥៩០ ម៉ែត្រការ៉េ មានកម្ពស់ ៦ ជាន់ ស្មើនឹង ១០៧ បន្ទប់ និងមានប្រជាពលរដ្ឋរស់នៅសរុបចំនួន ៦៥ គ្រួសារ៕
សូមទស្សនាវីដេអូសន្និសីទទាំងស្រុងដូចតទៅ៖



