សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នឹងចូលរួមព្រឹត្ដិការណ៍ប្រវត្ដិសាស្ដ្រ ការដាក់បញ្ចូលប្រទេសទីម័រឡេស្តេជាផ្លូវការ ជាសមាជិកអាស៊ានទី១១ (Video inside)
25-10-2025 17:25
(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នឹងអញ្ជើញចូលរួមព្រឹត្ដិការណ៍ប្រវត្ដិសាស្ដ្រ ការដាក់បញ្ចូលប្រទេសទីម័រឡេស្តេជាផ្លូវការ ជាសមាជិកអាស៊ានទី១១ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។ នេះបើតាមបញ្ជាក់ពីលោកបណ្ឌិត សូ ណារ៉ូ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី។
ការបញ្ជាក់ឲ្យដឹងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោកបណ្ឌិត សូ ណារ៉ូ ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន អំពីកម្មវិធីការងារ របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅប្រទេសម៉ាឡេស៊ី។
លោកបណ្ឌិត សូ ណារ៉ូ បានបញ្ជាក់ថា សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញចូលរួម ក្នុងពិធីទទួលជប់លៀងអបអរសាទរ ព្រឹត្ដិការណ៍ប្រវិត្ដសាស្ដ្រ នូវការបញ្ចូលជាផ្លូវការ ចំពោះសមាជិកផ្លូវការទី១១ របស់ប្រទេសទីម័រឡេស្តេ ដែលជាប្អូនពៅ នាពេលបច្ចុប្បន្នរបស់អាស៊ាន។
បន្ថែមពីនោះទៀត លោកបណ្ឌិត សូ ណារ៉ូ បានឲ្យដឹងថា ប្រទេសទីម័រឡេស្តេ ត្រូវបានអនុញ្ញាតឲ្យចូលជាសមាជិកអាស៊ាន តាំងពីខែឧសភាកន្លងមក ប៉ុន្ដែពិធីជប់លៀងផ្លូវការ នឹងធ្វើឡើងស្របពេលក្នុងកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅប្រទេសម៉ាឡេស៊ី។
លោកបណ្ឌិត សូ ណារ៉ូ បានលើកឡើងថា ពិធីជប់លៀងនេះ ដើម្បីអបអរសាទរសមាជិកអាស៊ានថ្មី ដែលរុញឲ្យកម្ពុជា លែងជាសមាជិកប្អូនពៅរបស់អាស៊ានទៀតហើយ គឺមានប្អូនពៅថ្មី ជាប្រទេសទីម័រឡេស្តេ។
សូមបញ្ជាក់ថា សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា អាស៊ាន គឺជាអង្គការថ្នាក់តំបន់មួយ រួមមានប្រទេសនៅអាស៊ីអាគ្នេយ៍ទាំងដប់ជាសមាជិក រួមមាន ថៃ ម៉ាឡេស៊ី សិង្ហបុរី ហ្វីលីពីន ឥណ្ឌូនេស៊ី ព្រុយណេ វៀតណាម មីយ៉ាន់ម៉ា ឡាវ និងកម្ពុជា ដែលជាប្អូនពៅគេ ដែលបានចូលជាសមាជិកនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៩៩ ក្នុងពេលកិច្ចប្រជុំនៅក្នុងប្រទេសវៀតណាម។
អាស៊ាន នឹងត្រៀមរៀបចំ ទទួលប្រទេសទីម័រឡេស្តេ ដើម្បីក្លាយជាសមាជិកពេញសិទ្ធិទី១១ របស់អាស៊ាន ហើយឈ្មោះឥស្សរជន នយោបាយមួយរូប ត្រូវបានគេរំលេច សម្រាប់ការចងចាំជាប្រវត្តិសាស្ត្រនោះ គឺសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភាកម្ពុជា។
កិច្ចខិតខំប្រឹងប្រែងឥតឈប់ឈរ របស់សម្តេចតេជោ ជាមួយនឹងចក្ខុវិស័យរយៈពេលវែង និងភាពមោះមុតប្តេជ្ញាចិត្តផ្នែកការទូត គឺជាឧបករណ៍ដ៏សំខាន់មួយ ក្នុងការជួយប្រទេសទីម័រឡេស្តេ ដើម្បីការសម្រេចបាននូវមហិច្ឆតាដ៏យូរអង្វែងរបស់ខ្លួន ក្នុងការចូលជារដ្ឋនៃសមាជិកទី១១ របស់អាស៊ាន៕
