FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោកបណ្ឌិត សូ ណារ៉ូ៖ កិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ ដែលចុះហត្ថលេខា នៅថ្អៃស្អែក នឹងធ្វើឱ្យទំនាក់ទំនងប្រទេសទាំងពីរ វិលទៅរកប្រក្រតីភាពវិញ (Video inside)

25-10-2025 17:18

(ភ្នំពេញ)៖ លោកបណ្ឌិត សូ ណារ៉ូ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានលើកឡើងថា កិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ គឺជាការធ្វើឱ្យទំនាក់ទំនងប្រទេសទាំងពីរវិលទៅរកប្រក្រតីភាពវិញ។

លោកបានលើកឡើងបែបនេះ ក្នុងឱកាសផ្តល់បទសម្ភាសដល់អ្នកសារព័ត៌មាន នៅរសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥នេះ ក្នុងឱកាសសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ​មន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញដឹកនាំគណៈ​ប្រតិភូជាន់ខ្ពស់នៃ រាជរដ្ឋាភិបាលកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន​លើក​ទី៤៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី២៥-២៨ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។

បើតាមលោកបណ្ឌិត សូ ណារ៉ូ ដំណើរសម្តេចមហាបវរធិបតី អញ្ជើញទៅទីក្រុងគូឡាឡាំពួលើកនេះ គឺគណៈប្រតិភូកម្ពុជា មានសមសភាពច្រើនជាងធម្មតា ដោយសារនឹងមានព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រមួយទៀត គឺការចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមកម្ពុជានិងថៃ នៅទីក្រុងគូឡាឡាំពួ ថ្ងៃស្អែកនេះ ក្រោមគំនិតផ្តួចផ្តើម និងសាក្ស៉ីរបស់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងលោក អាន់វ៉ា អ៉ីប្រាហ៉ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ដែលចុះហត្ថលេខាដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងនាយករដ្ឋមន្រ្តីថៃ លោក Anutin Charnvirakul ។

លោកបានបញ្ជាក់យ៉ាងដូច្នេះថា «នេះជាព្រឹត្តិការប្រវត្តិសាស្ត្រ ពាក់ព័ន្ធទៅដល់សន្តិភាព ក៏ដូចជាវិបុលភាព ប្រក្រតីភាព ទំនាក់ទំនង រវាងកម្ពុជានិងថៃ នាពេលអនាគត ហើយបញ្ចប់ជាឯកសារគោល ដើម្បីបញ្ចប់នូវជម្លោះព្រំដែន ដែលជាក្តីកង្វល់របស់ប្រជាជនកម្ពុជា និងថៃ ក៏ដូចជាបណ្តាប្រទេសអាស៊ាន និងនៅលើពិភពលោក»។

សូមជម្រាបថា ក្រៅពីការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធហើយ​នោះ ក្នុងឱកាសស្នាក់នៅប្រទេសម៉ាឡេស៊ីនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏នឹងអញ្ជើញចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព ជាមួយថ្នាក់ដឹកនាំប្រទេសថៃ ក្រោមអធិបតីភាព លោក ដូ ណាល់ត្រាំ ប្រធានាធិបតីអាមេរិកផងដែរ។ កិច្ចព្រម​ព្រៀងសន្តិភាពនេះ គឺឯកសារដ៏សំខាន់ក្នុងការធានាដល់បទឈប់បាញ់ និងការឈានឆ្ពោះទៅរកសន្តិភាពតាមព្រំដែនរវាងកម្ពុជា និងថៃ៕