FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រកាសបញ្ចូលសមាជិកថ្មី គណបក្សប្រជាជនកម្ពុជាស្រុកជ័យសែនជិត ៤០០នាក់, លោក គីម រិទ្ធី ប្រាប់សមាជិកថ្មី ត្រូវរក្សាភាពស្មោះត្រង់ដាច់ខាតចំពោះបក្ស និងជាតិមាតុភូមិ

25-10-2025 16:32

(ព្រះវិហារ)៖ សមាជិកថ្មីគណបក្សប្រជាជនកម្ពុជាចំនួន ៣៨០នាក់ នៅភូមិពើក ឃុំពុទ្រា ស្រុកជ័យសែន ខេត្តព្រះវិហារ ត្រូវបានប្រកាសបញ្ចូលជាផ្លូវការនៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥ ក្រោមវត្តមានលោក គីម រិទ្ធី សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានគណៈកម្មាធិការគណបក្សខេត្តព្រះវិហារ ដោយមានការចូលរួមពីថ្នាក់ដឹកនាំគណបក្សខេត្ត ក្រុមការងារគណបក្សខេត្ត ចុះជួយស្រុក ជួយឃុំ ព្រមទាំងថ្នាក់ដឹកនាំគណបក្សស្រុក គណបក្សឃុំ និងសមាជិកគណបក្សជាច្រើនរូបទៀត។

នៅក្នុងឱកាសនោះដែរលោក គីម រិទ្ធី បានផ្តាំផ្ញើសាកសួរសុខទុក្ខ ដោយក្តីនឹករលឹកពីសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃកម្ពុជា ព្រមទាំងសម្តេចអនុប្រធានគណបក្សជាច្រើនរូបទៀត ក៏ដូចជាលោក ម៉ៅ សុផាន់ ប្រធានក្រុមការងារថ្នាក់កណ្តាល ចុះមូលដ្ឋានខេត្តព្រះវិហារ ជូនចំពោះថ្នាក់ដឹកនាំគណបក្សខេត្ត គណបក្សស្រុក គណបក្សឃុំ ដែលមានមានវត្តមាននៅទីនេះ ពិសេសសមាជិកថ្មីគណបក្សប្រជាជនកម្ពុជា ឃុំពើក ស្រុកជ័យសែន ខេត្តព្រះវិហារ។

លោក គីម រិទ្ធី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះបងប្អូនប្រជាពលរដ្ឋ និងយុវជន ដែលបានសម្រេចចិត្តចូលរួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។ លោកបានគូសបញ្ជាក់ពី មាគ៌ាដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្ស ដែលបាននាំមកនូវ សន្តិភាព និងការអភិវឌ្ឍន៍ រីកចម្រើនលើគ្រប់វិស័យជូនជាតិមាតុភូមិ។

លោក គីម រិទ្ធី បានផ្តាំផ្ញើសមាជិកថ្មីទាំងអស់ ត្រូវរក្សាភាពស្មោះត្រង់ដាច់ខាត ចំពោះគណបក្សប្រជាជនកម្ពុជា និងជាតិមាតុភូមិ ព្រមទាំងត្រូវខិតខំបម្រើប្រយោជន៍ក្នុងមូលដ្ឋានឲ្យអស់ពីលទ្ធភាព ដោយឈរលើគោលការណ៍ សាមគ្គីភាព និងការទទួលខុសត្រូវខ្ពស់ ព្រមទាំងបានអំពាវនាវដល់បងប្អូនទាំងអស់ ត្រៀមខ្លួនទៅចូលរួមបោះឆ្នោតនាពេលខាងមុខ ដើម្បីបន្តគាំទ្រគណបក្សប្រជាជនកម្ពុជា ក្នុងការធានានិរន្តរភាពនៃសុខសន្តិភាព និងការអភិវឌ្ឍ៕