ក្រសួងមុខងារសាធារណៈ ចាប់ផ្កើមដំណើរការប្រឡងជ្រើសរើសគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ, បេក្ខជនជាង ៨០០០នាក់ចូលរួម
25-10-2025 13:38
(ភ្នំពេញ)៖ តាមការគ្រោងទុក បេក្ខជនសរុបចំនួន ៨,៨៩៥នាក់ (ស្រី ៦,១៩៥នាក់) ត្រូវបានចូលរួមប្រឡងប្រជែងសមត្ថភាពគ្នា ដោយគោរពតាមគោលការណ៍និយាមនីតិវិធីស្តីពីការប្រឡងប្រជែង ដើម្បីបានជាប់និងក្លាយជាគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារនៅសាលាបឋមសិក្សា ។
ការប្រឡងនេះបានធ្វើឡើងនៅរសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥ ដោយមានការអញ្ជើញកាត់វិញ្ញាសារជានិមិត្តរូបដោយ ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ។
ក្នុងចំណោមបេក្ខជនចំនួន ៨,៨៩៥នាក់នេះ មានតែបេក្ខជនចំនួន ៣,២១៣នាក់ប៉ុណ្ណោះ នឹងត្រូវបានជ្រើសរើសចុងក្រោយ ឱ្យចូលបម្រើការងារនៅតាមគ្រឹះស្ថានបឋមសិក្សាសាធារណៈ ស្ថិតក្នុងភូមិសាស្រ្តរដ្ឋបាលខេត្តចំនួន០៥ រួមមាន ខេត្តព្រៃវែង ខេត្តត្បូងឃ្មុំ ខេត្តកំពង់ចាម ខេត្តបាត់ដំបង និងខេត្តតាកែវ។
បេក្ខជនទាំងអស់ នឹងត្រូវឆ្លងកាត់វិញ្ញាសាសម្រាប់ការប្រឡងប្រជែងចំនួន៣ រួមមាន៖
១៖ វិញ្ញាសាភាសាខ្មែរ រយៈពេល ១ម៉ោង
២៖ វិញ្ញាសាគណិតវិទ្យា រយៈពេល ១ម៉ោង ៣០នាទី ៣០នាទី
៣៖ វិញ្ញាសាចំណេះដឹងទូទៅ និងភាសាអង់គ្លេស រយៈពេល ១ម៉ោង ៣០នាទី។
សូមបញ្ចាក់ថា អ្នកដែលដាក់ពាក្យប្រឡង និងប្រឡងចូលជាគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារនៅសាលាបឋមសិក្សានេះ គឺមិនបានកំណត់អាយុឡើយ ពោលគឺចាប់ពីអាយុ ១៨ឆ្នាំឡើងទៅ ខណៈលទ្ធផលនៃការប្រឡងនេះគ្រោងនឹងប្រកាសនៅសប្តាហ៏ក្រោយ៕





















