កម្មសិក្សាការីថ្នាក់សីល នៃសាលាភូមិន្ទរដ្ឋបាល ចុះលើកផ្លាកផ្ទះ ផ្លូវ នៅក្រុងច្បារមន ខេត្តកំពង់ស្ពឺ
25-10-2025 11:49
(កំពង់ស្ពឺ)៖ កម្មសិក្សាការីថ្នាក់សីល នៃសាលាភូមិន្ទរដ្ឋបាល ថ្ងៃទី២៤ ខែតុលា ឆ្នាំ ២០២៥ បានចុះលើកផ្លាកផ្ទះនឹងផ្លាកផ្លូវនៅភូមិរលាំងសង្កែ សង្កាត់សំព័រទេព ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
លោកស្រី ហួត ឃីម តំណាងថ្នាក់សីលបានបញ្ជាក់ថាកម្មសិក្សាការីថ្នាក់សីលមានចំនួន ៦១អង្គ/នាក់ ក្រោមសម្របសម្រួលពីគ្រូបន្ទុកថ្នាក់និងគ្រូជំនួយ នៃសាលាភូមិន្ទរដ្ឋបាល បានរៀបចំឱ្យសិក្ខាកម្មសិក្សាការីគ្រប់ថ្នាក់ទាំងអស់ បានចុះធ្វើការសិក្សានិងរៀបចំដាក់ផ្លាកលេខផ្ទះ និងផ្លាកផ្លូវ ដែលសាលាបានកំណត់តាមភូមិនីមួយៗ។
លោកស្រី បានបញ្ជាក់ថាចំពោះថ្នាក់សីលត្រូវបានសាលាភូមិន្ទរដ្ឋបាល រៀបចំឱ្យកម្មសិក្សាការីចុះទៅមូលដ្ឋានភូមិរលាំងសង្កែ សង្កាត់សំព័រទេព ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
លោកស្រី ហួត ឃីម បានបញ្ជាក់ទៀតថា «ការចុះរៀបចំលើកផ្លាកផ្ទះ និងផ្លាកផ្លូវរបស់កម្មសិក្សាការី សាលាភូមិន្ទរដ្ឋបាលនេះ គឺជាការចូលរួមចំណែកមួយក្នុងការងារសង្គម ក៏ដូចជាការចូលរួមសាមគ្គីភាពគ្នា ដើម្បីសម្រេចនូវសមិទ្ធិផលរបស់ខ្លួន ដែលបានសិក្សារយៈពេល ៩ខែ ក្នុងឆ្នាំ២០២៥ ដើម្បីចូលរួមចំណែកការអភិវឌ្ឍន៍ជាមួយនឹងថ្នាក់ដឹកនាំខេត្ត និងរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។
សូមជម្រាបថា ការរៀបចំផ្លាកផ្ទះមានចំនួន ៣១៧ផ្លាក និងផ្លាកផ្លូវចំនួន ១០ផ្លាក
ដែលជាថវិការបស់កម្មសិក្សាការីថ្នាក់សីល នៃសាលាភូមិន្ទរដ្ឋបាល៕






















