សហគមន៍វាសនារួម កម្ពុជា-ចិន គ្រប់រដូវកាល នឹងនាំមកនូវការអភិវឌ្ឍន៍វិបុលភាព ដល់ប្រទេសទាំងពីរ
25-10-2025 11:43
(ភ្នំពេញ)៖ ការកសាងសហគមន៍វាសនារួម កម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី នឹងនាំមកនូវទំនាក់ទំនងជិតស្និទ្ធរវាងប្រជាជន និងប្រជាជន ការអភិវឌ្ឍន៍បន្ថែមទៀត និងវិបុលភាពរួមគ្នាសម្រាប់ប្រទេសទាំងពីរ។
ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋ របស់លោកប្រធានាធិបតីចិន ស៊ី ជីនពីង មកកាន់ប្រទេសកម្ពុជា កាលពីកំឡុងខែមេសា ប្រទេសទាំងពីរ បានព្រមព្រៀងគ្នា ពន្លឿនការកសាងសហគមន៍វាសនារួម កម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី។
ប្រទេសទាំងពីរ បានចុះហត្ថលេខានៅឆ្នាំ ២០១៩ នូវផែនការសកម្មភាព ដែលបានដឹកនាំកិច្ចខិតខំប្រឹងប្រែងរួមគ្នា ក្នុងការកសាងសហគមន៍វាសនារួម កម្ពុជា-ចិន ដែលឥឡូវនេះ បានឈានចូលដល់សម័យកាលថ្មីនៃស្តង់ដារខ្ពស់ គុណភាពខ្ពស់ និងកម្រិតខ្ពស់ គ្រប់រដូវកាល។
ក្រោមការឯកភាពជាយុទ្ធសាស្ត្រកម្រិតខ្ពស់រវាងប្រទេសទាំងពីរ កម្ពុជា និងចិន នឹងបន្តជំរុញក្របខណ្ឌកិច្ចសហប្រតិបត្តិការ ត្បូងពេជ្រកម្ពុជា-ចិន ដែលមានវិស័យអាទិភាពចំនួន ០៦ រួមមានកិច្ចសហប្រតិបត្តិការនយោបាយ សមត្ថភាពផលិតកម្ម និងគុណភាព កសិកម្ម ថាមពល សន្តិសុខ និងការផ្លាស់ប្តូរប្រជាជនទៅប្រជាជន។
ភាគីទាំងពីរ នឹងពន្លឿនការកសាង «ច្រករបៀង ឧស្សាហកម្ម និងបច្ចេកវិទ្យា» និង «ច្រករបៀងមច្ឆា និងអង្ករ» ព្រមទាំងពង្រឹងទំនុកចិត្តនយោបាយ កាន់តែខ្ពស់ ពង្រីកកិច្ចសហប្រតិបត្តិការ ផ្តល់ផលប្រយោជន៍ទៅវិញទៅមក ប្រកបដោយគុណភាពខ្ពស់ ធានាសន្តិសុខកម្រិតខ្ពស់ ការផ្លាស់ប្តូរឱ្យបានញឹកញាប់រវាងប្រជាជននិងប្រជាជន និងពង្រឹងកិច្ចសម្រប សម្រួលជាយុទ្ធសាស្ត្រប្រកបដោយស្តង់ដាខ្ពស់។
កម្ពុជា និងចិន ទទួលបានទំនាក់ទំនងដ៏ល្អប្រពៃ ដែលចាក់ឫសក្នុងប្រវត្តិសាស្ត្រចាស់ ដែលបានវិវត្តទៅជាភាពជាដៃគូ កិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដែលកំណត់ដោយមិត្តភាពដែកថែប។
នេះគឺជាទំនាក់ទំនងគំរូដែលនៅតែមិនអាចបំបែកបាន ទោះបីជាមានការផ្លាស់ប្តូរទិដ្ឋភាពក្នុងតំបន់ និងអន្តរជាតិក៏ដោយ ដោយសារការជឿទុកចិត្តគ្នាខាងផ្នែកនយោបាយដ៏រឹងមាំ។ ចំណងមិត្តភាពជាដែកថែប គឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ដែលធន់នឹងវិបត្តិ និងបញ្ហាប្រឈមដែលកំពុងកើតមាន។
គំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល គំនិតផ្តួចផ្តើមសន្តិសុខសកល និងគំនិតផ្តួចផ្តើមអរិយធម៌សកល ផ្តល់ផលប្រយោជន៍យ៉ាងធំធេងសម្រាប់ពិភពលោក រួមទាំងប្រទេសកម្ពុជាផងដែរ។
គំនិតផ្តួចផ្តើមសកលទាំងនេះ នឹងនាំមកនូវការការពារផលប្រយោជន៍រួមរបស់មនុស្សជាតិ ការលើកកម្ពស់បុព្វហេតុសន្តិភាព យុត្តិធម៌ និងវឌ្ឍនភាពរបស់ប្រជាជនទូទាំងសកលលោក ហើយឆ្លុះបញ្ចាំងពីបំណងប្រាថ្នារួមសម្រាប់ពិភព លោកមួយល្អប្រសើរ។
ភាគីទាំងពីរ នឹងបន្តប្រឹងប្រែងជំរុញការអនុវត្តគំនិតផ្តួចផ្តើមទាំងនេះ និងរួមចំណែកជាវិជ្ជមានក្នុងការរក្សា និងលើកកម្ពស់សន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់ និងពិភពលោក។ កម្ពុជាបានបន្តប្រឹងប្រែងជំរុញការអនុវត្តគំនិតផ្តួចផ្តើមទាំងនេះ ដើម្បីរួមចំណែក ជាវិជ្ជមានក្នុងការរក្សា និងលើកកម្ពស់សន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់ និងពិភពលោក។
កម្ពុជា និងចិនតែងតែប្តេជ្ញាប្រកាន់ខ្ជាប់គោលការណ៍៥ នៃសន្តិសហវិជ្ជមាន លើកកម្ពស់តម្លៃអាស៊ី ដែលផ្តោតលើសន្តិភាព កិច្ចសហ ប្រតិបត្តិការ បរិយាប័ន្ន និងសមាហរណកម្ម ព្រមទាំងគាំទ្រស្មារតីរួបរួមគ្នា មិត្តភាព និងកិច្ចសហប្រតិបត្តិការ នៃសន្និសីទទីក្រុងបានឌុង ដើម្បីរួមគ្នាកសាងសហគមន៍វាសនារួមសម្រាប់មនុស្សជាតិ។
ប្រទេសចិនបានក្លាយជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់បំផុតរបស់កម្ពុជា ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច របស់កម្ពុជា តាមរយៈការវិនិយោគដ៏ច្រើនសន្ធឹកសន្ធាប់ ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធ កំណើនពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការក្នុងវិស័យផ្សេងៗ។
គម្រោងក្រោមគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ នៅកម្ពុជា រួមមាន តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ទំនប់វារីអគ្គិសនី ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ពហុកីឡដ្ឋានជាតិមរតកតេជោ កំពង់ផែ ផ្លូវ ស្ពានឆ្លងកាត់ទន្លេធំៗ មន្ទីរពេទ្យ និងបណ្តាញផ្គត់ផ្គង់ទឹកស្អាតជនបទ បានផ្ដល់ផលប្រយោជន៍យ៉ាងច្រើនដល់សេដ្ឋកិច្ចកម្ពុជា និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។
គម្រោងទាំងនេះ បានបង្កើតការងាររាប់សែនកន្លែងសម្រាប់ប្រជាជនកម្ពុជា ចំណែក អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ កំពុងជួយជំរុញឧស្សាហកម្មទេសចរណ៍របស់កម្ពុជា ដែលជាសសរស្តម្ភសេដ្ឋកិច្ចសំខាន់មួយរបស់ប្រទេស។
គម្រោងហេដ្ឋារចនាសម្ព័ន្ធ ក្រោមគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ ទាំងនេះបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញសកម្មភាពវិនិយោគ និងពាណិជ្ជកម្ម ជួយសម្រួលដល់ការនាំចេញផលិតផលរបស់កម្ពុជា ជាពិសេសផលិតផលកសិកម្មដែលមានគុណភាព ទៅកាន់ទីផ្សារអន្តរជាតិ រួមទាំងទីផ្សារចិនផងដែរ។
លើសពីនេះ កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ (RCEP) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការជំរុញទំហំពាណិជ្ជកម្មទ្វេភាគី ដោយអនុញ្ញាតឲ្យផលិតផលកសិកម្មមានគុណភាពរបស់កម្ពុជា ដូចជា អង្ករ ដំឡូងមី ស្វាយ ចេក និងផ្លែមានប៉ៃលិន ព្រមទាំងផលិតផលជលផលធម្មជាតិមួយចំនួន អាចត្រូវបាននាំចេញទៅប្រទេសចិន ជាមួយនឹងពន្ធអនុគ្រោះ។
ក្នុងរយៈពេល៤ខែដំបូងនៃឆ្នាំ ២០២៥ ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងចិនឈានដល់ ៥.៦៩ ប៊ីលលានដុល្លារអាមេរិក កើនឡើង២៧ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៤។ នេះបើយោងតាមរបាយការណ៍ចុងក្រោយ របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។
កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទាំងនេះមិនត្រឹមតែបានពង្រឹងលទ្ធភាពទទួលបានទីផ្សារ និងកាត់បន្ថយរបាំងពាណិជ្ជកម្មប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបង្កើតបរិយាកាស ដែលអាចព្យាករណ៍បាន និងមានតម្លាភាពជាងមុនសម្រាប់អាជីវកម្ម និងការវិនិយោគ នៅក្នុងប្រទេសទាំងពីរ។
កម្ពុជានិងចិន ជឿជាក់ថា ការរឹតបន្តឹងលើពាណិជ្ជកម្ម និងការវិនិយោគបានបង្កផលប៉ះពាល់លើ សន្តិសុខសេដ្ឋកិច្ច និងសណ្តាប់ធ្នាប់ពាណិជ្ជកម្មអន្តរជាតិ និងប្រឆាំងដាច់ខាត ចំពោះពាណិជ្ជកម្មគាំពារ និយម។
ប្រទេសទាំងពីរប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការលើកកម្ពស់ប្រព័ន្ធពាណិជ្ជកម្មពហុភាគី ដែលមានអង្គការពាណិជ្ជកម្មពិភពលោកជាស្នូល អាចព្យាករណ៍បាន ផ្អែកលើច្បាប់ បើកចំហ មានតម្លាភាព បរិយាប័ន្ន និងមិនរើសអើង។
គំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ រួមជាមួយនឹងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន នឹងជួយកម្ពុជាឲ្យសម្រេចបាន នូវគោលដៅប្រកបដោយមហិច្ឆតា របស់ខ្លួនក្នុងការក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ ២០៥០។
លើសពីនេះ ដោយសារឆ្នាំ២០២៥ ត្រូវបានប្រកាសជាឆ្នាំទេសចរណ៍កម្ពុជា-ចិននេះ ត្រូវបានគេរំពឹងថា នឹងចាក់បញ្ចូល កម្លាំងជំរុញថ្មីទៅក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ វប្បធម៌ និងការផ្លាស់ប្តូរប្រជាជនទៅប្រជាជន។
យន្តការកិច្ចសហប្រតិបត្តិការទាំងនេះបានដើរតួនាទី និងបន្តដើរតួនាទីយ៉ាងសំខាន់ ក្នុងការកសាងសហគមន៍វាសនារួមកម្ពុជា-ចិនគ្រប់រដូវកាល ក្នុងយុគសម័យថ្មី ប្រកបដោយសន្តិភាព សុវត្ថិភាព និងវិបុលភាព ភាពស្រស់ស្អាត និងមិត្តភាព។
សរុបសេចក្តីមក ការកសាងសហគមន៍វាសនារួមកម្ពុជា-ចិនគ្រប់រដូវកាល ក្នុងយុគសម័យថ្មី គឺជាគោលគំនិតឈ្នះ ឈ្នះ ផ្តល់ផលប្រយោជន៍ដល់ប្រទេស និងប្រជាជនទាំងពីរ និងរួមចំណែកក្នុងការលើកកម្ពស់សន្តិភាព សន្តិសុខ ស្ថិរភាព ការអភិវឌ្ឍន៍ និងវិបុលភាពក្នុងតំបន់។
វាឆ្លុះបញ្ចាំងពីទំនុកចិត្តផ្នែកនយោបាយកាន់តែស៊ីជម្រៅ កិច្ចសហប្រតិបត្តិការផ្តល់ផលប្រយោជន៍ទៅវិញទៅមកប្រកបដោយ គុណភាពខ្ពស់ កិច្ចសហការផ្នែកសន្តិសុខកាន់តែរឹងមាំ និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជនកាន់តែសម្បូរបែប៕






