អង្គគណៈរដ្ឋមន្រ្តី អនុម័តទាំងស្រុងលើ «សេចក្តីព្រាងច្បាប់ ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤» (Video inside)
24-10-2025 17:10
(ភ្នំពេញ)៖ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥នេះ បានអនុម័តទាំងស្រុងលើ «សេចក្តីព្រាងច្បាប់ ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤»។
តាមសេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥នេះ បានឲ្យដឹងថា សេចក្តីព្រាងច្បាប់ ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤ មានដូចខាងក្រោម៖
សេចក្តីព្រាងច្បាប់នេះ មាន ៥ជំពូក និង ២៩មាត្រា ដោយបង្ហាញពីលទ្ធផល នៃការអនុវត្តច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤ ស្របតាមការកំណត់ ក្នុងច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ ដែលប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០៣២៣/០០១ ចុះថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣។
ថវិកាឆ្នាំ២០២៤ ត្រូវបានគិតគូរ និងរៀបចំឡើង ដើម្បីតម្រង់ធនធានឆ្ពោះទៅ បន្តការពារអាយុជីវិត រក្សាលំនឹងជីវភាព ការងារ និងប្រាក់ចំណូលរបស់ប្រជាជន ក៏ដូចជាការបន្តនិរន្តរភាព នៃប្រតិបត្តិការរបស់រដ្ឋ និងការគាំទ្រដល់ការអនុវត្ត ឱ្យចេញជាលទ្ធផលជាក់ស្តែង ប្រកបដោយប្រសិទ្ធភាព នូវគោលដៅសំខាន់ នៃកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ដែលត្រូវបានកំណត់ នៅក្នុងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១។
សេដ្ឋកិច្ចកម្ពុជា ក្នុងឆ្នាំ២០២៤ ត្រូវបានវាយតម្លៃថា សម្រេចបាននូវកំណើនក្នុងអត្រា ៦.០% លទ្ធផលអនុវត្តជាក់ស្តែងនៃសូចនាករម៉ាក្រូសេដ្ឋកិច្ចសំខាន់ៗផ្សេងទៀត សម្រេចបានល្អ រួមមាន៖ ១. ផ.ស.ស. សម្រាប់មនុស្សម្នាក់សម្រេចបានរហូតដល់ ២ ៦៧៥ដុល្លារអាម៉េរិក ២. អតិផរណារក្សាបានស្ថិរភាពក្នុងអត្រា ០.៨% និង ៣. អត្រាប្តូរប្រាក់រៀល មានស្ថិរភាពជាមធ្យម ៤ ០៧០រៀល ក្នុងមួយដុល្លារអាម៉េរិក។
នៅក្នុងឆ្នាំ២០២៤ ចំណូលថវិការដ្ឋអនុវត្តបានចំនួន ២៩ ៩៥៩ ៦៨៥.៩លានរៀល ត្រូវជា ១៥.៨៧%នៃ ផ.ស.ស. ហើយស្មើនឹង ៩១.៧% នៃច្បាប់ហិរញ្ញវត្ថុ។ ទន្ទឹមនេះ ការចំណាយថវិការដ្ឋអនុវត្តបានចំនួន ៣២ ៨៣៥ ៧៣៥.១លានរៀល ត្រូវជា ១៧.៣៩% នៃ ផ.ស.ស. ហើយស្មើនឹង ៩០.៤% នៃច្បាប់ហិរញ្ញវត្ថុ។
ជារួម ការអនុវត្តថវិកាឆ្នាំ២០២៤ នៅតែអាចសម្រេចបាននូវសមិទ្ធផលសំខាន់ៗ ដូចការគ្រោងទុកក្នុងច្បាប់ហិរញ្ញវត្ថុ ដែលសបញ្ជាក់ថា ថវិកាឆ្នាំ២០២៤ បានដើរតួជាឧបករណ៍ គោលនយោបាយរបស់រាជរដ្ឋាភិបាល ប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាពក្នុងការរក្សាបាននូវលំនឹងសេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាជនលើកកម្ពស់សមធម៌ និងបន្តជំរុញការអភិវឌ្ឍសង្គម ដើម្បីឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ក្លាយជាប្រទេសមានចំណូលខ្ពស់៕




