FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ រៀបចំពិព័រណ៍មិនអចិន្ត្រៃយ៍ស្តីពី៖ ការផលិត និងប្រើប្រាស់កុលាលភាជន៍ នៅតំបន់អង្គរ រយៈពេល២ខែ

24-10-2025 15:14

(សៀមរាប)៖ សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ សហការជាមួយនាយកដ្ឋានស្រាវជ្រាវបណ្តុះបណ្តាល និងផ្សព្វផ្សាយ នៃអាជ្ញាធរជាតិអប្សរា បានរៀបចំពិព័រណ៍មិនអចិន្ត្រៃយ៍មួយស្តីពី៖ ការផលិត និងប្រើប្រាស់កុលាលភាជន៍ នៅតំបន់អង្គរ ជូនសាធារណជន បានទស្សនា និងសិក្សាស្រាវជ្រាវ មានរយៈពេល២ខែ ចាប់តាំងថ្ងៃទី២៣ ខែតុលា រហូតដល់ចុងខែធ្នូ ឆ្នាំ២០២៥។

លោក ឆាយ រចនា ប្រធានការិយាល័យសិក្សាកុលាលភាជន៍អង្គរ នៃនាយកដ្ឋានស្រាវជ្រាវបណ្តុះបណ្តាល និងផ្សព្វផ្សាយ បានឱ្យដឹងថា កុលាលភាជន៍ប្រមាណ២០ប្រភេទ ដែលផលិតនាសម័យអង្គរ ជាពិសេសនៅចុងសតវត្សរ៍ទី៩ រហូតដល់សតវត្សរ៍ទី១៤ ជាប្រភេទកុលាលភាជន៍ រួមមាន៖ ក្រឡ ផើង ក្អម ដន្លាប់ ចាន ពែង ខួច និងការផលិតក្បឿងជាដើម ដែលមនុស្សសម័យបុរាណ តែងប្រើប្រាស់ប្រចាំថ្ងៃដោយកុលាលភាជន៍ទាំងនោះ ភាគច្រើនមានប្រភពមកពីស្ថានីយ៍ផលិតភាជន៍ថ្នល់ម្រេចភ្នំគូលែន និងស្ថានីយ៍ផលិតភាជន៍សសី។

លោកបន្តថា ពិព័រណ៍មិនអចិន្ត្រៃយ៍នេះ មានគោលបំណងចង់ឱ្យសាធារណជន បានយល់ដឹងពីឧស្សាហកម្មកុលាលភាជន៍នៅក្នុងសង្គមខ្មែរ មានការរីកចម្រើនខ្លាំង។ បើទោះបីសម័យអង្គរ មានទំនាក់ទំនងជាមួយអន្តរជាតិយ៉ាងណាក៏ដោយ ក៏បុព្វបុរសខ្មែរនៅតែផលិតសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ មិនពឹងផ្អែកលើការនាំចូលឡើយ។
ទាំងនេះ បង្ហាញថា នៅក្នុងអរិយធម៌ខ្មែរនាសម័យបុរាណកុលាលភាជន៍ ក្រៅពីប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ នៅក្នុងព្រះបរមរាជវាំងរហូតដល់ប្រជាពលរដ្ឋធម្មតាប៉ុណ្ណោះទេ សូម្បីកិច្ចពិធីគោរពបូជាផ្សេងៗ ឬសម្រាប់រក្សាទុកអធិធាតុរបស់បុព្វការីជនជាដើម។

លោកស្រី ឌី ដារី មន្ត្រីផ្នែករដ្ឋបាលរបស់សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ បានបញ្ជាក់ថា ពិព័រណ៍មិនអចិន្ត្រៃយ៍ រយៈពេល២ខែ ចាប់ផ្តើមថ្ងៃទី២៣ ខែតុលា រហូតដល់ចុងខែធ្នូ ឆ្នាំ២០២៥ បានតាំងបង្ហាញក្នុងសាលជាន់ទី១របស់សារមន្ទីរ។

ក្រៅពីនោះ អ្នកទេសចរក៍អាចដើរទស្សនាពិព័រណ៍ធំៗ ជាពិព័រណ៍អចិន្ត្រៃយ៍ ពិព័រណ៍មិនអចិន្ត្រៃយ៍ និងវត្ថុបុរាណរាប់រយប្រភេទទៀត ដែលបានអភិរក្ស ថែរក្សាទុកនៅក្នុងសារមន្ទីរ។ បន្ថែមពីនេះ ក៏មានមគ្គុទ្ទេសក៏ទេសចរណ៍ របស់សារមន្ទីរធ្វើបទបង្ហាញ ជូនតាមសាលពិព័រណ៍នីមួយៗផងដែរ។

លោកស្រី ឌី ដារី បានអំពាវនាវសាធារណជន និងភ្ញៀវទេសចរសូមអញ្ជើញមកទស្សនា និងស្វែងយល់បន្ថែមពីសម្បត្តិបេតិកភណ្ឌនាសម័យបុរេប្រវត្តិ សម័យអង្គរ និងក្រោយសម័យអង្គរ ដែលរួមមាន៖ទាំងវត្ថុសិល្បៈ និងពិព័រណ៍កុលាលភាជន៍ នៅសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ។

សូមជម្រាបថា សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ មានទីតាំងក្នុងភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប។ សារមន្ទីរបើកឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលទស្សនាចាប់ពីថ្ងៃអង្គារ ដល់ថ្ងៃអាទិត្យ វេលាម៉ោង៨៖៣០នាទីព្រឹក ដល់ម៉ោង៤៖៣០ល្ងាច៕