ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ទាក់ទាញក្រុមហ៊ុនដ៏ធំមួយរបស់ចិន ដើម្បីវិនិយោគគម្រោងរោងចក្រផលិតចំណីសត្វនៅខេត្តកំពង់ធំ, ជាជំហានដំបូង ក្រុមហ៊ុនមានគោលដៅផលិតចំណីសត្វរហូតដល់១០លានតោន ក្នុងមួយឆ្នាំ
23-10-2025 17:09
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ បានជួបពិភាក្សាការងារ ជាមួយ លោក Chen Hai Hua នាយកគ្រប់គ្រងពាណិជ្ជកម្មក្រៅប្រទេសនៃក្រុមហ៊ុន New Hope Liuhe Co. Ltd ដើម្បីជំរុញការវិនិយោគលើវិស័យផលិតចំណីសត្វ ដែលជាផ្នែកយ៉ាងសំខាន់នៃខ្សែច្រវាក់ផលិតកម្មចំណីអាហារ ក្នុងខេត្តកំពង់ធំ ក្នុងគោលដៅទាក់ទាញវិនិយោគិន លើកកម្ពស់ផលិតភាពនិងគុណភាពផលិតផលចំណីអាហារ និងជាពិសេសបង្កើតការងារជូនប្រជាពលរដ្ឋ និងពង្រឹងមូលដ្ឋានសេដ្ឋកិច្ចរបស់ខេត្ត។
គួរបញ្ជាក់ថា ក្រុមហ៊ុន New Hope Liuhe Co. Ltd គឺជាក្រុមហ៊ុនផលិតចំណីសត្វដ៏ធំមួយមកពីប្រទេសចិន ហើយក៏ស្ថិតនៅក្នុងចំណោមក្រុមហ៊ុនផលិតចំណីអាហាររួមមាន៖ សាច់ ស៊ុត និងទឹកដោះគោធំជាងគេក្នុងប្រទេសចិន ផងដែរ។
ក្រុមហ៊ុននេះក៏មានការទទួលស្គាល់ជាអន្តរជាតិ ដោយមានអាជីវកម្មសរុបចំនួនប្រមាណ ៦០០ទីតាំង នៅក្នុងប្រទេសចំនួន ៣៤ផ្សេងទៀត ទាំងនៅក្នុងទ្វីបអាស៊ី ទ្វីបអ៊ឺរ៉ុប ទ្វីបអាហ្វ្រិក និងទ្វីបអាម៉េរិក ហើយក្រុមហ៊ុននេះផលិត ចំណីសត្វ រហូតដល់ទៅប្រមាណ ២.៨៤៨លានតោនក្នុងមួយឆ្នាំ។
បច្ចុប្បន្ន ក្រុមហ៊ុននេះមានបុគ្គលិកទូទាំងពិភពលោករហូតដល់ទៅប្រមាណ ១០ម៉ឺននាក់ ដែលក្នុងនោះ ៩៤%គឺជាប្រជាជននៅតាមមូលដ្ឋាន ដែលទទួលបានការបណ្តុះបណ្តាលដោយផ្ទាល់អំពីបច្ចេកទេស និងការប្រើប្រាស់ បច្ចេកវិទ្យាក្នុងការផលិតចំណីសត្វ។
ជាជំហានដំបូងសម្រាប់ប្រទេសកម្ពុជា ក្រុមហ៊ុន New Hope Liuhe Co. Ltd មានគោលដៅផលិតចំណីសត្វរហូតដល់ទៅប្រមាណ ១០លានតោនក្នុងមួយឆ្នាំ ហើយនឹងដាក់ទុនវិនិយោគបន្ថែមទៀតជាបន្តបន្ទាប់ ដែលនឹងបង្កើតជាឱកាសការងារជូនប្រជាជន និងលើកកម្ពស់វិស័យចិញ្ចឹមសត្វ និងផលិតចំណីអាហារក្នុងខេត្តកំពង់ធំ៕












