ក្រុមប្រតិបត្តិការទី៤ នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ រាយការណ៍ជូនអភិបាលខេត្តស្វាយរៀង អំពីវឌ្ឍនភាពការត្រួតពិនិត្យវត្តមានស្នាក់នៅរបស់ជនបរទេស
23-10-2025 15:15
(ស្វាយរៀង)៖ លោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ បានទទួលជួបសម្ដែងការគួរសម និងស្ដាប់នូវរបាយការណ៍អំពីវឌ្ឍនភាព ការត្រួតពិនិត្យវត្តមានស្នាក់នៅរបស់ជនបរទេស ដែលរាយការណ៍ដោយលោកឧត្តមសេនីយ៍ឯក សុវណ្ណា ពិសាខា អគ្គនាយករងអន្តោប្រវេសន៍ និងជាប្រធានក្រុមប្រតិបត្តិការទី៤ (ខេត្តព្រៃវែង ខេត្តស្វាយរៀង ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប) តំណាងលោកឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍។
កិច្ចក្នុងនោះ ក៏មានការចូលរួមពី លោកឧត្តមសេនីយ៍ឯក ហាស់ ម៉េងឡុង, លោក ទូច សម្បត្តិ, លោក ផាន់ រតនៈ អគ្គនាយករងអន្តោប្រវេសន៍ និងជាអនុប្រធានក្រុមប្រតិបត្តិការទី៤ និងសមាជិក្រុមប្រតិបត្តិការទី៤ ខេត្តស្វាយរៀង។
ក្នុងជំនួបសម្តែងការគួរសម និងគោរពរាយការណ៍នេះ លោកឧត្តមសេនីយ៍ឯក សុវណ្ណា ពិសាខា បានគោរពរាយការណ៍ អំពីវឌ្ឍនភាពការងារ បញ្ហាប្រឈម និងសំណូមពរ នៃការអនុវត្តផែនការលេខ ០០៣ផក ចាប់ពីឆ្នាំ២០២៤ ដល់ខែតុលា ឆ្នាំ២០២៥ ក្នុងភូមិសាស្រ្តខេត្តស្វាយរៀង និងអំពីនិយាមប្រតិបត្តិលេខ០០១ នយប/គបដ ចុះថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ របស់គណៈបញ្ជាការដឹកនាំរួម ស្តីពីការចុះត្រួតពិនិត្យវត្តមានជនបរទេសនៅតាមសណ្ឋាគារ ព្រមទាំងគោរពស្នើសុំគោលការណ៍អនុញ្ញាត បន្តសហការជាមួយក្រុមប្រតិបត្តិការខេត្ត ដើម្បីបន្តចុះអនុវត្តការត្រួតពិនិត្យវត្តមានស្នាក់នៅរបស់ជនបរទេស តាមបណ្តាសណ្ឋាគារ និងផ្ទះសំណាក់នៅក្នុងភូមិសាស្រ្តខេត្ត៕







