FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ឃឹម ហ្វីណង់៖ កម្ពុជា ស្នើភាគីចិន ពន្លឿននីតិវិធីត្រួតពិនិត្យក្របខណ្ឌអនាម័យ និងភូតគាមអនាម័យ (SPS) ដែលប្រើរយៈពេលខ្លីជាងមុន (Video inside)

23-10-2025 14:58

(ភ្នំពេញ)៖ លោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា កម្ពុជាបានស្នើឱ្យភាគីចិន ពន្លឿននីតិវិធីត្រួតពិនិត្យក្របខណ្ឌអនាម័យ និងភូតគាមអនាម័យ (SPS) ដែលប្រើរយៈពេលខ្លីជាងមុន ខណៈភាគីចិនឯកភាពសម្របសម្រួលកិច្ចការនេះផងដែរ។

អ្នកនាំំពាក្យរូបនេះ បានលើកឡើងថា ជាទូទៅក្នុងការធ្វើពាណិជ្ជកម្ម គឺមានការចរចារកម្រិតពាណិជ្ជកម្ម គឺយើងគ្រប់គ្រាន់ហើយ ដោយឡែកនៅពេលដែលយើងនិយាយអំពីកសិផល គឺមានការគិតលើសុវត្ថិភាពចំណីអាហារ ពីព្រោះជាធម្មតាកសិផលនាំចេញ គេយកទៅហូបគេយកទៅប្រើប្រាស់ក្នុងប្រទេសរបស់គេ អីចឹងយើងត្រូវធានាឱ្យបានថា «អ្វីដែលនាំចូលទៅកាន់ប្រទេសរបស់គេ គោរពទៅតាមស្ដង់ដារនៃច្បាប់របស់ប្រទេសគេ»។

លោកបានបន្តថា ទោះបីជាកម្ពុជា-ចិន មានកិច្ចព្រមព្រៀងទ្វេភាគីពាក់ព័ន្ធនឹងការធ្វើពាណិជ្ជកម្មសេរីក៏ដោយ តែយើងតម្រូវឱ្យមានការចរចារបើកទីផ្សារនូវក្របខណ្ឌអនាម័យ និងភូតគាមអនាម័យ (SPS) ជារឿងចាំបាច់បំផុត ហើយមិនមែនចរចារតែម្ដងចប់នោះទេ គឺកសិផលមួយមុខចរចាម្ដង។ ករណីដែលយើងចង់នាំចេញទៅចិន១០មុខ យើងត្រូវធ្វើការចរចា១០ដង។ ក៏ប៉ុន្តែមិនទាំងអស់នោះទេ ចំពោះកសិផលណាដែលគេចាត់ទុកថា មានហានិភ័យខ្ពស់ គឺត្រូវធ្វើការត្រួតពិនិត្យ អនុលោមទៅតាមក្របខណ្ឌអនាម័យ និងភូតគាមអនាម័យ (SPS)ឱ្យបាន។

ភាពមិនស៊ីគ្នានៃប្រព័ន្ធការងារ នៅតែជាកត្តារាំងស្ទះបន្ដិចបន្ដួចក្នុងការនាំយកកសិផលកម្ពុជាជាច្រើនមុខទៀតទៅកាន់ទីផ្សារប្រទេសចិន។ ទោះបីយ៉ាងនេះក្ដី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានខិតខំសម្របសម្រួលជាច្រើន ហើយក្នុងនោះកសិផលមួយចំនួនក៏បាននាំចេញទៅបាន ដូចជាចេកស្រស់ អង្ករ ដូង ស្វាយ មៀន និងថ្មីៗក៏មានការនាំចេញទុរេនផងដែរ។ នេះបើតាមការបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់រូបនេះដដែល។

បន្ថែមពីនេះ លោក ឃឹម ហ្វីណង់ បានគូសបញ្ជាក់ថា «ពាក់ព័ន្ធនឹងការចរចាក្របខណ្ឌភូតគាមអនាម័យ ខុសប្លែកគ្នាតែបន្ដិច ក៏យើងទាមទារឱ្យមានការចរចាថ្មីផងដែរ។ ឧទាហរណ៍ នៅពេលដែលយើងនិយាយពីអង្ករ ការចរចាបានបញ្ចប់ យើងអាចនាំចេញបាន.. តែបើនិយាយអង្ករសង្រូប តម្រូវឱ្យមានការចរចារថ្មីមួយទៀត»៕