ឃាត់ខ្លួនជនសង្ស័យ១៧នាក់ ពាក់ព័ន្ធគ្រឿងញៀន ដោយដកហូតថ្នាំញៀនជាង១គីឡូ
22-10-2025 17:51
(កោះកុង)៖ លោកវរសេនីយ៍ឯក នួន វុត្ថា មេបញ្ជាការរងទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើស បានដឹកនាំកម្លាំងការិយាល័យជំនាញ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តកោះកុង សហការជាមួយកម្លាំងស្នាក់ការ សន្តិសុខចាំយាម កម្លាំងមូលដ្ឋានក្រុងខេមរភូមិន្ទ កម្លាំងមូលដ្ឋានស្រុកបូទុមសាគរ និងពន្លាតដែនសមត្ថកិច្ចដែនដីទៅខេត្តព្រះសីហនុ បង្រ្កាបបទល្មើសជាក់ស្ដែងករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន ចំនួន៦គោលដៅ។
ការចុះប្រតិបត្ដិការនេះ ដោយមានការសម្របសម្រួលពីលោកស្រីព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកោះកុង និងលោកព្រះអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ និងដោយមានការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ត្រី តាំង ឈុនស្រេង មេបញ្ជាការកងរាជអាវុធហត្ថខេត្តកោះកុង ចាប់ពីថ្ងៃទី១៥-២២ ខែតុលា ឆ្នាំ២០២៥ ។
ក្នុងនោះ បានឃាត់ខ្លួនជនសង្ស័យចំនួន១៧នាក់ ស្រី ០៤នាក់ និងដកហូតវត្ថុតាងរួមមាន៖
* ម្សៅក្រាមសថ្លាសង្ស័យ ជាសារធាតុញៀនចំនួន ៤៩កញ្ចប់ ស្មើ១១១៨.៧២ក្រាម,
* កញ្ចប់សញ្ញាពណ៌ស រូបសេះពណ៌លឿង និងពណ៌ក្រហម ចំនួន២៨កញ្ចប់ ស្មើ១៣២.៤៦ក្រាម (ថ្លឹងទាំងសំបក),
* កញ្ឆាចំនួន ២កញ្ចប់ ស្មើ១១.៧៩ក្រាម (ថ្លឹងទាំងសំបក),
* ម៉ូតូចំនួន៧គ្រឿង, ទូរស័ព្ទដៃចំនួន ២៥គ្រឿង, អត្តសញ្ញាណប័ណ្ណចំនួន ៦សន្លឹក, ជញ្ជីងថ្លឹងថ្នាំញៀនចំនួន ២គ្រឿង, ដាវចំនួន២ដើម, ដែកឆាបចំនួន ២ដើម, កាំបិតចំនួន ២ដើម, កន្ដ្រៃចំនួន ២ដើម, នាឡិកាដៃចំនួន ៣គ្រឿង, កាបូបស្ពាយចំនួន ៤ និងសម្ភារៈវេចខ្ចប់ ប្រើប្រាស់គ្រឿងញៀនមួយចំនួន។
បច្ចុប្បន្នជនសង្ស័យ រួមនិងវត្ថុតាងកម្លាំងជំនាញកំពុងអនុវត្តតាមនីតិវិធី៕



