FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលខេត្តបាត់ដំបង ដឹកនាំកិច្ចប្រជុំក្រុមការងារ ចងក្រងខ្លឹមសារប្រវត្តិល្អាងនានា នៅរមណីយដ្ឋានភ្នំសំពៅ និងការរៀបចំសណ្ដាប់ធ្នាប់សាធារណៈនៅតាមក្រុង-ស្រុក

22-10-2025 16:01

(បាត់ដំបង)៖ លោក សុខ លូ អភិបាលខេត្តបាត់ដំបង នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំកិច្ចប្រជុំ ក្រុមការងារចងក្រងខ្លឹមសារប្រវត្តិល្អាងនានា នៅរមណីយដ្ឋានភ្នំសំពៅ ដើម្បីដាក់តាំងបង្ហាញផ្សព្វផ្សាយ ដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ក៏ដូចជាយុវជនជំនាន់ក្រោយ បានសិក្សាស្វែងយល់ពីប្រវត្តិជាក់លាក់ច្បាស់លាស់ សំដៅបង្កើនការទាក់ទាញភ្ញៀវទេសចរ ទៅទស្សនាកំសាន្ត ឱ្យបានច្រើនបន្ថែមទៀត។

កិច្ចប្រជុំនេះ បានឯកភាព និងសម្រេចទាំងស្រុង លើខ្លឹមសារប្រវត្តិល្អាងនានា ដើម្បីត្រៀមរៀបចំចារឹកឡើង សម្រាប់តាំងបង្ហាញ នៅរមណីយដ្ឋានប្រវត្តិសាស្រ្តភ្នំសំពៅ ផ្ទាល់តែម្ដងក្នុងពេលឆាប់ៗខាងមុខនេះ។

ក្នុងកិច្ចប្រជុំនេះ លោក សុខ លូ ក៏បានណែនាំអាជ្ញាធរក្រុង ស្រុក ត្រូវយកចិត្តទុកដាក់ក្នុងការរក្សាដីចំណីផ្លូវ និងរៀបចំសួនសាធារណៈ នៅតាមទីប្រជុំជន ដើម្បីឱ្យប្រជាពលរដ្ឋ ហាត់ប្រាណរក្សាសុខភាពរបស់ពួកគាត់។

ជាមួយគ្នានេះ លោក សុខ លូ បានដឹកនាំពិភាក្សា លើការរៀបចំសួនសុវត្ថិភាពចរាចរណ៍ សួនសាធារណៈ និងទីធ្លាសម្រាប់ពលរដ្ឋហាត់ប្រាណ រៀបចំផ្លូវដើរ និងសណ្ដាប់ធ្នាប់សាធារណៈ នៅបរិវេណផ្សារណាត់ ក្រុងបាត់ដំបងដែរ។

លោកអភិបាលខេត្ត ក៏បានដឹកនាំពិភាក្សា លើការរក្សាដីចំណីផ្លូវពីទីតាំងរង្វង់មូល «ព្រាបសន្តិភាព» រហូតដល់ផ្លូវជាតិលេខ៥ថ្មី និងពីរង្វង់មូលនាងរំសាយសក់ ទៅដល់ភ្នំសំពៅ ដើម្បីរៀបចំសណ្តាប់ធ្នាប់របៀបរៀបរយ សម្រួលដល់ការធ្វើដំណើរលើដងផ្លូវ និងលើកកម្ពស់សោភ័ណភាព នៅតាមទីប្រជុំជន៕