FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋមន្រ្តី៖ មនុស្សវ័យចាស់នៅកម្ពុជា បានទទួលអត្ថប្រយោជន៍ជាច្រើន ពីការអនុវត្តកម្មវិធីការងាររបស់ក្រសួងសង្គមកិច្ច

22-10-2025 14:40

(ភ្នំពេញ)៖ លោក ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានគណៈកម្មាធិការជាតិកម្ពុជា ដើម្បីមនុស្សចាស់ បានលើកឡើងថា មនុស្សវ័យចាស់នៅកម្ពុជាបានទទួលអត្ថប្រយោជន៍ជាច្រើន ពីការអនុវត្តកម្មវិធីការងារ របស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រសួង ស្ថាប័នពាក់ព័ន្ធ អង្គការមិនមែនរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍នានា តាមរយៈការអនុវត្ត និងការធ្វើបរិយាបន្នកម្មវិធីជាមួយនឹងមនុស្សវ័យចាស់។

មនុស្សវ័យចាស់ត្រូវបានយកចិត្តទុកដាក់តាមរយៈការបង្កើតឱ្យមានសមាគមមនុស្សចាស់នៅតាមឃុំ សង្កាត់ ចំនួន១,៦៤៦ ដែលមានសមាជិកសរុប ៣០២,៨៥៤នាក់ (ស្រី ១៥១,០២៣នាក់) ដោយមានកម្មវិធីថែទាំ សុខភាព ធនាគារស្រូវ និងបេឡាមរណសង្គ្រោះ សំដៅជួយសម្រួលទុក្ខលំបាក និងជួយគ្នាទៅវិញទៅមក នៅពេលមានធុរៈ។

មនុស្សវ័យចាស់ ដែលក្រីក្រគ្មានទីពឹង និងគ្មានទីជម្រកជាច្រើន ក៏ត្រូវបានផ្តល់ទីជម្រក យ៉ាងសមរម្យតាមរយៈការអនុវត្តគម្រោងនានា របស់រាជរដ្ឋាភិបាល សមាគមអតីយុទ្ធជន និងនិវត្តជន កម្ពុជា ក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋាន អង្គការដៃគូរ និងសម្បុរសជននានា។

រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច បានលើកឡើងបែបនេះខណៈលោកអញ្ជើញចូលរួមខួបលើកទី២៧ ទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ថ្ងៃទី១ ខែតុលា ឆ្នាំ២០ ឆ្នាំ២០២៥ ក្រោមប្រធានបទ «វ័យចាស់ដោយសេចក្តីថ្លៃថ្នូរ» រៀបចំធ្វើនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងសង្គមកិច្ច។

រដ្ឋមន្ត្រី ជា សុមេធី បានបន្ថែមថា តាមរយៈទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិថ្ងៃទី១ ខែតុលា ដ៏មានអត្ថន័យនេះ ក្នុងនាមក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងគណៈកម្មាធិការជាតិកម្ពុជាដើម្បីមនុស្ស ចាស់ ខ្ញុំសូមសំណូមពរ លើកិច្ចការសំខាន់ៗមួយចំនួនដូចខាងក្រោម៖

១៖ បន្តជំរុញរៀបចំទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិថ្ងៃទី១ ខែតុលាជារៀងរាល់ ឆ្នាំទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ

២៖ បន្តពង្រឹងពង្រីកសមាគមមនុស្សចាស់នៅតាមសហគមន៍ ឃុំ សង្កាត់ និងលើកទឹកចិត្តអោយមាន ការអប់រំបណ្តុះបណ្តាលបង្កើនចំណេះដឹងអំពីផលប៉ះពាល់នៃបម្រែបម្រួលអាកាសធាតុ និងការបណ្តុះ បណ្តាល ផ្សព្វផ្សាយអំពីការត្រៀមខ្លួនឈានចូលវ័យចាស់ ជូនដល់សហគមន៍នៅមូលដ្ឋាន

៣៖ ផ្តល់ការលើកទឹកចិត្តដល់អង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិ ជាពិសេសអង្គការមនុស្ស ចាស់កម្ពុជា និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ ដើម្បីបន្តអនុវត្តគម្រោងនានាក្នុងទិសដៅលើកស្ទួយ សុខុមាលភាព និងសកម្មភាពរបស់មនុស្សចាស់នៅតាមសហគមន៍

៤៖ ជំរុញនិងលើកទឹកចិត្តដល់អង្គការមិនមែនរដ្ឋាភិបាលជាតិ អន្តរជាតិ និងវិស័យឯកជន ក្នុងការ បង្កើតមជ្ឈមណ្ឌលថែទាំមនុស្សចាស់ជរាគ្មានទីពឹង ដើម្បីផ្តល់សេវាថែទាំមនុស្សចាស់ ប្រកបដោយ ជំនាញវិជ្ជាជីវៈត្រឹមត្រូវ

៥៖ លើកទឹកចិត្តមនុស្សចាស់សកម្ម ឬមនុស្សចាស់ដែលនៅមានផលិតភាពការងារ នៅមានសុខភាព ល្អ ឱ្យបន្តចូលរួមចំណែក តាមរយៈការងារក្នុងប្រព័ន្ធ ការងារគ្មានប្រាក់ឈ្នួល និងការចូលរួមក្នុងសង្គម

៦៖ សូមអង្គពិធីទាំងមូល ជាពិសេស លោកតា លោកយាយ ព្រឹទ្ធាចារ្យ អ៊ំ ពូ មា មីងទាំងអស់ សូមមេត្តាយកចិត្តទុកដាក់ថែទាំសុខភាព និងធ្វើការពិនិត្យតាមដានសុខភាពជាទៀងទាត់ ដើម្បីរក្សាបាន នូវសុខភាពមាំមួន ជៀសផុតពីជំងឺតម្កាត់ និងមានអាយុយឺនយូរ បន្តធ្វើជាម្លប់ ជារៀមច្បង និងជាត្រីវិស័យ តម្រង់ទិសសម្រាប់កូនចៅ និងធនធានមនុស្សជំនាន់ក្រោយ។

គួរបញ្ជាក់ថា ទិវាមនុស្សចាស់កម្ពុជា នឹងទិវាមនុស្សចាស់អន្តរជាតិថ្ងៃទី១ ខែតុលា ត្រូវបានប្រារព្ធឡើងជារៀង រាល់ឆ្នាំ ក្នុងគោលបំណងលើកកម្ពស់កិច្ចគាំពារដ៏មានប្រសិទ្ធភាព សំដៅលើកស្ទួយសុខុមាលភាព មនុស្សចាស់ឱ្យកាន់តែប្រសើរឡើង ហើយទិវានេះក៏បង្ហាញឱ្យឃើញអំពីតួនាទីដ៏សំខាន់របស់មនុស្ស វ័យចាស់និងបុព្វការីជនក្នុងសង្គមជាតិផងដែរ៕