FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ជំនួបជាមួយឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល, ប្រធានក្រុមប្រឹក្សាភិបាលស្ថាប័ន Asia Bridge ប្តេជ្ញាពាំនាំចំនុចវិជ្ជមាន និងសក្តានុពលរបស់កម្ពុជាទៅផ្សព្វផ្សាយនៅក្នុងសហគមន៍ធុរកិច្ច និងពាណិជ្ជកម្មអន្តរជាតិ

22-10-2025 11:47

(ភ្នំពេញ)៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥នេះ បានអនុញ្ញាតជូនលោក Andreas Scheuer ប្រធានក្រុមប្រឹក្សាភិបាលស្ថាប័ន Asia Bridge និងជាអតីតរដ្ឋមន្ត្រីសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ទទួលបន្ទុកវិស័យដឹកជញ្ជូន និងហេដ្ឋារចនាសម្ព័ន្ធឌីជីថល ចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ ក្រោមកិច្ចសម្របសម្រួលពីសំណាក់លោក Stefan Messerer ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាព នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំកម្ពុជា។

ជំនួបនាព្រឹកនេះ បានប្រព្រឹត្តទៅក្រោមបរិយាកាសរីករាយស្និទ្ធស្នាល ដោយស្ថិតនៅក្នុងក្របខណ្ឌនៃបេសកកម្មរបស់ស្ថាប័ន Asia Bridge ក្នុងការពង្រឹងទំនាក់ទំនង និងស្វែងរកកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសនៅអាស៊ី ហើយកម្ពុជា គឺជាគោលដៅលេចធ្លោមួយដែលទទួលបានការចាប់អារម្មណ៍។ ក្នុងនោះដែរលោកឧបនាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាភិបាល បានពិភាក្សាផ្លាស់ប្តូរយោបល់ពាក់ព័ន្ធនឹង បទពិសោធន៍ការងារកន្លងមក, បរិយាកាសវិនិយោគនៅកម្ពុជា, ពិពិធកម្មសេដ្ឋកិច្ច និងគោលដៅវិនិយោគ, ពាណិជ្ជកម្មអន្តរជាតិ, ការអភិវឌ្ឍលើវិស័យហេដ្ឋារចនាសម្ព័ន្ធ និងបច្ចេកវិទ្យាឌីជីថល។

បន្ថែមពីនោះលោកឧបនាយករដ្ឋមន្ត្រី ក៏បានជម្រាបបន្ថែមអំពីការបំបែកកំណត់ត្រាការអនុម័តគម្រោងវិនិយោគក្នុងឆ្នាំ២០២៤ និងការឈានទៅបំបែកកំណត់ត្រាសារជាថ្មីម្តងទៀតក្នុងឆ្នាំ២០២៥ ដែលលទ្ធផលនេះបានបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់ ក្នុងការលើកកម្ពស់បរិយាកាសវិនិយោគនៅកម្ពុជា ឱ្យកាន់តែមានភាពអំណោយផល និងជាទីទុកចិត្តសម្រាប់ការវិនិយោគដោយផ្ទាល់ពីបរទេស។

ជាមួយគ្នានេះលោកប្រធានក្រុមប្រឹក្សាភិបាល បានសម្តែងនូវការកត់សម្គាល់ខ្ពស់ចំពោះកំណែទម្រង់នានាដែលនាំឱ្យកម្ពុជាមានការផ្លាស់ប្តូរមុខមាត់ក្នុងរយៈពេលចុងក្រោយ ព្រមទាំងបានសម្តែងនូវការកោតសសើរខ្ពស់ចំពោះចក្ខុវិស័យ និងឆន្ទៈយ៉ាងមោះមុតរបស់លោកឧបនាយករដ្ឋមន្ត្រី ក្នុងការជំរុញកម្ពុជាជាមួយនឹង ចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ជាប្រទេសដែលមានចំណូលខ្ពស់។ លោកប្រធានបានបង្ហាញនូវការតាំងចិត្តក្នុងការពាំនាំអំពីចំនុចវិជ្ជមាន និងសក្តានុពលនានារបស់កម្ពុជាដែលលោកបានស្វែងយល់ក្នុងទស្សនកិច្ចនេះ ទៅផ្សព្វផ្សាយបន្តនៅក្នុងសហគមន៍ធុរកិច្ច និងពាណិជ្ជកម្ម ដែលមានទំនាក់ទំនងជាមួយស្ថាប័ន Asia Bridge ផងដែរ។

ឆ្លងកាត់ការពិភាក្សាផ្លាស់ប្តូរយោបល់នាឱកាសនេះលោកឧបនាយករដ្ឋមន្ត្រី និងលោកប្រធានក្រុមប្រឹក្សាភិបាល សង្ឃឹមយ៉ាងមុតមាំថា ទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងអាល្លឺម៉ង់ កាន់តែប្រសើរឡើងនាពេលអនាគត។

សូមជម្រាបដែរថា ស្ថាប័ន Asia Bridge មានឈ្មោះពេញជាផ្លូវការគឺ Asienbrücke e.V. – Euro-Asian-Initiative ត្រូវបានបង្កើតឡើងនៅទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់ ក្នុងខែកញ្ញា ឆ្នាំ២០១៩។ ស្ថាប័ននេះមានគោលដៅចម្បង ផ្តោតលើការពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសអាល្លឺម៉ង់ (និងសហភាពអឺរ៉ុប) ជាមួយតំបន់អាស៊ីប៉ាស៊ីហ្វិក៕