កម្លាំងនគរបាលខេត្តព្រះសីហនុ ដាក់គោលដៅត្រួតពិនិត្យរកអាវុធគ្រឿងផ្ទុះ ដើម្បីបង្ការទប់ស្កាត់ និងធានាសុវត្ថិភាពខ្ពស់ជូនពលរដ្ឋ និងភ្ញៀវទេសចរណ៍ (Video inside)
21-10-2025 17:20
(ព្រះសីហនុ)៖ នគរបាលខេត្តព្រះសីហនុ បានបន្តដាក់គោលដៅត្រួតពិនិត្យរកអាវុធគ្រឿងផ្ទុះលើយានយន្តគ្រប់ប្រភេទធ្វើដូចភ្លៀងរលឹម ក្នុងគោលបំណងដើម្បីបង្ការទប់ស្កាត់ ដោយធានាសុវត្ថិភាពខ្ពស់ជូនពលរដ្ឋ និងភ្ញៀវទេសចរណ៍ក្នុងក្រុងព្រះសីហនុ។
ប្រតិបត្តិការនេះធ្វើឡើងនាយប់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ដោយអនុវត្តតាមអនុសាសន៍របស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងក្រោមការដឹកនាំពីគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ និងមានចង្អុលបង្ហាញយកចិត្តទុកដាក់បន្ថែមពីសំណាក់ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្ត និងដឹកនាំបញ្ជាផ្ទាល់ដោយលោកឧត្តមសេនីយ៍ត្រី ឌិន លីក្រូ ស្នងការរងផែនការងារ គ្រប់គ្រងអាវុធគ្រឿងផ្ទុះ។
ឧត្តមសេនីយ៍ត្រី ឌិន លីក្រូ បានឲ្យដឹងថា កម្លាំងសមត្ថកិច្ចជំនាញ តែងតែដាក់គោលដៅចុះត្រួតពិនិត្យដូចភ្លៀងរលឹម គឺដើម្បីបង្ការទប់ស្កាត់បទល្មើសផ្សេងក្នុងភូមិសាស្ត្រក្រុងព្រះសីហនុ។ ខេត្តព្រះសីហនុយើងនេះទៀតសោត គឺជាតំបន់ទេសចរណ៍មួយមានទាំងភ្ញៀវជាតិ អន្តរជាតិ អ្នកវិនិយោគ ក្រុមហ៊ុនតូចធំជាច្រើន កំពុងចាប់អារម្មណ៍មកលើខេត្តមួយនេះ ដូច្នេះដើម្បីទាក់ទាញចំណុចទាំងអស់នេះបាន ពាក់ព័ន្ធហ្នឹងការការពារសន្តិសុខសណ្តាប់ធ្នាប់ គឺសំខាន់ខ្លាំងណាស់។
លោកបន្តថា ថ្នាក់ដឹកនាំខេត្តគ្រប់ជាន់ថ្នាក់ពិតជាបានយកចិត្តដាក់ខ្លាំងលើរឿងនេះ រហូតចាត់កម្លាំងសមត្ថកិច្ចជំនាញចុះពិនិត្យឆែកឆេរលើអ្នកធ្វើដំណើររាងរាល់ពេលយប់ និងបានសហការជាមួយកម្លាំងអាវុធហត្ថ ក្រុង-ខេត្តដើម្បី ពង្រឹងលើកិច្ចការងារនេះ។
សូមបញ្ជាក់ថា ក្នុងកំឡុងចុះត្រួតពិនិត្យ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ២នាក់ជាជាតិខ្មែរ និងបានឆែកឃើញអាវុធខ្លី១ដើម ក្នុងរថយន្តដែលពុំមានឯកសារបញ្ជាក់។ ករណីនេះ សមត្ថកិច្ចបាននាំខ្លួនជនសង្ស័យទាំង២ ទៅសាកសួរបន្ថែមនៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ៕

















