FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ជនជាតិចិនបុគ្គលិកកាស៊ីណូម្នាក់ ស្លាប់ពេលគេបញ្ជូនមកសង្គ្រោះនៅមន្ទីរពហុព្យាបាល «ថៃខាង ក្រុងបាវិត»

21-10-2025 16:35

(ស្វាយរៀង)៖ ជនជាតិចិនម្នាក់ បានស្លាប់នៅមន្ទីរពហុព្យាបាល «ថៃខាង ក្រុងបាវិត» ស្ថិតនៅក្នុងខេត្តស្វាយរៀង កាលពីវេលាយប់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥។ សពជនជាតិចិនរូបនេះ ត្រូវបានគេដឹកជញ្ជូនបន្តទៅកាន់រាជធានីភ្នំពេញ នៅរំលងអាធ្រាត្រឈានចូលថ្ងៃអង្គារ៍ ទី២១ ខែតុលា ឆ្នាំ២០២៥ ដើម្បីចាត់ចែងតាមនីតិវិធី។

ពាក់ព័ន្ធនឹងករណីស្លាប់ជនជាតិចិន នៅមន្ទីរពហុព្យាបាល «ថៃខាង ក្រុងបាវិត» លោកវេជ្ជបណ្ឌិត គុជ ស៊ីថា ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង បានថ្លែងប្រាប់ភ្នាក់ងារព័ត៌មានអង្គភាព Fresh News នៅរសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ថា ក្រោយទទួលព័ត៌មាននេះ លោកបានឲ្យក្រុមការងារចុះទៅសួរនាំ ធ្វើកំណត់ហេតុ។

លោកថា បុរសដែលជាជនជាតិចិននេះមានអាយុ៤៨ឆ្នាំ ជាបុគ្គលិកកាស៊ីណូ បានចូលមកព្យាបាលនៅមន្ទីរពហុព្យាបាល «ថៃខាង ក្រុងបាវិត» ជាមួយអាការៈសន្លប់ ដោយមានស្ថានភាពជំងឺធ្ងន់ធ្ងរ។ ក្រុមការងារក៏បានបញ្ជាក់ថា គាត់ចូលមកសម្រាកនៅមន្ទីរពហុព្យាបាលនេះ ក្រុមគ្រូពេទ្យបានពិនិត្យឃើញថា គ្មានជីពចរ និងសង្វាក់បេះដូងឡើយ។

នៅវេលាម៉ោង ១៣៖១៥នាទីយប់ ក្រុមគ្រូពេទ្យបានសង្គ្រោះដោយដាក់អុកស៊ីសែន និងចាក់ Adrenalin 3A និងធ្វើចលនាបេះដូង ប៉ុន្តែមិនអាចជួយសង្គ្រោះបាននោះទេ ហើយបានស្លាប់នៅវេលាម៉ោង១៤យប់តែម្ដង។

តាមការសន្និដ្ឋានរបស់ក្រុមការងារ បានបញ្ជាក់ថា អ្នកជំងឺស្លាប់ មុនពេលចូលមកព្យាបាលនៅមន្ទីរពហុព្យាបាលថៃខាង ក្រុងបាវិតនេះ។ សមត្ថកិច្ច គួរតែធ្វើការស្រាវជ្រាវបន្តទៀត ឲ្យបានលម្អិតថាតើជនរងគ្រោះស្លាប់ដោយសារអ្វី នៅកន្លែងធ្វើការ៕