មន្ត្រីជំនាញវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុប្រាប់ពីបាលី ៣ម៉ាត់ ជួយទប់ស្កាត់ការឆបោកប្រាក់តាមអនឡាញ (Video inside)
21-10-2025 16:20
(ភ្នំពេញ)៖ អ្នកជំនាញក្នុងវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុ បានកត់សម្គាល់ថា ការឆបោកប្រាក់តាមអនឡាញបានកើតឡើងច្រើនករណី និងធ្វើឡើងតាមច្រើនរូបភាព ប៉ុន្តែដើម្បីចៀសវាងពីការចាញ់បោកតាមអនឡាញ គួរចងចាំនូវពាក្យបាលី ៣ម៉ាត់គឺ កុំលោភ កុំលឿន និងកុំល។
តាមរយៈពាក្យបីម៉ាត់នេះ លោក ម៉ែន ភក្តី ប្រធាននាយកដ្ឋានកិច្ចការពារអតិថិនជន នៃធនាគារជាតិកម្ពុជា បានពន្យល់ថា ដើម្បីចៀសវាងពីការចាញ់បោកតាមអនឡាញ នៅពេលមានអ្នកណាម្នាក់ផ្ញើលីង គួរតែកុំសាកល្បងចុចចូល និងកុំងាយជឿតាមពាក្យល្បួង ដោយសារតែការទទួលបានផលប្រយោជន៍ ឬទទួលបានផលចំណេញលឿន។
ថ្លែងក្នុងសិក្ខាសាលាផ្សព្វផ្សាយ ស្តីពី «ការពង្រឹងចំណេះដឹងបច្ចេកវិទ្យាហិរញ្ញវត្ថុ សម្រាប់សហគ្រាសនៅកម្ពុជា» លោកបណ្ឌិត គង់ ម៉ារី រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល បានមានប្រសាសន៍ថា បច្ចុប្បន្ននេះ ការប្រើប្រាស់បច្ចេកវិទ្យាក្នុងការទូទាត់ គឺកាន់តែមានភាពងាយស្រួល ប៉ុន្តែវាក៏ប្រឈមមុខនឹងហានិភ័យផងដែរ។ ដូច្នេះហើយ ស្របជាមួយនឹងការរីកចម្រើននៃបច្ចេកវិទ្យាហិរញ្ញវត្ថុ ទាំងប្រជាពលរដ្ឋ និងម្ចាស់អាជីវកម្ម ត្រូវតែនាំគ្នាយល់ដឹង និងចាប់យកឱកាសនៃការប្រើប្រាស់បច្ចេកវិទ្យា។
លោកបានលើកឡើងថា ការឆបោកតាមអនឡាញ មានច្រើនរូបភាព ជាក់ស្តែងករណីខ្លះ ជនឆបោកបានបង្កើតគណនីហ្វេកប៊ុក ឬតេឡេក្រាម ហើយដាក់តំណភ្ជាប់ (Link) ដើម្បីឱ្យយើងចុចចូល ឬផ្សព្វផ្សាយពីការវិនិយោគផ្សេងៗ ដែលជាទាក់ទាញឬការល្បួងរបស់គេក្នុងការឈានទៅប្រព្រឹត្តអំពើឆបោក។ នេះ គឺជាហានិភ័យមួយដែលគួរតែមានការប្រុងប្រយ័ត្ន និងត្រូវយកចិត្តទុកដាក់ទាំងអស់គ្នា។
លោកបានកត់សម្គាល់ថា ការឆបោកតាមអនឡាញភាគច្រើន គឺមិនមែន គេចូលហេគគណនីធនាគារ និងលេខសម្ងាត់ (Password) របស់យើងបាននោះទេ ប៉ុន្តែគឺកើតពីការដែលយើងឱ្យគេល្បូង ផ្តល់លេខសម្ងាត់ឱ្យគេ ឬជឿតាមពាក្យអូសទាញរបស់គេ។
លោកបន្តថា «បច្ចុប្បន្ននេះ មានករណីឆបោកប្រាក់តាមអនឡាញច្រើន (Scam online) ដែលនឹងអាចទាញយើងទៅវិនិយោគខុសកន្លែង ឬក៏បាត់បង់នូវហិរញ្ញវត្ថុរបស់យើង។ រាល់ថ្ងៃនេះយើងឃើញនៅលើ Hot Line មាន Scam onlineច្រើនករណី មិនថានៅប្រទេសយើងទេ នៅសិង្ហាបុរីក៏មាន ជប៉ុនក៏មាន ហើយប្រទេសដែលរីកចម្រើនក៏នៅតែមានបញ្ហាហ្នឹង ដែលកើតចេញពីការឆបោកតាមអនឡាញ»៕





