នគរបាលខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធរក្សាទុកអាវុធដោយខុសច្បាប់ ក្នុងប្រតិបត្តិការដាក់គោលដៅត្រួតពិនិត្យរកអាវុធគ្រឿងផ្ទុះ
21-10-2025 10:12
(ព្រះសីហនុ)៖ កម្លាំងនគរបាលខេត្តព្រះសីហនុ បានសហការជាមួយគណៈបញ្ជាការឯកភាពខេត្ត ដាក់គោលដៅត្រួតពិនិត្យរកអាវុធគ្រឿងផ្ទុះ និងបង្ក្រាបបទល្មើសផ្សេងៗ ឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធរក្សាទុកអាវុធដោយខុសច្បាប់ (កាំភ្លើងខ្លី១ដើម) ក្នុងក្រុងព្រះសីហនុ។
ប្រតិបត្តិការនេះធ្វើឡើងនាយប់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ដោយអនុវត្តតាមអនុសាសន៍របស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងក្រោមការដឹកនាំពីគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ និងមានចង្អុលបង្ហាញពីសំណាក់ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្ត ដឹកនាំបញ្ជាផ្ទាល់ដោយ លោកឧត្តមសេនីយ៍ត្រី ឌិន លីក្រូ ស្នងការរងផែនការងារគ្រប់គ្រងអាវុធគ្រឿងផ្ទុះ។
ក្នុងកំឡុងចុះត្រួតពិនិត្យសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យ ២នាក់ ជាជាតិខ្មែរ ក្រោយសមត្ថកិច្ចឆែកឆេររកឃើញអាវុធខ្លី១ដើម ក្នុងរថយន្តរបស់ជនសង្ស័យ ហើយពុំមានឯកសារបញ្ជាក់។
ករណីនេះ សមត្ថកិច្ចបាននាំខ្លួនជនសង្ស័យទាំង២ ទៅសាកសួរបន្ថែមនៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ៕













