FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោកបណ្ឌិត យង់ ពៅ៖ កម្ពុជានៅក្នុងគោលនយោបាយការបរទេសនិងការទូត គឺដើម្បីថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ បូរណភាពទឹកដី និងសណ្តាប់ធ្នាប់សង្គម ដើម្បីលើកកម្ពស់សេចក្តីថ្លៃថ្នូររបស់មនុស្សជាតិ និងកាត់បន្ថយភាពក្រីក្រ

20-10-2025 17:40

(ភ្នំពេញ)៖ លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការ នៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា កម្ពុជានៅក្នុងគោលនយោបាយការបរទេសនិងការទូត គឺដើម្បីថែរក្សាសន្តិភាព សន្តិសុខ ស្ថិរភាពនយោបាយ អធិបតេយ្យ ឯករាជ្យ បូរណភាពទឹកដី និងសណ្តាប់ធ្នាប់សង្គម ដើម្បីលើកកម្ពស់សេចក្តី ថ្លៃថ្នូររបស់មនុស្សជាតិ និងវិបុលភាពសេដ្ឋកិច្ច និងដើម្បីកាត់បន្ថយភាពក្រីក្រ។

ការលើកឡើងបែបនេះរបស់ លោកបណ្ឌិត យង់ ពៅ បានធ្វើឡើងនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥នេះ នៅក្នុងវេទិកាទំនាក់ទំនងអន្តរជាតិលើកទី៤ ស្តីពី «គោលនយោបាយការបរទេសរបស់រដ្ឋតូច៖ ការទូតសន្តិភាពនិងការទូតបង្ការ»។ ដោយមានការចូលរួមពី លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជានៃរាជបណ្ឌិត្យសភាកម្ពុជា លោក លុយ អុងតិចធុង តំណាងមូលនិធិខុនរ៉ាដ អាដិណៅអ៊ែរ ប្រចាំកម្ពុជា តំណាងអង្គទូតបរទេស ព្រមទាំងថ្នាក់ដឹងនាំជាន់ខ្ពស់ និងសិស្សនិស្សិតជាច្រើនរូប។

លោកបណ្ឌិត យង់ ពៅ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «សម្រាប់កម្ពុជាក្នុងឋានៈជារដ្ឋតូច កម្ពុជាតែងបានប្រកាន់ខ្ជាប់នូវគោលនយោបាយ ការបរទេសអព្យាក្រឹត អចិន្ត្រៃយ៍ និងមិនចូលបក្សសម្ព័ន្ធ។ កម្ពុជាតែងប្រកាន់ខ្ជាប់ជានិច្ច នូវគោលការណ៍បញ្ចសីលាសន្តិសហវិជ្ជមានជាមួយប្រទេសជិតខាង និងជាមួយបណ្តា ប្រទេសទាំងអស់ទូទាំងពិភពលោក។ គោលបំណងដ៏ចម្បងរបស់កម្ពុជានៅក្នុងគោល នយោបាយការបរទេសនិងការទូត គឺដើម្បីថែរក្សាសន្តិភាព សន្តិសុខ ស្ថិរភាពនយោបាយ អធិបតេយ្យ ឯករាជ្យ បូរណភាពទឹកដី និងសណ្តាប់ធ្នាប់សង្គម ដើម្បីលើកកម្ពស់សេចក្តី ថ្លៃថ្នូររបស់មនុស្សជាតិ និងវិបុលភាពសេដ្ឋកិច្ច និងដើម្បីកាត់បន្ថយភាពក្រីក្រ»

លោកបណ្ឌិតបានបន្ដថា ចំពោះមុខនៃការប្រកួតប្រជែងឥទ្ធិពលភូមិសាស្ត្រនយោបាយទាំងក្នុងតំបន់ និងពិភពលោកឥតឈប់ឈរប្រកបដោយភាពស្មុគស្មាញ រដ្ឋធំៗហាក់កំពុងកំណត់ជោគ វាសនារបស់រដ្ឋតូចៗ តែទន្ទឹមនឹងនោះ រដ្ឋតូចៗក៏កំពុងធ្វើកិច្ចសហប្រតិបត្តិការពហុភាគី ដោយផ្អែកលើការធ្វើការទូតសន្តិភាពនិងការប្តេជ្ញាចិត្តយ៉ាងមុតមាំ ដើម្បីរក្សាសន្តិភាព ដែលជាឧបករណ៍ដ៏សំខាន់សម្រាប់ធានាអធិបតេយ្យ សន្តិសុខ និងវិបុលភាពរបស់ខ្លួន។ ការទូតសន្តិភាព (Peace Diplomacy) និងការទូតបង្ការ (Preventive Diplomacy) គឺជាយុទ្ធសាស្ត្រដ៏សំខាន់ដែលអាចជួយឱ្យរដ្ឋតូចៗទប់ស្កាត់ជម្លោះ មុន ពេលវាបង្កជាហានិភ័យ។ ការទូតសន្តិភាពនិងការទូតបង្ការ គឺផ្អែកលើការសន្ទនា ការ ពិគ្រោះយោបល់ ការសម្រុះសម្រួល ការកសាងទំនុកចិត្ត និងការគោរពច្បាប់អន្តរជាតិ។ ប្រទេសកម្ពុជាគឺជាឧទាហរណ៍ដ៏ច្បាស់នៃការប្រើប្រាស់ការទូតសន្តិភាពដែលជាឧបករណ៍ ដ៏សំខាន់ក្នុងការរក្សាសន្តិភាពក្នុងស្រុកនិងក្នុងតំបន់ ដោយផ្អែកលើការគោរពច្បាប់ អន្តរជាតិ និងភាពជាដៃគូសហការជិតស្និទ្ធក្នុងអាស៊ាន។

ក្នុងបរិបទនយោបាយនិងសន្តិសុខស្មុគស្មាញបែបនេះ លោកបណ្ឌិត យង់ ពៅ ក៏បានផ្ដល់នូវទស្សនៈផ្ទាល់ ខ្លួនមួយចំនួន សម្រាប់ជាទស្សនាទានការទូតសន្តិភាពនិងការទូតបង្ការរបស់រដ្ឋតូចៗរួមមាន៖
ទី១៖ ពង្រឹងសមត្ថភាពការទូតនិងលើកកម្ពស់ស្ថាប័នវិភាគយុទ្ធសាស្ត្រ ដើម្បីបង្កើនភាពធន់និងអាចបត់បែនតាមសភាពការណ៍នៃនិន្នាការសកល ដែលគ្រប់គ្រងភាគច្រើនដោយមហាអំណាច។
ទី២៖ ចូលរួមសកម្មក្នុងអង្គការអន្តរជាតិ និងតំបន់ក៏ដូចជាយន្តការនានារបស់ អង្គការ ដើម្បីអភិវឌ្ឍភាពជាដៃគូ និងបង្កើនសំឡេងរបស់ខ្លួននៅលើសង្វៀន ភូមិសាស្ត្រនយោបាយសកល។
ទី៣៖ ពង្រឹងទំនាក់ទំនងសន្តិសុខនិងសេដ្ឋកិច្ចជាមួយរដ្ឋជិតខាងនិងរដ្ឋក្នុងតំបន់ ដើម្បីបង្កើតកិច្ចសហប្រតិបត្តិការដែលអាចធានាសន្តិភាព និងស្ថិរភាពយូរ អង្វែង។
ទី៤៖ ពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការជាមួយបណ្តារដ្ឋសមាជិកអង្គការ តំបន់និងអង្គការសហប្រជាជាតិ។
ទី៥៖ ប្រើអំណាចទន់ (Soft Power) ដើម្បីលើកស្ទួយសិទ្ធិមនុស្ស វប្បធម៌ និង សន្តិភាពជាឧបករណ៍ដែលបង្កើតឥទ្ធិពលវិជ្ជមាន។
ទី៦៖ បង្កើតវេទិកានិងយន្តការផ្សព្វផ្សាយសន្តិភាពជាបន្តបន្ទាប់ ដើម្បីពង្រឹងការ យោគយល់គ្នា និងការជឿជាក់ក្នុងតំបន់។
និងទី៧៖ បង្កើនសមត្ថភាពគ្រប់គ្រងព័ត៌មាននិងធ្វើកិច្ចសហការជាមួយស្ថាប័នព័ត៌មាន អន្តរជាតិធំៗនិងល្បីៗ៕