Fresh Exclusive: យុទ្ធសាស្រ្តរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត «ស្ងាត់តែមិនស្ងៀម» បញ្ចៀសសង្រ្គាម បង្កើតសន្តិភាព!
20-10-2025 16:45
(ភ្នំពេញ)៖ ក្នុងកំណត់ត្រារបស់ប្រវត្តិសាស្ត្រនៅសតវត្សទី២១ ឈ្មោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នឹងត្រូវបានគេចងចាំថា ជាអ្នកដឹកនាំម្នាក់ ដែលអាចបម្លែង «ភាពស្ងៀមស្ងាត់» ឲ្យក្លាយជាអាវុធនយោបាយដ៏មានអានុភាពក្នុងការពារ សន្តិភាព និងអធិបតេយ្យភាពជាតិ។ នៅពេលដែលស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ តានតឹងដល់កម្រិតអាសន្ន សម្តេចបវរធិបតី មិនបានជ្រើសរើសអាវុធ ធ្វើជាជម្រើសដំបូងក្នុងដំណោះស្រាយឡើយ ប៉ុន្តែបានជ្រើសរើសយុទ្ធសាស្ត្រ «ស្ងាត់តែមិនស្ងៀម» ដែលផ្អែកលើភាពអត់ធ្មត់ ការគោរពច្បាប់អន្តរជាតិ និងការប្រើប្រាស់ប្រាជ្ញាជំនួសអារម្មណ៍ឆេវឆាវ។ Fresh Exclusive មានអត្ថបទស៊ីជម្រៅមួយជុំវិញបញ្ហានេះ៖
ក្នុងរយៈពេលប៉ុន្មានថ្ងៃ មុនពេលនឹងមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពក្រុងគូឡាឡំពួរ ដែលអាចនឹងបញ្ចប់ជម្លោះកម្ពុជា-ថៃ ជាផ្លូវការនោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញយ៉ាងច្បាស់ថា «សន្តិភាព» មិនមែនជាលទ្ធផលនៃសំណាងណាមួយដោយចៃដន្យនោះទេ ប៉ុន្តែជាលទ្ធផលនៃយុទ្ធសាស្ត្រដ៏វៃឆ្លាត ដែលអនុវត្តដោយភាពអត់ធ្មត់ និងការគោរពច្បាប់អន្តរជាតិ។ ក្នុងន័យនេះ ប្រសាសន៍មួយឃ្លាដែលសម្តេចបវរធិបតី បានលើកឡើងថា «យើងស្ងាត់ តែមិនស្ងៀម» កំពុងក្លាយជាសញ្ញាសម្គាល់ នៃការដឹកនាំប្រកបដោយប្រាជ្ញា ដែលបញ្ចៀសប្រទេសមួយចេញពីចំណុចដែលចង់ផ្ទុះសង្គ្រាមលើកទីពីរជាច្រើនដង បើទោះបីជាបានប្រឈមនឹងភាពតានតឹងយ៉ាងណាក៏ដោយ។
ក្នុងពេលដែលពិភពលោក ពេលនោះបានបារម្ភថា សង្គ្រាមនឹងអាចផ្ទុះឡើងវិញគ្រប់ពេលវេលាទោះបីមានបទឈប់បាញ់ថ្ងៃទី ២៨កក្កដា ក៏ដោយ ប៉ុន្តែសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញយ៉ាងច្បាស់ថា ការគិតដ៏មុតមាំនិងដោយប្រាជ្ញា និងកម្លាំងស្មារតី អាចសម្រួលស្ថានការណ៍និងទប់ស្កាត់ភ្លើងសង្គ្រាមបានយ៉ាងមានប្រសិទ្ធភាព។ «ភាពស្ងាត់ តែមិនស្ងៀម» ដូចដែលសម្តេចធិបតីបានលើកឡើង គឺមិនមែនជាការស្ងៀមស្ងាត់ដោយគ្មានអំណាចទេ ប៉ុន្តែជាសញ្ញានៃភាពមានវិន័យ និងការដាក់សន្តិភាពជាគន្លឹះក្នុងការដោះស្រាយបញ្ហាជាមុនគេ។ វាជាទស្សនៈវិទ្យានយោបាយបង្ហាញថា សន្តិភាពអាចកើតចេញពីការគិតល្អ និងភាពមានទំនួលខុសត្រូវ ជាងការប្រើអាវុធ ឬ អារម្មណ៍កំហឹង។
ក្នុងរយៈពេលបីខែ ចាប់តាំងពីមានកិច្ចព្រមព្រៀងឈប់បាញ់នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ រហូតដល់ថ្ងៃថ្ងៃទី២០ ខែតុលា ប្រសាសន៍បញ្ជាក់របស់សម្តេច ហ៊ុន ម៉ាណែត ក្នុងឱកាសសម្ពោធ «ព្រលានយន្តហោះអន្តរជាតិតេជោ» បានបកស្រាយនូវចម្ងល់ទាំងឡាយដែលមនុស្សមួយចំនួនតែងរិះគន់ដល់រាជរដ្ឋាភិបាល ដែលប្រកាន់យកភាពស្ងៀមស្ងាត់ និងអត់ធ្មត់ ដែលធ្វើឱ្យមនុស្សមួយចំនួនកន្លងមក បែរជាយល់ច្រឡំថា វាជាភាពទន់ខ្សោយរបស់រាជរដ្ឋាភិបាល។
សម្តេច ហ៊ុន ម៉ាណែត បានថ្លែងថា៖ «អ្នកដោះគឺ២៤ម៉ោង ហើយមិនមើលតែអ្វីដែលស្ថានភាពកើតមាននៅកន្លែងហ្នឹងទេ គឺមើលគ្រប់កន្លែងទាំងអស់។ នៅខាងមុខ យ៉ាងម៉េចហើយ? នៅកន្លែងនេះ យ៉ាងម៉េច? កន្លែងនេះយ៉ាងណា? ជនភៀសខ្លួនយ៉ាងម៉េច? ពេលប្រឡងតើក្មួយៗ ដែលរត់ចេញពីផ្ទះនេះ តើគាត់ត្រូវធ្វើយ៉ាងម៉េច? គិតទាំងអស់! គាត់លែងបានធ្វើអាហារ លែងរកស៊ី ដោយសាររឿង (សង្គ្រាម) តើយើងត្រូវជួយយ៉ាងម៉េច? មើលគ្រប់ទិដ្ឋភាពទាំងអស់ បានន័យថា «ស្ងាត់ តែមិនស្ងៀម»។
«ស្ងាត់តែមិនស្ងៀម» ពេលនេះ កំពុងតែបង្ហាញពីសមត្ថភាពនយោបាយ និងយុទ្ធសាស្ត្ររបស់អ្នកដឹកនាំសម័យថ្មី ដែលអាចទប់ស្កាត់ភាពផុយស្រួយនៃស្ថានការណ៍តានតឹង មិនឱ្យរីករាលដាលទៅជាសង្គ្រាមធំកើតឡើងជាលើកទីពីរបានឡើយ។ ទីបំផុតយុទ្ធសាស្រ្ត «ស្ងាត់តែមិនស្ងៀម» របស់សម្តេចបវរធិបតី បាននាំជម្លោះនេះ ឈានដល់ចំណុចដោះស្រាយតាមសន្តិវិធី ដោយសហការជាមួយសហគមន៍អន្តរជាតិ និងប្រទេសជិតខាង។ ការសម្រេចចិត្តដ៏ត្រឹមត្រូវនេះ បានបញ្ជាក់ថា «ភាពអត់ធ្មត់» នៃយុទ្ធសាស្ត្រ «ស្ងាត់តែមិនស្ងៀម» គឺជាអាវុធនយោបាយដ៏ពិសិដ្ឋសម្រាប់ការពារសន្តិភាព និងការពារអធិបតេយ្យរបស់ជាតិ។
* អភិក្រមពីរ៖ គន្លឹះនៃការដោះស្រាយសង្គ្រាម
ជាមួយនឹងយុទ្ធសាស្ត្រថ្មី ដែលយកភាពអត់ធ្មត់ជាចម្បង, សម្តេចបវរធិបតី បានថ្លែងថាការដោះស្រាយជម្លោះកម្ពុជានិងថៃ បានផ្អែកលើអភិក្រមចំនួនពីរធំៗ ក្នុងនោះរួមមានការទប់ស្កាត់សង្គ្រាមមិនឱ្យរីករាលដាល ដោះស្រាយអស់លទ្ធភាពនៅនឹងកន្លែង កាត់បន្ថយហានិភ័យ ស្តារសភាពការណ៍ឡើងវិញ ការគោរពបទឈប់បាញ់ និងការដោះស្រាយបញ្ហាដោយផ្អែកលើច្បាប់អន្តរជាតិ ដូចជាបទពិសោធន៍នៃប្រទេសអាស៊ានខ្លះដែលធ្លាប់ជួបជម្លោះព្រំដែនកន្លងមក៖។
សម្តេច ហ៊ុន ម៉ាណែត បានថ្លែងថា៖ «ក្នុងរយ:ពេលបីខែនេះ «ស្ងាត់ តែមិនស្ងៀម» គឺគ្រប់ទាំងអស់ ហើយជាពិសេសគឺចង់ស្តារស្ថានការណ៍ ដើម្បីឲ្យកិច្ចការងារនេះ វាបានចប់ ឈប់តឹងទ្រូង ទាំងសង្ខាង ហើយឈានត្រឡប់ទៅរកការដោះស្រាយបញ្ហាដោយសន្តិវិធី តាមគោលការណ៍ ដែលយើងធ្លាប់មានជាមួយគ្នា។ អញ្ចឹង ខ្ញុំសូមបញ្ជាក់តែប៉ុណ្ណឹង យកឪកាសនេះជូនបងប្អូនទាំងអស់។ ហើយស្ថានភាព នឹងមានការប្រែប្រួលជាបន្តបន្ទាប់ទៀត ហើយខ្ញុំក៏សុំឲ្យបងប្អូនទាំងអស់ ជឿទុកចិត្តចុះនូវអភិក្រមដែលយើងបន្តដោះនេះ ដែលចង់បញ្ចប់បញ្ហា បញ្ចប់ជម្លោះ ហើយនិងការពារប្រជាពលរដ្ឋយើង ការពារទឹកដី ការពារកងទ័ពយើង រកវិធីនៅក្នុងការដោះស្រាយបញ្ហាដែនអធិបតេយ្យភាពទឹកដី តាមរយ:ការមិនប្រើប្រាស់កម្លាំង តែត្រឡប់មកវិញ គឺការប្រើប្រាស់យន្តការច្បាប់ យន្តការទ្វេភាគី កិច្ចព្រមព្រៀងដែលមានស្រាប់ អនុសញ្ញា ឬមួយក៏យន្តការអន្តរជាតិដែលចូលរួមដើម្បីសម្របសម្រួលបញ្ចប់ការឈប់បាញ់នេះ»។
យុទ្ធសាស្ត្រដោះស្រាយដោយផ្អែកលើអភិក្រមធំពីរជាចម្បងនេះ គឺជាការសម្របសម្រួលយ៉ាងច្នៃប្រឌិតរវាង «អំណាចនយោបាយ និងអំណាចច្បាប់» ដែលអាចកែប្រែភាពតានតឹងក្លាយទៅជាកិច្ចព្រមព្រៀងសន្តិភាព។
* សន្តិភាពដោយការចូលរួមពីអន្តរជាតិ
ការចូលរួមរបស់សហគមន៍អន្តរជាតិ និងពីសំណាក់មិត្តនៃប្រទេសជិតខាង គឺជាគន្លឹះសំខាន់នៃភាពជោគជ័យក្នុងយុទ្ធសាស្ត្រ «ស្ងាត់តែមិនស្ងៀម» របស់រាជរដ្ឋាភិបាលកម្ពុជា។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ថ្នាក់ដឹកនាំធំៗរួមមាន៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ ដែលបានផ្តួចផ្តើមគំនិត និងជំរុញឲ្យមានបទឈប់បាញ់, ប្រធានអាស៊ានប្តូរវេន លោកនាយករដ្ឋមន្ត្រីប្រទេសម៉ាឡេស៊ី ដែលបានដើរតួនាទីជាអ្នកសម្របសម្រួលសន្តិភាព និងថ្លែងអំណរគុណដល់សាធារណរដ្ឋប្រជាមានិតចិន ដែលបានគាំទ្រយ៉ាងសកម្មក្នុងការជួយបញ្ចប់សង្គ្រាមរវាងកម្ពុជានិងថៃ។
សម្តេចមហាបវរធិបតី នៅបានថ្លែងអំណរគុណជាពិសេសដល់អគ្គលេខាធិការអង្គការសហប្រជាជាតិ ប្រធានាធិបតីបារាំង និងថ្នាក់ដឹកនាំប្រទេសធំៗផ្សេងទៀត ដែលបានរួមចំណែកក្នុងការពន្លត់ភ្លើងសង្គ្រាមរវាងប្រទេសកម្ពុជានិងថៃផងដែរ។ ការចូលរួមដ៏ទូលំទូលាយរបស់សហគមន៍អន្តរជាតិក្នុងការជួយបញ្ចប់ជម្លោះរវាងកម្ពុជានិងថៃនាពេលនេះ បានបង្ហាញថា ប្រទេសកម្ពុជា មិនស្ថិតនៅក្នុងភាពឯកោនយោបាយទេ ប៉ុន្តែជាប្រទេសដែលមានមិត្តភាព និងការគាំទ្រយ៉ាងពេញទំហឹងពីពិភពលោក។
សម្តេចមហាបវរធិបតី បានថ្លែងអំណរគុណដល់ក្រុមអ្នកសង្កេតការណ៍អន្ដរកាលអាស៊ាន (ASEAN IOT) ដែលបានចូលរួមសង្កេតការណ៍ និងជួយទប់ស្កាត់ការផ្ទុះអាវុធឡើងវិញនៅតាមតំបន់ព្រំដែន។ សម្តេចបានបញ្ជាក់ថា ក្នុងពេលខាងមុខនឹងមានក្រុមសង្កេតការណ៍អាស៊ានថ្មី (ASEAN AOT) ចូលមកបន្តត្រួតពិនិត្យ និងសម្របសម្រួលកិច្ចការផ្សេងៗ ដើម្បីឈានទៅរកការស្តារស្ថានភាពឡើងវិញ និងការបញ្ចប់សង្គ្រាមជាស្ថាពរ។
ពេលនេះការចូលរួមជាប្រព័ន្ធនិងដោយភាពស្ម័គ្រចិត្តរបស់សហគមន៍អន្តរជាតិ បានក្លាយជាឧបករណ៍សំខាន់ក្នុងការជួយគាំទ្រដល់យុទ្ធសាស្ត្រ «ស្ងាត់តែមិនស្ងៀម» របស់រាជរដ្ឋាភិបាលកម្ពុជា ដែលនឹងឈានដល់ការចុះកិច្ចព្រមព្រៀងសន្តិភាពជាចុងក្រោយមួយនៅក្នុងប្រទេសម៉ាឡេស៊ី នៅថ្ងៃទី២៦តុលាខាងមុខនេះ ក្រោមវត្តមានរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ។
* កិច្ចព្រមព្រៀងសន្តិភាពគូឡាឡំពួរ៖ ផ្លូវថ្មីសម្រាប់អនាគត
កិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ដែលត្រៀមនឹងចុះហត្ថលេខាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ក្នុងរដ្ឋធានីគូឡាឡំពួរ នៃប្រទេសម៉ាឡេស៊ី មានចំណុចសំខាន់ៗមួយចំនួនដែលរំពឹង នឹងបិទបញ្ចប់ទ្វារសង្គ្រាមរវាងគ្នានិងគ្នា។ ចំណុចនៃកិច្ចព្រមព្រៀងទាំងនោះ ត្រូវបានបញ្ជាក់តាមរយៈប្រសាសន៍របស់លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ដែលជារដ្ឋមន្ត្រីការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិនៃប្រទេសកម្ពុជា កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៥ រួមមាន៖
• ការគោរពបទឈប់បាញ់ និងអធិបតេយ្យភាពប្រទេសទាំងពីរ
• ការស្តារទំនាក់ទំនងការទូតឡើងវិញ
• ការសហការប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន និងបញ្ហា Online Scam
• ការបោសសម្អាតមីន និងដកអាវុធធុនធ្ងន់ចេញពីព្រំដែន
• ការដោះលែងវីរកងទ័ពកម្ពុជាទាំង១៨នាក់
• ការប្តេជ្ញាចិត្តសហការជាប្រទេសជិតខាងអចិន្ត្រៃយ៍ តាមរយៈការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី, ការគោរពនូវគោលការណ៍ដោយមិនប្រើប្រាស់កម្លាំងដើម្បីដោះស្រាយបញ្ហាជម្លោះផ្សេងៗ។
ចំណុចក្នុងកិច្ចព្រមព្រៀងនេះ ត្រូវគេរំពឹងថា នឹងក្លាយជាឧបករណ៍សំខាន់ដើម្បីបញ្ចប់ជម្លោះរវាងប្រទេសទាំងពីរបានយ៉ាងសន្តិវិធី និងបើកទ្វារទៅរកសម័យសន្តិភាពថ្មីសម្រាប់ប្រទេសកម្ពុជានិងថៃ ថែមទៀត។
ក្នុងការសន្និដ្ឋានជារួម៖
ភាពអត់ធ្មត់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មិនមែនជាសញ្ញានៃភាពខ្សោយទេ ប៉ុន្តែជាការអនុវត្តយុទ្ធសាស្ត្រ «ស្ងាត់តែមិនស្ងៀម» ដ៏ឆ្លាតវៃ ដែលបានបង្ហាញថា កម្លាំងនៃប្រាជ្ញា និងការយកចិត្តទុកដាក់អាចយកឈ្នះលើកម្លាំងអាវុធបាន។ នេះជាមេរៀនដ៏មានតម្លៃមួយ ដែលអាចក្លាយជាគំរូសម្រាប់បណ្តាប្រទេសទាំងឡាយនៅលើពិភពលោក។
ក្រោមការអនុវត្តយុទ្ធសាស្ត្រនេះ សម្តេចបវរធិបតី កំពុងបានបង្ហាញឲ្យឃើញថា សន្តិភាពអាចត្រូវបានរកមកវិញ ដោយសមត្ថភាពក្នុងការអត់ធ្មត់ ការគោរពច្បាប់អន្តរជាតិ និងការទប់ស្កាត់អារម្មណ៍ឆេវឆាវ ដែលជាចំណុចសំខាន់បំផុតក្នុងការការរពារប្រទេសមួយ មិនឱ្យធ្លាក់ចូលក្នុងអណ្តូងសង្គ្រាមបានឡើយ។ កម្ពុជាបានឈានពីភាពផុយស្រួយនៃសង្គ្រាម ទៅរកសន្តិភាពដែលនឹងត្រូវបង្កើតឡើងវិញ តាមយុទ្ធសាស្ត្រនយោបាយ «ស្ងាត់តែមិនស្ងៀម» នេះ។ ហើយនេះ គឺជាភស្តុតាងបញ្ជាក់ថា ប្រទេសដ៏តូចមួយ អាចឈ្នះលើសង្គ្រាម ដោយមិនមែនពឹងទៅ លើការប្រើអាវុធឡើយ ប៉ុន្តែដោយប្រាជ្ញា ការគិតជាមុតមាំ និងការរួបរួមចិត្តជាតិសាសន៍ខ្លួនឯងជាធ្លុងមួយ។
នៅក្នុងប្រវត្តិសាស្ត្រនៃសតវត្សទី២១ យុទ្ធសាស្ត្រ «ស្ងាត់តែមិនស្ងៀម» របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នឹងត្រូវបានកត់ត្រាជាគំរូ នៃភាពវៃឆ្លាតនយោបាយដ៏ពិសិដ្ឋមួយ។ វាជាយុទ្ធសាស្ត្រដ៏មានអានុភាព ដែលបានបញ្ចៀសភាពតានតឹងជាបន្តបន្ទាប់ មិនឱ្យប្រទេសធ្លាក់ចូលក្នុងអគ្គីភ័យសង្គ្រាមឡើងវិញឡើយ។ ក្នុងអត្ថន័យដ៏ជ្រាលជ្រៅនេះ វាជាភស្តុតាងបញ្ជាក់ថា «ភាពស្ងាត់តែមិនស្ងៀម» នៅពេលប្រើប្រាស់ក្នុងស្ថានភាពសមរម្យ អាចក្លាយជាអាវុធនយោបាយដ៏មានអនុភាពលើសពី «សំឡេងអាវុធ» បើវាត្រូវបានដឹកនាំដោយប្រាជ្ញា ស្មារតីសន្តិភាព និងសេចក្ដីស្រឡាញ់ជាតិ៕











