មន្រ្ដីជាន់ខ្ពស់នៃក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញបើកការដ្ឋានសាងសង់ផ្លូវក្រាលកៅស៊ូពីរជាន់ DBST ចំនួន ១ខ្សែ មានប្រវែង ១១០០ម៉ែត្រ ទទឹង ៦ម៉ែត្រ និងសាងសង់ស្ពានបេតុងចំនួន ១កន្លែង ប្រវែង ៣០ម៉ែត្រ ព្រមទាំងសំណង់សិល្បការ្យចំនួន ២កន្លែង ក្នុងខេត្ដកំពង់ធំ
20-10-2025 16:23
(កំពង់ធំ)៖ លោក សៅ ជីវ័ន្ត រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥នេះ បានអញ្ជើញជាគណៈអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវក្រាលកៅស៊ូពីរជាន់ DBST ចំនួន ១ខ្សែ មានប្រវែង ១១០០ម៉ែត្រ ទទឹង ៦ម៉ែត្រ និងសាងសង់ស្ពានបេតុងចំនួន ១កន្លែង ប្រវែង ៣០ម៉ែត្រ ព្រមទាំងសំណង់សិល្បការ្យចំនួន ២កន្លែង ស្ថិតនៅភូមិបន្ទាយស្ទោងទៅភូមិចំបក់បញ្ញា ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ។
ពិធីនេះដែរ ដោយការអញ្ជើញចូលរួមពី លោកអនុរដ្ឋលេខាធិការ, មន្ទីអភវិឌ្ឍន៍ជនបទខេត្ត, មន្ត្រីបច្ចេកទេសក្រសួង, នាយកដ្ឋានវិស្វកម្មនៃក្រសួងការពារជាតិ, អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋសរុបចំនួន ៥៥នាក់។
នាឱកាសនោះផងដែរ លោករដ្ឋលេខាធិការ ក៏បានអញ្ជើញជួបសំណេះសំណាងជាមួយប្រជាពលរដ្ឋដែលអញ្ជើញចូលរួមក្នុងពិធីនេះ ដោយលោកបានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួសុខទុក្ខ សេចក្ដីនឹករលឹក និងពរសព្ទសាធុការពីសំណាក់ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាឯកឧត្តមរដ្ឋមន្ត្រី ជូនដល់អង្គពិធីទាំងមូល។
លោក សៅ ជីវ័ន្ត បានបន្តជម្រាបជូនអំពីយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ក្រោមការដឹកនាំប្រកបដោយបញ្ញាញាណខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវបេសកកម្មជាប្រវត្តិសាស្ត្រដើម្បីពន្លឿនការអភិវឌ្ឍ ឈានឆ្ពោះទៅកាន់ចក្ខុវិស័យកម្ពុជា ជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
សូមជម្រាបដែរថា យុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ មានបាវចនា៥ គឺ កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដោយផ្អែកលើអាទិភាពគន្លឹះចំនួន៥ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាឌីជីថល។ ដើម្បីឱ្យស្របទៅនឹងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្រសួងអភិវឌ្ឍន៍ជនបទបាននិងកំពុងអនុវត្តតាមចក្ខុវិស័យរបស់ខ្លួន គឺ «ការលើកកម្ពស់គុណភាព និងគុណតម្លៃជីវិត ប្រជាជននៅជនបទប្រកបដោយបរិយាបន្ន ទាំងផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌» តាមរយៈការដាក់ចេញកម្មវិធីអាទិភាពរបស់ខ្លួនចំនួន ៥ចំនុច។
ជាមួយគ្នានោះផងដែរ ប្រជាពលរដ្ឋដែលបានអញ្ជើញចូលរួមក្នុងពិធីនោះបានសម្តែងនូវសេចក្តីត្រេកអរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលសម្តេចជាតែងតែយកចិត្តទុកដាក់អំពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋដែលជួបការលំបាក ជាក់ស្តែងនាថ្ងៃនេះតាមរយៈក្រសួងអភិវឌ្ឍន៍ជនបទប្រជាពលរដ្ឋដែលរស់នៅតំបន់នេះគឺទទួលបានសមិទ្ធិផលថ្មី គឺផ្លូវ និងស្ពានបន្ថែមទៀត៕
















