អបអរសាទរ! អំពូលភ្លើងបំភ្លឺផ្លូវសាធារណៈ ប្រភេទ Solar LED នៅលើកំណាត់ផ្លូវជាតិលេខ៥ ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ តម្លើងបានប្រមាណ១២គីឡូម៉ែត្រហើយ (Video inside)
20-10-2025 11:29
(ពោធិ៍សាត់)៖ អាជ្ញាធរខេត្តពោធិ៍សាត់ បាននិងកំពុងដាក់ពង្រាយអំពូលភ្លើងបំភ្លឺផ្លូវសាធារណៈ ប្រភេទ Solar LED នៅលើកំណាត់ផ្លូវជាតិលេខ៥ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងដើម្បីធានាបាននូវសន្តិសុខ សុវត្ថិភាព និងភាពងាយស្រួល ក្នុងការធ្វើដំណើរ ជូនបងប្អូនប្រជាពលរដ្ឋ នាពេលយប់។ ជាក់ស្តែងគិតត្រឹមថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥នេះ អំពូលភ្លើងបំភ្លឺផ្លូវសាធារណៈ ប្រភេទ Solar LED ត្រូវបានតម្លើងរួចរាល់ប្រមាណ១២គីឡូម៉ែត្រហើយ នៅសល់តែ១៣គីឡូម៉ែត្រទៀត នឹងដល់ទីប្រជុំជនស្រុកក្រគរ។ មុនផែនការ អាចនឹងតម្លើងដល់ព្រំប្រទល់ខេត្តកំពង់ឆ្នាំង ឆាប់បំផុតក្នុងដំណាច់ឆ្នាំ២០២៥នេះ។
លោក ធាង ផេង នាយករងរដ្ឋបាលសាលាខេត្តពោធិ៍សាត់ និងជាអ្នកបច្ចេកទេសដឹកនាំតម្លើង បានប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា គម្រោងតម្លើងអំពូលភ្លើងបំភ្លឺផ្លូវសាធារណៈ ប្រភេទSolar LED នៅលើកំណាត់ផ្លូវជាតិលេខ៥ ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់នេះ គឺជាគំនិតផ្តួចផ្តើមរបស់ លោក ខូយ រីដា អភិបាលខេត្ត និងដោយបានការគាំទ្រពីសំណាក់ លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់។
លោកបន្តថា សម្រាប់អំពូលភ្លើង ប្រភេទSolar LEDទាំងស្រុង គឺបានមកពីការឧបត្ថម្ភ របស់លោកបណ្ឌិត ប្រាំង ជលសា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកអគ្គិសនីកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានស្រុកក្រគរ និងស្រុកកណ្តៀង។ ដោយឡែកបង្គោលភ្លើង បានមកពីការដឹកនាំចលនារបស់លោក ខូយ រីដា រួមទាំងសប្បុរសជននានា ដែលមានក្រុមការងារបច្ចេកទេសនៅសាលាខេត្ត ជាអ្នកកាត់ផ្សារតម្លើងដោយខ្លួនឯង។
លោកនាយករងរដ្ឋបាលសាលាខេត្ត បន្ថែមថា ជំហាន១ នៃការតម្លើងអំពូលភ្លើងបំភ្លឺផ្លូវសាធារណៈ ប្រភេទSolar LED ត្រូវបានចាប់ដំណើរការ ពីចំណុចនិម្មិតសញ្ញារដ្ឋបាលខេត្ត រូបលោកឧកញ៉ាឃ្លាំងមឿងជិះសេះ ខាងកើតផ្តិល ផ្លូវជាតិលេខ៥ រហូតដល់ទីរួមស្រុកក្រគរ នៃខេត្តពោធិ៍សាត់។ បច្ចុប្បន្នយើងតម្លើងបានប្រមាណ១២គីឡូម៉ែត្រហើយ នៅសល់តែ១៣គីឡូម៉ែត្រទៀត នឹងដល់ទីរួមស្រុកក្រគរ។
លោក ធាង ផេង បានបញ្ជាក់ថា តាមផែនការ យើងត្រូវតម្លើងអំពូលឱ្យបានរួចរាល់ នៅដំណាច់ឆ្នាំ២០២៧ ឬដើមឆ្នាំ២០២៨ខាងមុខ គិតចាប់ពីប្រទល់ខេត្តកំពង់ឆ្នាំង ដល់ព្រំប្រទល់ខេត្តបាត់ដំបង។ តែបើក្នុងមួយថ្ងៃ យើងតម្លើង បានប្រមាណ៧០០ម៉ែត្រ ឆាប់បំផុតក្នុងដំណាច់ឆ្នាំ២០២៥នេះ យើងនឹងតម្លើងដល់ព្រំប្រទល់ខេត្តកំពង់ឆ្នាំងហើយ។
លោកបានចាត់ទុកគម្រោងដ៏ធំនេះ ពិតជាមានសារៈសំខាន់ណាស់ និងជាប្រវត្តិសាស្ត្រថ្មីមួយ សម្រាប់អាណត្តិដឹកនាំ របស់លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ដោយធានាបាននូវសន្តិសុខ សុវត្ថិភាព និងភាពងាយស្រួល ក្នុងការធ្វើដំណើរ ជូនបងប្អូនប្រជាពលរដ្ឋ នាពេលយប់។ ជួសមុខឱ្យរដ្ឋបាលខេត្ត លោកក៏សូមថ្លែងអំណរគុណចំពោះសប្បុរសជននានា ដែលបានចូលរួម និងបន្តគាំទ្រថវិកាជាបន្តបន្ទាប់ សម្រាប់កិច្ចការងារផ្សារតម្លើងបង្គោលភ្លើងបំភ្លឺផ្លូវនេះផងដែរ។
គួរជម្រាបជូនថា ខេត្តពោធិ៍សាត់បច្ចុប្បន្ននេះ មានការអភិវឌ្ឍន៍ និងប្រែមុខប្រែមាត់ជាលំដាប់ ជុំវិញការអភិវឌ្ឍន៍ច្រាំងស្ទឹង ការរៀបចំសោភ័ណភាព សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងអនាម័យបរិស្ថាន នៅតាមដងផ្លូវ និងទីសាធារណៈ នេះដោយសារការខិតខំប្រឹងប្រែង យកអស់កម្លាំងកាយចិត្ត និងប្តេជ្ញាចិត្តខ្ពស់ របស់លោក ខូយ រីដា ដោយមានការចូលរួមសហការពីអាជ្ញាធរគ្រប់លំដាប់ និងបងប្អូនពុកម៉ែប្រជាពលរដ្ឋ៕




























