Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ពលរដ្ឋងាយរងគ្រោះ ចំនួន១៦៤គ្រួសារ នៅបឹងទន្លេសាប ក្នុងស្រុកឯកភ្នំ ទទួលបានអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង

17-10-2025 21:37

(បាត់ដំបង)៖ ឆ្លើយតបតាមសំណើរបស់អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកឯកភ្នំ នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥នេះ លោក សុខ លូ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង បានអញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ ដើម្បីជួយសម្រាលការលំបាកជូនប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ ចំនួន១៦៤គ្រួសារ។

ក្នុងនោះមានគ្រួសារទីទ័លក្រ ចាស់ជរា ជនមានពិការភាពចំនួន១៥០គ្រួសារ និងគ្រួសារងគ្រោះដោយខ្យល់កន្រ្តាក់ចំនួន១៤គ្រួសារ មកពីឃុំចំនួន២ លើបឹងទន្លេសាប ឃុំកោះជីង ១១៤គ្រួសារ ឃុំព្រៃចាស់ចំនួន៥០គ្រួសារ ក្នុងស្រុកឯកភ្នំ។ ពិធីនេះប្រារព្ធធ្វើនៅបរិវេណ «វត្តអន្លង់តាអ៊ួរ» ឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។

មានមតិសំណេះសំណាលនាឱកាសនោះ លោក សុខ លូ បាននាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែគិតគូរពីជីវភាព និងការរស់នៅរបស់ប្រជាពលរដ្ឋគ្រប់កាលទេសៈ ជាក់ស្តែងដូចជាពេលនេះជាដើម គឺផ្តល់ជូនប្រជាពលរដ្ឋដែលត្រូវការឲ្យជួយជាចាំបាច់ដោយផ្តោតលើមុខសញ្ញាអាទិភាពមានជីវភាពខ្វះខាតបំផុតដូចជា ចាស់ជរាគ្មានទីពឹង ស្ត្រីមេម៉ាយមានកូនច្រើនក្នុងបន្ទុក កុមារកំព្រា ជនមានពិការភាព និងអ្នកផ្ទុកមេរោគអេដស៍ និងរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗជាដើម។

លោកបានអំពាវនាវ និងក្រើនរំលឹកដល់គ្រួសារប្រជាពលរដ្ឋទាំងអស់ មិនត្រូវនេសាទដោយខុសច្បាប់ ដូចជាប្រើប្រស់ឧបករណ៍ឆក់ ឧបករណ៍ស្បៃមុង និងការប្រើសារធាតុពុល ដើម្បីនេសាទឡើយ និងជៀសវាងការបំផ្លាញព្រៃលិចទឹកនៅគ្រប់ទីកន្លែង និងចូលរួមជាមួយអាជ្ញាធរមូលដ្ឋានលុបបំបាត់គ្រឿងញៀន ក្មេងទំនើងនៅក្នុងភូមិដែលខ្លួនរស់នៅ ដើម្បីភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព។

ជាមួយគ្នានោះ លោក សុខ លូ បានក្រើនរំលឹក ដល់មន្រ្តីជំនាញ អាជ្ញាធរមូលដ្ឋាន ត្រូវចាត់វិធានការឲ្យបានម៉ឺងម៉ាត់បន្ថែមទៀត ចំពោះជនល្មើស បំផ្លាញព្រៃលិចទឹកនៅគ្រប់ទីកន្លែង និងកិច្ចការពារកន្លែងអភិរក្សជលផល ដោយបន្តការងារ បង្ក្រាបបទល្មើសជលផលជាប្រចាំ ពោលគឺត្រូវចាត់វិធានការគ្រប់បែបយ៉ាង ដោយផ្តោតសំខាន់ ទៅលើបទល្មើសដែលបំផ្លិចបំផ្លាញខ្លាំង ដូចជាឧបករណ៍ឆក់ ឧបករណ៍ស្បៃមុង និងការប្រើសារធាតុពុល ដើម្បីនេសាទជាដើម។

សូមបញ្ជាក់ថា អំណោយមនុស្សធម៌ផ្តល់ជូននាពេលនេះក្នុងមួយគ្រួសារទទួលបាន៖ អង្ករ មី ត្រីខ ទឹកបរិសុទ្ធ ទឹកត្រី ទឹកស៊ីអុីវ ដោយឡែកគ្រួសាររងគ្រោះដោយខ្យល់កន្រ្តាក់ចំនួន ១៤គ្រួសារ ក្នុង១គ្រួសារបន្ថែម ឃីត១កញ្ចប់ និងថវិកាចំនួន១០ម៉ឺនរៀលផងដែរ៕