Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក នេត្រ ភក្ត្រា ជំរុញឱ្យអាជ្ញាធរខេត្ត និងមន្ទីរកសិកម្មខេត្តក្រចេះ ពន្លឿនធ្វើស្ថិតិផលប៉ះពាល់ដំណាំស្រូវរបស់ពលរដ្ឋដោយសារទឹកជំនន់ ដើម្បីអន្តរាគមន៍ជួយសង្គ្រោះឱ្យទាន់ពេលវេលា និងចំគោលដៅ

17-10-2025 14:37

(ក្រចេះ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ មានជំរុញឱ្យអាជ្ញាធរខេត្ត មន្ទីរកសិកម្មខេត្តក្រចេះ ពន្លឿនធ្វើស្ថិតិផលប៉ះពាល់ដំណាំស្រូវរបស់ពលរដ្ឋដោយសារទឹកជំនន់ ឱ្យបានលឿន ដើម្បីអន្តរាគមន៍ជួយសង្គ្រោះឱ្យទាន់ពេលវេលា និងចំគោលដៅ និងមានប្រសិទ្ធភាពដែលផ្តល់ជំនឿទុកចិត្តពីសំណាក់ប្រជាពលរដ្ឋ។

ការជំរុញបែបនេះ របស់លោក នេត្រ ភក្ត្រា បានធ្វើឡើងនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥នេះ ក្នុងឱកាសលោកបានអញ្ជើញជាអធិបតីភាពបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី៣ ឆ្នាំ២០២៥ និងលើកទិសដៅការងារបន្ត របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់លោក លោកស្រីជាអនុប្រធានក្រុមការងារ ប្រធានក្រុមប្រឹក្សាខេត្ត អភិបាលខេត្ត សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត មេបញ្ជាការកងកម្លាំងទាំង៣ប្រភេទ អាជ្ញាធរមូលដ្ឋានចូលរួមប្រមាណ៤២០រូប។

លោក នេត្រ ភក្ត្រា បានឱ្យដឹងថា ទឹកជំនន់ឆ្នាំ២០២៥នេះ បានបណ្តាលឱ្យដំណាំស្រូវរបស់បងប្អូនប្រជាពលរដ្ឋខូចខាតប្រមាណ ៣០០០ហិតា។ ខណៈទឹកជំនន់នៅឆ្នាំ២០២៤ កន្លងទៅមានទំហំច្រើនជាង ក៏ប៉ុន្តែ ក្នុងនាមក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ រួមជាមានអនុប្រធាន និងក្រុមការងារទាំងអស់នឹងបន្តតាមដានយ៉ាងចិត្តទុកដាក់ខ្ពស់បំផុតចំពោះបញ្ហានេះ ដើម្បីធ្វើយ៉ាងស្វែងរកដំណោះស្រាយ និងនាំស្រូវមកជូនបងប្អូនប្រជាពលរដ្ឋ សម្រាប់ដាំស្តារឡើងវិញបន្ទាប់ពីទឹកបានស្រកជាដើម។

នាឱកាសនោះដែរ លោក នេត្រ ភក្ត្រា ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ ថ្នាក់ដឹកនាំខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានយកចិត្តទុកដាក់ខិតខំប្រឹងប្រែងបំពេញការងារ ប្រកបដោយការទទួលខុសត្រូវខ្ពស់ និងកិច្ចខិតខំប្រឹងប្រែងក្នុងការដោះស្រាយបញ្ហាប្រឈមនានាដែលកើតមានឡើងក្នុងខេត្ត ដោយទទួលបានលទ្ធផលល្អប្រសើរ ជាពិសេស ថ្នាក់ដឹកនាំខេត្ត និងមន្ទីរជុំវិញខេត្តបានជួយឧបត្ថម្ភគាំទ្រដល់កងទ័ពជួរមុខ និងបានជួយស្វែងរកការងារជូនពលករដែលបានត្រឡប់មកពីថៃផងដែរ។ ជាងនេះទៅទៀតនោះ គឺរដ្ឋបាលខេត្តក៏បានខិតខំយកចិត្តទុកដាក់ខ្ពស់ ក្នុងការជួយដោះស្រាយប្រជាពលរដ្ឋដែល បានរងគ្រោះដោយទឹកជំនន់តាមបណ្ដាស្រុកមួយចំនួន។

ពាក់ព័ន្ធនឹងបញ្ហាទឹកជំនន់ លោក វ៉ា ថន អភិបាលខេត្តក្រចេះ រដ្ឋបាលខេត្តបាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង ដោយបានបន្តការចុះសាកសួរសុខទុក្ខ ដើម្បីជួយដោះស្រាយបញ្ហាប្រឈមនានា និងចុះចែកអំណោយជូនប្រជាពលរដ្ឋដែលរងគ្រោះឱ្យបានឆាប់រហ័សបំផុត។ លោកអភិបាលខេត្ត បានស្នើអាជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រូវផ្សព្វផ្សាយណែនាំដល់ប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នខ្ពស់ក្នុងករណីលង់ទឹកចំពោះកុមារ និងមនុស្សចាស់ ត្រូវគិតគូអំពីបញ្ហាសុខភាព ត្រូវរស់នៅប្រកបដោយអនាម័យ ហូបស្អាត ផឹកស្អាត។

លោក វ៉ា ថន ឱ្យដឹងថាក្នុងត្រីមាសទី៣ ឆ្នាំ២០២៥ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត បានខិតខំយកចិត្តទុកដាក់អនុវត្តនូវតួនាទី ភារកិច្ចរបស់ខ្លួនយ៉ាងសកម្មក្នុងការជំរុញ និងលើកកម្ពស់ការទទួលខុសត្រូវលើការងារផ្តល់សេវាសាធារណៈ ការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាព សង្គម ព្រមទាំងការអភិវឌ្ឍនៅមូលដ្ឋាន ក្នុងនោះក៏បានផ្សារភ្ជាប់ជាមួយប្រជាពលរដ្ឋនៅមូលដ្ឋាន សំដៅចូលរួមដោះស្រាយបញ្ហាប្រឈមជាក្តីកង្វល់ សំណើ សំណូមពរ និងទំនាស់ក្នុងគោលដៅគាំទ្រ និងជំរុញការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ជាកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភាកាន់តែមានប្រសិទ្ធភាពថែមទៀត។

លោក វ៉ា ថន សូមសម្តែងការកោតសរសើរ ជាមួយនឹងអំណរគុណយ៉ាងក្រៃលែងជូនចំពោះលោក លោកស្រីដែលសហការសាមគ្គីគ្នាពុះពារគ្រប់ឧបសគ្គ ខិតខំធ្វើការបម្រើប្រជាពលរដ្ឋ ហើយបាននាំមកនូវជោគជ័យយ៉ាងធំធេង និងបង្កើតបានជាសមិទ្ធផលជាបន្តបន្ទាប់លើគ្រប់វិស័យជូនជាតិ និងប្រជាជនក្នុងនោះការរក្សាបាននូវសន្តិភាព សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ បានល្អប្រសើរការរក្សាបានកំណើនសេដ្ឋកិច្ច និងលំនឹងជីវភាពរបស់ប្រជាជនការទទួលបានជោគជ័យ ការងារសតិអារម្មណ៍នយោបាយសេដ្ឋកិច្ច-សង្គម ព្រមទាំងការអភិវឌ្ឍនានានៅតាមមូលដ្ឋានជាដើម៕