និយ័តករគណនេយ្យ និងសវនកម្ម ជូនដំណឹងពីការអនុវត្តក្របខណ្ឌកាត់បន្ថយ ការរាយការណ៍ហិរញ្ញវត្ថុកម្ពុជា
17-10-2025 13:31
(ភ្នំពេញ)៖ និយ័តករគណនេយ្យ និងសវនកម្ម (ន.គ.ស.) បានចេញសេចក្តីជូនដំណឹង ស្តីពី ការអនុវត្តក្របខណ្ឌកាត់បន្ថយ ការរាយការណ៍ហិរញ្ញវត្ថុកម្ពុជា និងថ្នាលរៀបចំ របាយការណ៍ហិរញ្ញវត្ថុឌីជីថល និងមាតិកាគណនីនៃប្លង់គណនេយ្យ សម្រាប់សហគ្រាសធុនតូច និងមធ្យម។
សេចក្ដីជូនដំណឹង បានឲ្យដឹងថា អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ បានដាក់ឱ្យអនុវត្តឧបករណ៍លើកកម្ពស់ អនុលោមភាពចំនួន៣រួចហើយ កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ កន្លងទៅ តាមរយៈ «ប្រកាសលេខ០៣៩ អ.ស.ហ.ប្រ.ក. ចុះថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ ស្តីពីការដាក់ឱ្យអនុវត្តក្របខណ្ឌកាត់បន្ថយ ការរាយការណ៍ហិរញ្ញវត្ថុកម្ពុជា និងថ្នាលរៀបចំ របាយការណ៍ហិរញ្ញវត្ថុឌីជីថល និងប្រកាសលេខ០៤០ អ.ស.ហ.ប្រ.ក. ចុះថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ ស្តីពីការដាក់ឱ្យអនុវត្តមាតិកាគណនី នៃប្លង់គណនេយ្យសហគ្រាស»។
ដូច្នេះ ដើម្បីលើកកម្ពស់អនុលោមភាពគណនេយ្យ និយ័តករគណនេយ្យ និងសវនកម្ម សូមស្នើដល់ម្ចាស់សហគ្រាសធុនតូចនិងមធ្យម ដែលមិនមែនជា សហគ្រាសរងសវនកម្មឯករាជ្យ និងមិនមែនជាសហគ្រាស ទទួលខុសត្រូវជាសាធារណៈ អនុវត្តឱ្យបានខ្ជាប់ខ្ជួននូវ៖
១៖ ក្របខណ្ឌកាត់បន្ថយការរាយការណ៍ហិរញ្ញវត្ថុកម្ពុជា
២៖ ថ្នាលរៀបចំរបាយការណ៍ហិរញ្ញវត្ថុឌីជីថល
៣៖ មាតិកាគណនី នៃប្លង់គណនេយ្យសម្រាប់សហគ្រាស។
ដើម្បីអនុវត្តឱ្យបានត្រឹមត្រូវ សូម លោក-លោកស្រី ម្ចាស់សហគ្រាសធុនតូច និងមធ្យម អាចទាញយកឯកសារ ឈ្វេងយល់បន្ថែមពីឧបសម្ព័ន្ធ នៃប្រកាសនីមួយៗខាងលើ តាមរយៈ QR Code ខាងក្រោម៕