ទិវាស្បៀងអាហារពិភពលោក! មន្ដ្រីជាន់ខ្ពស់កសិកម្ម ជំរុញឲ្យបង្កើនការសហការគ្នា ចុះពិនិត្យពីផលប៉ះពាល់ និងការខូចខាតគ្រប់អនុវិស័យ
17-10-2025 12:12
(មណ្ឌលគិរី)៖ លោក មាស ពិសិដ្ឋ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីទិវាស្បៀងអាហារពិភពលោក ឆ្នាំ២០២៥ នៅភូមិចម្ការតែ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី នាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥។
ថ្លែងក្នុងឱកាសនោះ លោក ជាក់ ម៉េងហ៊ាង អភិបាលរងខេត្តមណ្ឌលគិរី បានសម្ដែងការស្វាគមន៍ និងបានបញ្ជាក់ពីការប្តេជ្ញាចិត្ត ក្នុងការលើកកម្ពស់វិស័យកសិកម្ម ប្រកបដោយចីរភាព និងភាពធន់ សម្រាប់សហគមន៍ទាំងមូល។ លោកអភិបាលរង បានបន្ថែមពីសារៈសំខាន់ នៃកិច្ចសហប្រតិបត្តិការរវាងស្ថាប័នរដ្ឋ ជាមួយនឹងសហគមន៍មូលដ្ឋាន ក្នុងការរួមគ្នាកសាងប្រព័ន្ធស្បៀងអាហារ ឱ្យកាន់តែរឹងមាំ និងបរិយាបន្ន។
ទន្ទឹមនឹងនេះ លោកស្រី REBEKAH BELL តំណាងអង្គការ (FAO) បានគូសបញ្ជាក់ពីទំនាក់ទំនងរវាងអង្គការ (FAO) និងរាជរដ្ឋាភិបាលកម្ពុជា និងប្រជាសហគមន៍មូលដ្ឋាន ដែលគិតគូរពីអនាគត ដែលធានាបាននូវសន្តិសុខស្បៀងរឹងមាំ តាមរយៈភាពជាដៃគូ ការកសាងទំនុកចិត្ត ប្រកបដោយភាពជឿជាក់ និងធានាថា មិនមាននរណាម្នាក់ ត្រូវបានទុកចោលនោះឡើយ។
បន្ថែមពីនេះ លោកស្រី ផាក យ៉ុងណាន តំណាងកម្មវិធីស្បៀងអាហារពិភពលោក (WFP) បានលើកឡើងពីសារៈសំខាន់ នៃកម្លាំងរួមគ្នារវាងសហគមន៍ រាជរដ្ឋាភិបាល យុវជន និងប្រជាកសិករ លើការកសាងអនាគតរបស់ពួកគាត់ ឲ្យបានល្អប្រសើរ។
តាមរយៈកម្មវិធីនេះ លោកស្រីជឿជាក់ថា សន្តិសុខស្បៀងកើតចេញពីកិច្ចខិតខំប្រឹងប្រែង គ្រប់តួអង្គពាក់ព័ន្ធទាំងអស់ ដើម្បីផលិតអាហារូបត្ថម្ភដ៏សម្បូរបែប និងប្រែក្លាយឧបសគ្គ ទាំងឡាយទៅជាកាលានុវត្តភាព ដើម្បីកសាងជីវិតរស់នៅឲ្យកាន់តែប្រសើរ និងរួមគ្នាបង្កើតក្តីសង្ឃឹមថ្មី ដើម្បីឆ្ពោះទៅយកនូវអនាគតដ៏ត្រចះត្រចង់សម្រាប់កម្ពុជា។
ស្ថិតក្រោមមូលបទ «យើងពួតដៃគ្នា ដើម្បីមានអាហារ និងអនាគត កាន់តែប្រសើរ» លោករដ្ឋលេខាធិការ បានសម្តែងក្តីសោមនស្សរីករាយ និងបានលើកឡើងពីតួនាទីដ៏សំខាន់ របស់វិស័យកសិកម្ម និងកិច្ចខិតខំប្រឹងប្រែងរួមគ្នា ក្នុងគោលដៅជំរុញវឌ្ឍនភាពវិស័យមួយនេះទៅអនាគត។
លើសពីនេះ ចាប់តាំងពីការរៀបចំ លើកដំបូងកាលពីឆ្នាំ១៩៨១ ទិវាស្បៀងអាហារពិភពលោកនេះ បានក្រើនរំឭកយើងពីតួនាទីដ៏សំខាន់របស់វិស័យកសិកម្ម ដើម្បីធានាបាននូវសន្តិសុខស្បៀង អាហារូបត្ថម្ភ និងការអភិវឌ្ឍជនបទ ស្របពេលនៃការចូលរួមអបអរទិវាដ៏មានអត្ថន័យនេះ ជាមួយពិភពលោក, កម្ពុជាសូមបង្ហាញនូវការប្ដេជ្ញាចិត្ត តាមរយៈការធ្វើសកម្មភាពរួមគ្នា សំដៅឆ្ពោះទៅរកពិភពលោកមួយ ដែលគ្មានភាពអត់ឃ្លាន។
នៅចំពោះមុខអង្គពិធី លោករដ្ឋលេខាធិការ មាស ពិសិដ្ឋ បានផ្តល់អនុសាសន៍ ក្នុងការបង្កើនការសហការ ជាមួយតួអង្គពាក់ព័ន្ធទាំងអស់ ពិនិត្យពីផលប៉ះពាល់ និងការខូចខាតគ្រប់អនុវិស័យ ជំរុញការចាក់វ៉ាក់សាំងការពារជំងឺឆ្លងផ្សេងៗ សំដៅជួយសង្គ្រោះ និងស្តារបានទាន់ពេលវេលា ជាពិសេសទប់ស្កាត់បទល្មើសខុសច្បាប់គ្រប់ប្រភេទ និងជំរុញការធ្វើកសិកម្ម តាមកិច្ចសន្យាសម្រាប់ពាណិជ្ជកម្ម។
មិនត្រឹមតែប៉ុណ្ណោះ ត្រូវបង្កើនផលិតភាពកសិកម្ម សំដៅធានាសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ព្រមទាំងចូលរួមគាំទ្រនូវគោលនយោបាយអាទិភាពទី៥ និងទី៦ ក៏ដូចជាការកសាងសហគមន៍កសិកម្មទំនើប ដែលផ្តល់អត្ថប្រយោជន៍ជាច្រើនសម្បូរបែប។ នេះជាការបញ្ជាក់បន្ថែម របស់លោករដ្ឋលេខាធិការ មាស ពិសិដ្ឋ។
លោករដ្ឋលេខាធិការ ក៏បានថ្លែងអំណរគុណ ចំពោះក្រសួង-ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ កម្មវិធីស្បៀងអាហារពិភពលោក (WFP) អង្គការ (FAO) ព្រមទាំងដៃគូអភិវឌ្ឍន៍ វិស័យឯកជន និងប្រជាពលរដ្ឋ ដែលបានរួមចំណែកដ៏សំខាន់ ក្នុងការរៀបចំ និងប្រារព្ធទិវាដ៏មានអត្ថន័យនេះ និងរក្សាឱ្យមានសន្តិសុខស្បៀង សុវត្ថិភាពស្បៀង និងអាហារូបត្ថម្ភល្អជារៀងរហូត៕