Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋមន្ដ្រី ឆាយ ឫទ្ធិសែន អញ្ជើញបើកការដ្ឋានសាងសង់ផ្លូវក្រាលកៅស៊ូ DBST និងផ្លូវក្រាលបេតុង សរុបចំនួន ៦ខ្សែ នៅក្នុងស្រុកទឹកផុស និងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង

17-10-2025 12:02

(កំពង់ឆ្នាំង)៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ នាព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវជនបទ ដោយក្រាលកៅស៊ូពីរជាន់ (DBST) និងក្រាលបេតុង សរុបចំនួន ៦ខ្សែ មានប្រវែងសរុប ៤០,៥០គីឡូម៉ែត្រ ស្ថិតនៅក្នុងស្រុកទឹកផុស និងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដើម្បីលើកកម្ពស់សេដ្ឋកិច្ចនៅតំបន់ជនបទ។

ពិធីនេះបានរៀបចំឡើងនៅភូមិស្រែអ៊ុក ឃុំតាំងក្រសាំង ស្រុកទឹកផុស ដោយមានការចូលរួមពីសំណាក់លោករដ្ឋលេខាធិការប្រចាំការ, ថ្នាក់ដឹកនាំក្រសួងអភិវឌ្ឍន៍ជនបទ, លោក ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត, លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង, ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តគោលដៅ, មន្ដ្រីរាជការ, កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ, យុវជន, សិស្សានុសិស្ស, ប្រជាពលរដ្ឋ សរុបប្រមាណ ១ ០០០នាក់។

បើតាមលោក អ៊ុក ពញ្ញា រដ្ឋលេខាធិការ និងជានាយកគម្រោង បានឡើងធ្វើរបាយការណ៍សង្ខេប ដោយបានបញ្ជាក់អំពីគម្រោងគាំទ្រនិរន្តរភាពហេដ្ឋារចនាសម្ព័ន្ធជនបទ ដើម្បីទីផ្សារកសិករ និងពាណិជ្ជូបនីយកម្មកសិកម្ម (SAAMBAT) ដែលគជាម្រោងកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលកម្ពុជា ជាមួយដៃគូរអភិវឌ្ឍន៍ មានដូចជាៈ (IFAD), (EIB) និង(EU-AIF) ដែលអនុវត្តដោយក្រសួងអភិវឌ្ឍន៍ជនបទ។

លោក អ៊ុក ពញ្ញា បានបន្ថែមថា គម្រោងត្រូវស្ថាបនាជាផ្លូវក្រាលកៅស៊ូពីរជាន់ និងបេតុងសរុបចំនួន ៦៦ខ្សែ ប្រវែងសរុប ៥៣៧គីឡូម៉ែត្រ, កែលម្អផ្សារសហគមន៍ចំនួន ៦ផ្សារ សាងសង់កំពង់ដសហគមន៍ចំនួន ៤ និងសាងសង់កន្លែងប្រមូលផ្តុំផលិតផលសម្រាប់បណ្តុំកសិករចំនួន ៥កន្លែង មានអ្នកទទួលផលសរុប ២៦១ ៤៧៦គ្រួសារ ស្មើនឹង ១ ១២៣ ៦៣៥នាក់ ក្នុងនោះស្រី ៥៧៥ ៧៦៧នាក់ នៅក្នុងខេត្តចំនួន១២ រួមមាន៖ ខេត្តកំពត តាកែវ កណ្តាល ស្វាយរៀង កំពង់ចាម កំពង់ធំ ព្រះវិហារ ស្ទឹងត្រែង បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ និងខេត្តកំពង់ឆ្នាំង។

បន្ទាប់ពីបានស្ដាប់របាយការណ៍រួច លោក ឆាយ ឫទ្ធិសែន បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការរីកចម្រើន និងសមិទ្ធផលនានាពេលកន្លងមកលើគ្រប់វិស័យ ទាំងផ្នែកសន្តិសុខ សណ្តាប់ធ្នាប់ សេដ្ឋកិច្ច សង្គម និងវប្បធម៌ ព្រមទាំងបានសម្ដែងសេចក្ដីសោមនស្សរីករាយ និងអបអរសារទរចំពោះប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ឆ្នាំង ពិសេសប្រជាពលរដ្ឋដែលរស់នៅក្នុងស្រុកទឹកផុស និងស្រុកកំពង់ត្រឡាច ដែលទទួលបានសមិទ្ធិផលថ្មីនាឱកាសនេះ។

លោករដ្ឋមន្រ្ដី បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំបន្តវេនប្រកបដោយគតិបណ្ឌិតរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បាននិងបន្តយកចិត្តទុកដាក់ថែរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍លើផ្ទៃប្រទេស ព្រមទាំងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមកម្ពុជា ក្នុងគោលដៅសម្រេចឱ្យបានចក្ខុវិស័យកម្ពុជា ជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

លោករដ្ឋមន្រ្ដី ក៏បានបន្ដជម្រាបជូនអំពីគោលនយោបាយអភិវឌ្ឍន៍ជនបទ ដែលមានចក្ខុវិស័យ កសាងសង្គមជនបទកម្ពុជាឱ្យមានវិបុលភាពប្រកបដោយបរិយាបន្ន និងចីរភាពទាំងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ដោយក្រសួងកំពុងយកចិត្តទុកដាក់លើការលើកកម្រិតគុណភាពហេដ្ឋារចនាសម្ព័ន្ធ និងគមនាគមន៍ជនបទ ដូចពាក្យស្លោក «មានផ្លូវគឺមានក្តីសង្ឃឹម»

បន្ថែមពីនេះលោករដ្ឋមន្រ្ដី បានគូសបញ្ជាក់ថា សមិទ្ធផលដែលសម្រេចបាន និងអង្គពិធីដ៏អធិកអធមនាពេលនេះ អាចប្រព្រឹត្តទៅបានគឺដោយសារគុណបំណាច់នៃសុខសន្តិភាព ដែលកើតចេញពីការលះបង់ដ៏ធំធេង និងការខិតខំប្រឹងប្រែងឥតឈប់ឈរដើម្បីជាតិ និងប្រជាជន ដោយយកជីវិតធ្វើជាដើមទុនរបស់សម្តេចតេជោ ហ៊ុន សែន ជាបិតាសន្តិភាព ស្ថាបនិកមគ្គុទេសក៍ឯក និងប្រតិបត្តិករនយោបាយឈ្នះឈ្នះ ដែលនាំមកនូវឯកភាពជាតិ និងសន្ដិភាពពេញលេញទូទាំងប្រទេស៕