Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលស្រុកតាំងគោក បើកការដ្ឋានសាងសង់ផ្លូវបេតុងប្រវែង ១គីឡូម៉ែត្រ នៅឃុំជ្រលង ស្រុកតាំងគោក ជាគម្រោងមូលនិធិឃុំឆ្នាំ២០២៥

17-10-2025 11:36

(កំពង់ធំ)៖ លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥នេះ បានអញ្ជើញបើកការដ្ឋានសាងសង់ផ្លូវបេតុង ១ខ្សែ ប្រវែង ១,០០០ម៉ែត្រ ទទឹង ៥ម៉ែត្រ កម្រាសបេតុង ០,១៥ម៉ែត្រ ស្ថិតនៅភូមិត្រពាំងច្រនាង និងភូមិសេរីចំប៉ា ឃុំជ្រលង ស្រុកតាំងគោក ខេត្តកំពង់ធំ ។

ក្នុងពិធីបើកការរដ្ឋានសាងសង់ផ្លូវបេតុងនេះ លោក អភិបាលស្រុកតាំងគោក បានបញ្ជាក់ថា ផ្លូវបេតុងដែលនឹងត្រូវសាងសង់នៅពេលនេះ គឺពិតជាមានសារៈសំខាន់សម្រាប់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងឃុំជ្រលង ក៏ដូចជាប្រជាពលរដ្ឋ ទូទាំងស្រុកតាំងគោក ព្រោះនៅពេលផ្លូវបេតុងនេះសាងសង់រួច នឹងជួយសម្រួលដល់ការធ្វើដំណើរទៅវិញទៅមក ពិសេសមានភាពងាយស្រួលក្នុងការដឹកកសិផលរបស់ប្រជាពលរដ្ឋនៅទូទាំងឃុំ ទៅកាន់ទីផ្សារ។

លោក ហាក់ ម៉ុងហួត ក៏បានបញ្ជាក់ផងដែរថា ផ្លូវនេះជាគម្រោងមូលនិធិ ឃុំដែលជា ថវិការបស់រាជរដ្ឋាភិបាលមួយកញ្ចប់ ដែលប្រគល់ឲ្យឃុំសម្រាប់ចាត់ចែង និងអភិវឌ្ឍន៍ តាមតម្រូវការរបស់ប្រជាពលរដ្ឋជាក់ស្ដែង។ ផ្លូវទាំង នេះមិនមែនជាសិទ្ធរបស់អ្នកណាម្នាក់នោះទេ តែគឺជារបស់រួមដែលយេីងទាំងអស់គ្នាត្រូវចេះថែរក្សា និងចូលរួមសហការពិនិត្យមើលឲ្យបានត្រឹមត្រូវពេលដែលក្រុមហ៊ុនសាងសង។

លោកអភិបាលស្រុក ក៏បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលទាំងឡាយ ដែលរដ្ឋបាលឃុំសម្រេចបានដែលកើតចេញពីការរួបរួមសាមគ្គីគ្នា រវាងថ្នាក់ដឹកនាំ មន្ត្រីរាជការ ពិសេសការចូលរួម និងសហការបានល្អរបស់ប្រជាពលរដ្ឋទាំងអស់។ បន្ថែមពីនេះលោកក៏បានជំរុញឱ្យក្រុមហ៊ុន ដែលទទួលការសាងសង់ត្រូវធានាឱ្យបានតាមបទដ្ឋានបច្ចេកទេស ដើម្បីផ្លូវមានគុណភាព និងប្រើប្រាស់បានយូរអង្វែង ត្រូវបញ្ចប់ការសាងសង់តាមផែនការកំណត់ និងគ្រប់អ្នកពាក់ព័ន្ធទាំងអស់ត្រូវដើរតួនាទីជាអ្នកត្រួតពិនិត្យគុណភាពផ្លូវឱ្យបានហ្មត់ចត់បំផុត។

លោក ហាក់ ម៉ុងហួត ក៏បានក្រេីនរំលឹក និងលេីកទឹកចិត្តដល់អាជ្ញាធរ ភូមិ ឃុំ ចូលរួមត្រួតពិនិត្យនូវការសាងសងជៀសវាងមានផលប៉ះពាល់ប្រយោជន៍របស់ប្រជាពលរដ្ឋ។ ឆ្លៀតក្នុងឱកាសនោះដែរ លោកក៏បានជំរុញឲ្យប្រជាពលរដ្ឋ រួបរួមសាមគ្គីគ្នា និងលេីកទឹកចិត្តដល់កងទ័ពជួរមុខដែលកំពុងប្រឈមមុខជាមួយនឹងការឈ្លានពានទឹកដី ពីប្រទេសសៀមផងដែរ៕