Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ចេញសេចក្ដីថ្លែងការណ៍ទាត់ចោលសម្ដីរបស់យោធាថៃថា «កន្លែងដែលទាហានថៃបានជាន់ គឺជាទឹកដីថៃ, កម្ពុជាទាមទារឲ្យថៃគោរពកិច្ចព្រមព្រៀងដែលបានធ្វើជាមួយគ្នា (Video inside)

17-10-2025 11:11

(ភ្នំពេញ)៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥នេះ បានចេញសេចក្ដីថ្លែងការណ៍ទាត់ចោលនូវខ្លឹមសារដែលសារព័ត៌មានថៃ បានចុះផ្សាយដោយដកស្រង់សម្ដីរបស់មន្ដ្រីយោធាថៃថា «កន្លែងដែលទាហានថៃបានជាន់ គឺជាទឹកដីរបស់ថៃ»។ ការអះអាងបែបនេះ សំដៅលើដីនៅភូមិព្រៃចាន់ និងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលពួកគេបានដាក់របងលួសបន្លាកាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ ដោយបានឈូសឆាយ និងរាវមីននៅទីនោះជាឯកតោភាគី។

អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានគូសបញ្ជាក់ថា ព្រំដែនកម្ពុជា និងថៃគឺជាព្រំដែនអន្តរជាតិរវាងរដ្ឋ និងរដ្ឋ ដែលត្រូវបានកំណត់ដោយអនុសញ្ញាឆ្នាំ១៩០៤ និងសន្ធិសញ្ញាឆ្នាំ១៩០៧ ព្រមទាំងផែនទីខ្នាត ១/២០០,០០០ និងមានបង្គោលព្រំដែនចំនួន ៧៤បង្គោល ដែលត្រូវបានបោះកាលពីជាង១០០ឆ្នាំមុន។ ខ្សែព្រំដែននេះមានតម្លៃផ្លូវច្បាប់ រឹងមាំដែលត្រូវបានការពារដោយធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ ដែលមិនអាចត្រូវបានកែប្រែ ជាឯកតោភាគីដោយភាគីណាមួយបានឡើយ។

អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានបន្ថែមទៀតថា គណៈកម្មការចម្រុះព្រំដែន (JBC) ដែលបានព្រមព្រៀង រវាងប្រទេសទាំងពីរ (កម្ពុជា-ថៃ) មានសមត្ថកិច្ចក្នុងការវាស់វែង និងកំណត់ខណ្ឌសីមារវាងប្រទេសទាំងពីរ។ ក្នុងពេលរង់ចាំការវាស់វែង និងការកំណត់ខណ្ឌសីមារបស់ BC កម្ពុជាប្រកាន់ជំហរដោះស្រាយបញ្ហាដោយសន្តិវិធី ដោយផ្អែកលើសន្ធិសញ្ញា និងកិច្ចព្រមព្រៀងទាំងឡាយរវាងប្រទេសទាំងពីរ ព្រមទាំងច្បាប់អន្តរជាតិជាធរមាន។ កម្ពុជាសូមទាមទារឲ្យភាគីថៃគោរពនូវអ្វីដែលបានព្រមព្រៀងគ្នា ដោយទុកឲ្យ JBC ប្រជុំដោះស្រាយបញ្ហាខណ្ឌសីមា ចៀសវាងការធ្វើសកម្មភាពបង្កហេតុណាមួយ ដែលនាំទៅដល់ការពង្រីកវិសាលភាពនៃទំនាស់។

រាជរដ្ឋាភិបាលកម្ពុជា ប្រកាន់ខ្ជាប់គោលជំហរយ៉ាងម៉ឹងម៉ាត់ចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ខ្លួន ដោយមិនទទួលយកជាដាច់ខាតនូវការប្រកាសជាឯកតោភាគីរបស់យោធាថៃ ពីព្រោះយោធាគ្មានសមត្ថកិច្ចក្នុងការសម្រេចអំពីខណ្ឌសីមារបស់ប្រទេសនោះឡើយ ហើយការប្រកាសបែបនេះក៏គ្មានតម្លៃគតិយុត្តនោះដែរ។

ទោះបីជារាជរដ្ឋាភិបាលកម្ពុជា សម្ដែងការអត់ធ្មត់ ក្នុងអំឡុងពេលអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់ ដើម្បីចៀសវាងការផ្ទុះអាវុធដែលអាច បង្កមហន្តរាយធំធេងដល់ប្រទេសជាតិ និងប្រជាជនទាំងសងខាង ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជាមិនបោះបង់សិទ្ធិក្នុងការទាមទារដែនអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីរបស់ខ្លួន ស្របតាមអនុសញ្ញា សន្ធិសញ្ញា និងច្បាប់អន្តរជាតិឡើយ៕