រដ្ឋមន្ត្រី ប៉េង ពោធិ៍នា នាំយករង្វាន់ម៉ូតូ ចែកជូនដល់សិស្សនិទ្ទេស A ចំនួន ៥៤រូប នៅស្រុកកោះធំ និងស្រុកស្អាង ខេត្តកណ្តាល
17-10-2025 10:32
(កណ្តាល)៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកោះធំ និងស្រុកស្អាង នាព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីក្នុងពីធីសំណេះសំណាលជាមួយ លោកគ្រូ អ្នកគ្រូ និងផ្តល់រង្វាន់ជ័យលាភី ម៉ូតូ ជូនដល់សិស្សប្រឡងជាប់សញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិនិទ្ទេស A សម័យប្រឡង ២៨ សីហា ២០២៥ ក្នុងស្រុកកោះធំ និងស្រុកស្អាង ខេត្តកណ្តាល។
ពិធីនេះក៏មានការចូលរួមពីអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកោះធំ និងស្រុកស្អាង លោក លោកស្រី ក្រុមប្រឹក្សាស្រុក គណៈអភិបាល ក្រុមប្រឹក្សាឃុំ នៃស្រុកកោះធំ និងស្រុកស្អាង មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សជាច្រើនរូបទៀត។
បេក្ខជនប្រឡងជាប់សរុបក្នុងស្រុកកោះធំ មានចំនួន ៦១៣នាក់ ស្មើនឹង ៨១.១៩% នៃបេក្ខជនដែលបានមកប្រឡង បើធៀបឆ្នាំ២០២៤ កើនឡើង ២.១៩% ក្នុងនោះនិទ្ទេស “A” ចំនួន ២៧នាក់ និងបេក្ខជនប្រឡងជាប់នៅស្រុកស្អាងមានចំនួន ១ ០៣០នាក់ ស្មើនឹង ៨៥.៧៧% នៃបេក្ខជនដែលបានមកប្រឡង ធៀបឆ្នាំ២០២៤ កើនឡើង ៩.៣៥% ក្នុងនោះនិទ្ទេស“A” ២៧នាក់។
ថ្លែងក្នុងអង្គពិធី លោក ប៉េង ពោធិ៍នា បានសម្ដែងនូវការកោតសរសើរ និងអបអរសាទរចំពោះសិស្សទាំងអស់ដែលខិតខំសិក្សារៀនសូត្ររហូតប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ក៏ដូចជាចូលរួមត្រេកអរជាមួយ ឪពុកម្តាយ អាណាព្យាបាល លោកគ្រូ អ្នកគ្រូ ទាំងអស់ដែលខិតខំបង្រៀន និងទំនុកបម្រុងរហូតទទួលបានលទ្ធផលល្អត្រចះត្រចង់ក្នុងការសិក្សានេះ ច្បាស់ណាស់ថា លទ្ធផលដ៏ល្អនេះកើតចេញពីការខិតខំប្រឹងប្រែងផ្ទាល់របស់ក្មួយៗ គួបផ្សំជាមួយនឹងការជួយជ្រោមជ្រែងពីសំណាក់លោកគ្រូ អ្នកគ្រូ និងការគាំទ្រពីសំណាក់ឪពុកម្ដាយ អាណាព្យាបាល ព្រមទាំងសហគមន៍។ ជាមួយគ្នានេះលោកប្រធាន ក៏បានលើកទឹកចិត្តដល់សិស្ស ដែលមិនបានប្រឡងជាប់ សូមបន្តខិតខំសិក្សារៀនសូត្រ កុំបោះបង់ចោលការសិក្សា ហើយសូមជូនពរឱ្យប្រឡងជាប់ក្នុងឆ្នាំសិក្សាថ្មីនេះ។
លោក ប៉េង ពោធិ៍នា ក៏ផ្តាំផ្ញើរដល់សិស្សទាំងអស់ក្រៅពីការខិតខំប្រឹងប្រែងខិតខំរៀនសូត្រ ធ្វើយ៉ាងណាចៀសឱ្យឆ្ងាយពីគ្រឿងញៀន ងាកចេញពីអំពើអបាយមុខផ្សេងៗ តាមរយៈការ ចូលរួមលេងកីឡាគ្រប់ប្រភេទ និងសូមប្រើប្រាស់អ៊ីនធឺណែត និងបណ្តាញសង្គម ដោយប្រយ័ត្នប្រយែងផងដែរ ដោយសារខ្លឹមសារមួយចំនួនដែលត្រូវបានចែកចាយ មានលក្ខណៈ អវិជ្ជមាន ឬបំពុលសង្គម ពោលគឺព្យាយាមប្រើប្រាស់វិស័យឌីជីថល ជាប្រយោជន៍នៃការ សិក្សារៀនសូត្រ ឬ ការស្រាវជ្រាវឱ្យបានជាអតិបរមា ជាជាងចំណាយពេលច្រើនសម្រាប់គ្រាន់តែជាការកំសាន្តសប្បាយ។
លោកបានរំលឹកផងដែរថា ការសិក្សាបច្ចុប្បន្នមានលក្ខណៈងាយស្រួលជាងកាលពីមុន ព្រោះសព្វថ្ងៃនេះ ដោយប្រទេសជាតិយើងមានភាពរីកចម្រើន និងការអភិវឌ្ឍធ្វើឱ្យក្មួយៗ មានលទ្ធភាពច្រើនក្នុងការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន ឬអីនធឺណែត ដើម្បីជាជំនួយក្នុង ការស្រាវជ្រាវ។ ការសិក្សាគឺជាការវិនិយោគដ៏ត្រឹមត្រូវបំផុតសម្រាប់ក្មួយៗ និងសង្គមជាតិ ពីព្រោះបើក្មួយៗបានសិក្សារៀនសូត្រខ្ពស់ ក្មួយៗអាចចូលរួមចំណែកបានច្រើនជាមួយរាជរដ្ឋាភិបាល ដើម្បីបន្តដឹកនាំ និងអភិវឌ្ឍប្រទេសជាតិយើងឱ្យកាន់តែរីកចម្រើនបន្ថែមទៀត៕