Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

គម្រោងអាសិត (ASSET)ដែលជំរុញកម្ពុជាឆ្ពោះទៅរកប្រព័ន្ធស្បៀងអាហារប្រកបដោយនិរន្តរភាព សុវត្ថិភាព និងបរិយាប័ន្ន  បានបិទបញ្ចប់ ក្រោយអនុវត្ត៥ឆ្នាំ និងបានគាំទ្រគោលនយោបាយផ្នែកកសិអេកូឡូស៊ី នៅកម្ពុជា

17-10-2025 07:56

(បាត់ដំបង)៖ គម្រោងវិវឌ្ឍនាការកសិអេកូឡូស៊ី និងប្រព័ន្ធស្បៀងអាហារសុវត្ថិភាពនៅតំបន់អាស៊ីអាគ្នេយ៍ ឬ គម្រោង ASSET ដែលបានចាប់ផ្ដើម ចាប់តាំងពីកក្កដា ឆ្នាំ២០២០ បានបញ្ចប់ជាផ្លូវការនូវសកម្មភាពរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា ដោយបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការរៀបចំឡើងវិញនូវប្រព័ន្ធកសិកម្មរបស់កម្ពុជា ដោយនាំយកវិទ្យាសាស្ត្រ ឧត្ដមានុវត្តកសិកម្ម និងការគាំទ្រគោលនយោបាយសមស្រប ដើម្បីជំរុញប្រព័ន្ធស្បៀងអាហារទៅកាន់និរន្តរភាព បរិយាប័ន្ន និងសុវត្ថិភាពជាងមុន។

សម្របសម្រួលដោយ អង្គការហ្គ្រេត (GRET) និង ស៊ីរ៉ាត (CIRAD) នៅប្រទេសកម្ពុជា ឡាវ និងវៀតណាម និងផ្តល់មូលនិធិដោយទីភ្នាក់ងារអភិវឌ្ឍបារាំង (AFD), សហភាពអឺរ៉ុប (EU), និងមូលនិធិបារាំងសម្រាប់បរិស្ថានសកល (FFEM) គម្រោងអាសិត (ASSET) ដើរតួជាវេទិកាដ៏សំខាន់មួយសម្រាប់ការផ្លាស់ប្ដូរទៅរកកសិអេកូឡូស៊ីនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។

លោកស្រី កែវ សុជាតា តំណាងប្រចាំប្រទេសនៃអង្គការហ្គ្រេត (GRET) និងគម្រោងអាសិតនៅកម្ពុជា មានប្រសាសន៍ថា ភាពខ្លាំងយ៉ាងពិតប្រាកដមួយនៃគម្រោងអាសិត (ASSET) គឺភាពជាដៃគូពហុភាគី ដែលគ្រប់គ្នាបានចូលរួមចំណែកតាមជំនាញរៀងៗខ្លួន និងរៀនពីគ្នាទៅវិញទៅមក។ ក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ គម្រោងបានរួមបញ្ចូលគ្នានូវការអនុវត្ត សកម្មភាពស្រាវជ្រាវលើទីវាល, ការផ្សារភ្ជាប់បណ្តាញអ្នកពាក់ព័ន្ធផ្នែកកសិអេកូឡូស៊ី, និងកិច្ចសន្ទនាគោលនយោបាយនៅគ្រប់កម្រិត ។

តាំងពីដើមមក អង្គការហ្គ្រេត (GRET) ជាអ្នកសម្របសម្រួលទូទៅ និង ស៊ីរ៉ាត (CIRAD) ជាអ្នកដឹកនាំខាងផ្នែកវិទ្យាសាស្ត្រ បានធ្វើការរួមគ្នាជាមួយ អគ្គនាយកដ្ឋានកសិកម្ម (GDA) ជាពិសេសជាមួយ នាយកដ្ឋានគ្រប់គ្រងធនធានដីកសិកម្ម (DALRM), វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ITC, មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៃខេត្តបាត់ដំបង និងព្រះវិហារ, សម្ព័ន្ធកសិកម្មអភិរក្ស និងប្រពលវប្បកម្មនិរន្តភាពកម្ពុជា (កាស៊ីក - CASIC), សហគមន៍កសិកម្មដូចជា សហភាពសហគមន៍កសិកម្មបាត់ដំបង (BUAC), សហភាពសហគមន៍ កសិកម្មព្រះវិហារមានជ័យ (PMUAC) និងដៃគូអន្តរជាតិជាច្រើនដូចជាអង្គការ Swisscontact, UNI4COOP , IRD, និង CDE ដើម្បីប្រមូលផ្តុំនូវសហគមន៍តួអង្គកសិអេកូឡូស៊ីដ៏ទូលំទូលាយមួយ ដែលរួមបញ្ចូលអ្នកវិទ្យាសាស្ត្រ អង្គការក្រៅរដ្ឋាភិបាល សាកលវិទ្យាល័យ សហគមន៍កសិកម្ម និងស្ថាប័នសាធារណៈ និងឯកជន។

*សមិទ្ធិផល និងកេរ្តិ៍ដំណែលនានា

ក្នុងរយៈពេល៥ឆ្នាំដែលបានអនុវត្តនៅកម្ពុជា គម្រោងអាសិត (ASSET) បានបង្កើត ឯកសារចំណេះដឹងផ្នែកកសិអេកូឡូស៊ីជាង៣៥មុខ។ ធនធានទាំងនេះ រាប់ចាប់ពីឯកសារស្រាវជ្រាវ ការផ្សព្វផ្សាយចំណេះដឹង ដល់វីដេអូបណ្តុះបណ្តាល និងឧបករណ៍ផ្សព្វផ្សាយផ្សេងៗទៀត។ ស្របជាមួយគ្នានេះដែរ គម្រោងក៏បានគាំទ្រដល់និស្សិតចំនួន១៩នាក់ ក្នុងថ្នាក់បណ្ឌិត និងអនុបណ្ឌិតនៅកម្ពុជា និងបានផ្តល់អត្ថប្រយោជន៍ដោយផ្ទាល់ដល់កសិករជាង ៣០០គ្រួសារ និងធ្វើឱ្យការអនុវត្តកសិកម្មប្រសើរឡើងនៅលើផ្ទៃដីប្រមាណ៧០០ហិកតា។ លើសពីនេះ កញ្ចប់ជំនួយខ្នាតតូចចំនួន៧ ត្រូវបានផ្តល់ជូនដោយបណ្តាញកសិអេកូឡូស៊ីនៅអាស៊ីអាគ្នេយ៍ (ALiSEA ) ដល់គំនិតផ្តួចផ្តើមផ្នែកកសិអេកូឡូស៊ីក្នុងប្រទេសកម្ពុជា។
ឯកសារចំណេះដឹងដែលបានបង្កើតឡើង ត្រូវបានចងក្រងនៅក្នុងបណ្ណាល័យអនឡាញ ដើម្បីប្រើប្រាស់ជាធនធានយូរអង្វែងសម្រាប់អ្នកអនុវត្តកសិអេកូឡូស៊ី អ្នកបង្កើតគោលនយោបាយ និងអ្នកអប់រំនៅក្នុងប្រទេសកម្ពុជា និងក្នុងតំបន់។

* គោលនយោបាយ វិទ្យាសាស្ត្រ និងការអនុវត្ត

ថ្លែងក្នុងពិធីបិទគម្រោងនេះ លោកបណ្ឌិត ចាន់ សារុទ្ធ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានគូសបញ្ជាក់អំពីតួនាទីជាយុទ្ធសាស្ត្ររបស់ គម្រោងអាសិត (ASSET) ក្នុងការងារពង្រឹងនវានុវត្តន៍កសិកម្ម ដែលដើរស្របជាមួយនឹងអាទិភាពជាតិ។

លោកបានលើកឡើងថា តាមរយៈការសហការយ៉ាងរឹងមាំរវាងស្ថាប័នជាតិ ដៃគូអនុវត្តគម្រោង និងស្រាវជ្រាវកសិកម្ម និងដៃគូអភិវឌ្ឍជាតិ និងអន្តរជាតិ គម្រោង ASSET បានផ្សារភ្ជាប់វិទ្យាសាស្ត្រកសិកម្ម ការអនុវត្ត និងគោលនយោបាយឱ្យកាន់តែជិតស្និទ្ធជាមួយគ្នា បង្កើតមូលដ្ឋានគ្រឹះសម្រាប់ការផ្លាស់ប្តូររយៈពេលវែងក្នុងវិស័យកសិកម្មរបស់យើង។

លោកបានបន្ថែមថា គម្រោងក៏បានដើរតួនាទីយ៉ាងសំខាន់ក្នុងគាំទ្រលើគោលនយោបាយមិនត្រឹមតែនៅថ្នាក់មូលដ្ឋាន និងថ្នាក់ជាតិប៉ុណ្ណោះទេ ថែមទាំងក្នុងតំបន់ផងដែរ។ តាមរយៈ គម្រោង ASSET កម្ពុជាក៏បានចូលរួមក្នុងដំណើរការបង្កើត គោលការណ៍ណែនាំអាស៊ានស្តីអំពីវិវឌ្ឍនាការកសិអេកូឡូស៊ី ដែលនឹងដើរតួជាឯកសារយោងដ៏សំខាន់ សម្រាប់សុខដុមនីយកម្មគោលនយោបាយនាពេលអនាគត និងកិច្ចសហប្រតិបត្តិការក្នុងចំណោមរដ្ឋសមាជិក។

លោកបណ្ឌិត ចាន់ សារុទ្ធ ក៏បានសង្កត់ធ្ងន់លើសារៈសំខាន់នៃនិរន្តរភាព«យុទ្ធសាស្ត្រចាកចេញប្រកបដោយប្រសិទ្ធភាពគឺមានសារៈសំខាន់ណាស់ ដើម្បីធានាថាចំណេះដឹង និងកិច្ចសហការដែលបង្កើតឡើងក្រោម គម្រោងអាសិត (ASSET) នឹងនៅតែបន្តគម្រោងនឹងត្រូវបញ្ចប់។

លោកបណ្ឌិត សេង វ៉ាង ប្រធាននាយកដ្ឋានគ្រប់គ្រងធនធានដីកសិកម្ម នៃអគ្គនាយកដ្ឋានកសិកម្ម (GDA) បានថ្លែងថា គម្រោងអាសិត បានចូលរួមលើកកម្ពស់ការធ្វើកសិកម្មនៅកម្ពុជា ដែលមានលក្ខណៈមេត្រីភាពជាមួយ ធនធានធម្មជាតិ ដូចជាធនធានដី ជីវៈចម្រុះ ដែលឆ្លើយតបទៅនឹងការធ្លាក់ចុះគុណភាពដី និងការប្រែប្រួលអាកាសធាតុ និងលើកកម្ពស់ការផលិតស្បៀងដែលមានសុវត្ថិភាព ដែលបានផ្តល់នូវសុខុមាលភាពដល់អ្នកប្រើប្រាស់។

លោកបន្ថែមថា បើទោះបីជាគម្រោងនេះ បានបញ្ចប់ក៏ដោយ ក៏ភាគីពាក់ព័ន្ធ នៅតែបន្តរួមគ្នាអនុវត្តនូវការលើកកម្ពស់ ការធ្វើកសិកម្មតាមបែបកសិអេកូឡូស៊ី។

លោក ស្រ៊ុន បូរិន្ទ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ បានលើកឡើងថា សម្រាប់ព្រះវិហារបានអនុវត្តគម្រោងនេះ បានជួយយ៉ាងច្រើន ទៅដល់ការជួយស្តារគុណភាពដី កែប្រែទម្លាប់នៃការធ្វើកសិកម្មរបស់ប្រជាកសិករក្នុងខេត្តព្រះវិហារពីទម្លាប់ការធ្វើកសិកម្មបែបបុរាណ មកតាមបែបបច្ចេកទេសថ្មី។

លោក ជឺម ចេន កសិករនៅភូមិរស្មីសិង្ហា ឃុំរស្មីសិង្ហា ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង ដែលបានអនុវត្តកសិកម្មតាមបែបកសិអេកូឡូស៊ី បានប្រាប់ពីភាពខុសគ្នា នៃការអនុវត្តកសិកម្មធម្មតា និង កសិកម្មតាមបែបកសិអេកូឡូស៊ី

ដែលផលទទួលបានគឺខុសគ្នាខ្លាំង ដែលកន្លងមកធ្លាប់តែទទួលបានផល៤តោនក្នុងមួយហិកតា មក៨តោនក្នុងមួយហិកតា និងចំណាយថ្លៃដើមតិចជាងមុន។

បណ្តាញកសិអេកូឡូស៊ីអាស៊ីអាគ្នេយ៍ ហៅកាត់ថា ALiSEA នៅកម្ពុជា កន្លងមកក្រោមគាំទ្រតាមរយៈ គម្រោងអាសិត (ASSET) និង អង្គការ UNI4COOP ត្រូវបានដាក់ឱ្យដំណើរការជាមជ្ឈមណ្ឌលចំណេះដឹង និងជាវេទិកាផ្សារភ្ជាប់អ្នកស្រាវជ្រាវ កសិករ សង្គមស៊ីវិល និងដៃគូរដ្ឋាភិបាល។

កញ្ញា សុខ ច័ន្ទរស្មី លេខាធិការបណ្តាញALiSEA បានលើកឡើងថា សកម្មភាពនានារបស់បណ្ដាញនឹងនៅតែបន្ត តាមរយៈគម្រោងលើកកម្ពស់កសិអេកូឡូស៊ី (APP) ដែលផ្តល់មូលនិធិ ដោយ ទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ (SDC) ដែលនឹងអនុវត្តនៅកម្ពុជារហូតដល់ឆ្នាំ២០២៨ ក្នុងដំណាក់កាលទីមួយ។

គម្រោងអាសិត (ASSET) ត្រូវបានបង្កើតឡើងដើម្បីផ្លាស់ប្ដូរប្រព័ន្ធស្បៀងនៅអាស៊ីអាគ្នេយ៍ដោយការធ្វើសមាហរណកម្មកសិអេកូឡូស៊ីទៅក្នុងគោលនយោបាយកសិកម្ម របៀបវារៈស្រាវជ្រាវ និងការអនុវត្តកសិកម្ម។ ផលប៉ះពាល់វិជ្ជមាននៃគម្រោងក្នុងប្រទេសកម្ពុជាបង្ហាញបានថា វិធីសាស្ត្រដោយមានកិច្ចនៃកិច្ចសហប្រតិបត្តិការ និងផ្អែកលើភស្តុតាងវិទ្យាសាស្ត្រ ពិតជាអាចនាំមកនូវការផ្លាស់ប្តូរយ៉ាងពិតប្រាកដ ក្នុងការអនុវត្តនៅទីវាលដល់កម្រិតគោលនយោបាយតំបន់អាស៊ាន៕