Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ពាណិជ្ជករកម្ពុជា កំពុងទាក់ទាញពាណិជ្ជករឥណ្ឌូនេស៉ី ឱ្យមកវិនិយោគនៅខេត្តព្រះសីហនុ (Video inside)

17-10-2025 07:45

(​ឥណ្ឌូនេស៉ី)៖ លោកឧកញ៉ា វណ្ណ សុខហេង ស្ថាបនិកផ្សារផលិតផលខ្មែរ ២៥ខេត្ត-ក្រុង បានលើកឡើងថា ក្រុមរបស់លោកកំពុងតែព្យាយាមទាក់ទាញពាណិជ្ជករឥណ្ឌូនេស៉ី ដើម្បីវិនិយោគនៅក្នុងខេត្តព្រះសីហនុ។

លោកឧកញ៉ាបានថ្លែងបែបនេះ ក្នុងឱកាសលោកនិងពាណិជ្ជករកម្ពុជា ប្រមាណ ២៥នាក់ ចូលរួមពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិឥណ្ឌូនេស៉ី លើកទី៤០ នៅទីក្រុង BSD ដែលរៀបចំពីថ្ងៃទី១៥-១៩ ខែតុលា ឆ្នាំ២០២៥ ដោយមានប្រមាណ ១៣០ប្រទេសចូលរួម។

លោកឧកញ៉ា វណ្ណ សុខហេង បានបញ្ជាក់យ៉ាងដូច្នេះ «នៅក្នុងខេត្តព្រះសីហនុ ក៏មានជនជាតិឥណ្ឌូនេស៉ីច្រើន។ អីចឹងជាឱកាសមួយ ដែលពួកខ្ញុំចូលរួមពិព័រណ៍នេះ ដើម្បីស្វែងរកការចាប់ដៃគូ ជាពិសេសគោលបំណងចង់ទាញវិនិយោគិនឥណ្ឌូនេស៉ី វិនិយោគនៅខេត្តយើង ដើម្បីបង្កើតការងារឲ្យបានច្រើន និងជំរុញការនាំចេញ»។

លោកឧកញ៉ា មានសុទិដ្ឋិនិយមថា បើកាលណាកម្ពុជាផលិតបានផលិតផលច្រើននោះ កម្ពុជាក៏អាចនាំចេញទៅប្រទេសឥណ្ឌូនេស៉ី។ ជាមួយគ្នានះ អាចបង្កើតការងារនៅក្នុងស្រុក កាត់បន្ថយពលករចំណាកស្រុក និងកាត់បន្ថយការនាំផលិតផលចូលផងដែរ។

សូមជម្រាបថា ពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិ ឥណ្ឌូនេស៉ី លើកទី៤០ បានបើកជាផ្លូវការ នាថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥។ ព្រឹត្តិការណ៍អន្តរជាតិប្រចាំឆ្នាំនេះ រៀបចំដោយក្រសួងពាណិជ្ជកម្មឥណ្ឌូនេស៉ី ក្រោមប្រធានបទ «ស្វែងយល់ពីឧត្តមភាពរបស់ឥណ្ឌូនេស៊ី៖ ពាណិជ្ជកម្មលើសពីព្រំដែន»។

ពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិ ឥណ្ឌូនេស៉ី លើកទី៤០ មានអ្នកតាំងពិព័រណ៍ចំនួន ១ ៦១៩នាក់ និងអ្នកទិញដែលបានចុះឈ្មោះចំនួន ៨ ០៤៥នាក់ មកពី ១៣០ប្រទេស។ ពិព័រណ៍នេះត្រូវបានបែងចែកទៅជាតំបន់សំខាន់ៗចំនួន៣ គឺអាហារ និងកសិកម្ម ផលិតផលផលិតកម្ម និងសេវាកម្ម និង Lifestyle ជាមួយនឹងគោលដៅប្រតិបត្តិការចំនួន ១៦.៥ពាន់លានដុល្លារ៕