Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋលេខាធិការ សូ វិសុទ្ធី អញ្ជើញជាអធិបតីក្នុងសន្និសីទពន្លឿនធុរកិច្ចថ្មីឌីជីថល ARC ឆ្នាំ២០២៥

16-10-2025 21:02

(ភ្នំពេញ)៖ លោក សូ វិសុទ្ធី រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីក្នុងសន្និសីទពន្លឿនធុរកិច្ចថ្មីឌីជីថល ARC ឆ្នាំ២០២៥ (ARC Startup Accelerator Conference 2025) នៅមជ្ឈមណ្ឌលបច្ចេកវិទ្យា (AUPP Technology Center - ATC) នៃសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង ដៃគូអភិវឌ្ឍន៍ សភាពាណិជ្ជកម្ម វិស័យឯកជន ភ្ញៀវកិត្តិយស សាស្រ្តាចារ្យ និងនិស្សិតប្រមាណ ២៥០នាក់។

កម្មវិធី ARC Startup Accelerator មានតួនាទីពន្លឿនធុរកិច្ចថ្មីឌីជីថល និងត្រូវបានបង្កើតឡើងនៅមជ្ឈមណ្ឌលបច្ចេកវិទ្យា នៃសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ ក្រោមការគាំទ្រដោយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងមានកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុនជាច្រើន រួមមាន Kiripost, Cambodia Lifestyle, Fresh News, Coolapp, Offchain, Coti Group, Red Team Partners Global និង ChainsAtlas Pte Ltd. ជាដើម។

សន្និសីទដែលមានរយៈពេលមួយថ្ងៃពេញនេះ មានគោលបំណងប្រមូលផ្តុំសហគ្រិនធុរកិច្ចថ្មីឌីជីថលមកពីជុំវិញប្រទេសកម្ពុជា ដែលមានស្ថាបនិកជាជនជាតិខ្មែរ ឬបរទេសដែលរស់នៅក្នុងប្រទេសកម្ពុជា សំដៅផ្តល់ឱកាស ការណែនាំ ការគាំទ្រផ្នែកបច្ចេកទេស ហិរញ្ញវត្ថុ និងបរិក្ខារទំនើបៗ ដើម្បីពង្រីកអាជីវកម្ម និងទំនាក់ទំនងរបស់ពួកគេ។

សូមជម្រាបជូនថា កម្មវិធី ARC Startup Accelerator បាននិងបន្តរៀបចំកម្មវិធី និងសន្និសីទជាច្រើននៅក្នុងប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ២០២៤ មកម្លេះ ដែលធុរកិច្ចថ្មីឌីជីថលជាច្រើននៅប្រទេសកម្ពុជាដូចជា Atelier, D2D, Jish App, Mouy និង Street Smarts បានសហការ និងសិក្សាបន្ថែមអំពីបច្ចេកទេសនៃការលក់ផលិតផល និងការបញ្ចុះបញ្ចូលអតិថិជន ឬអ្នកវិនិយោគនៅកម្រិតជាតិនិងអន្តរជាតិ៕