វិភាគអន្តរជាតិ៖ ថាប្រហែលជាឱ្យ Tomahawk ទៅអ៊ុយក្រែន តើលោក ត្រាំ និយាយចោល?
16-10-2025 20:53
(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃទី១៤ ខែតុលា បាននិយាយថាលោកប្រហែលជាអាចនឹងបើកភ្លើងបៃតងលើការលក់មីស៊ីល Tomahawk ផលិតដោយ សហរដ្ឋអាមេរិកទៅឱ្យអ៊ុយក្រែន ដែលអាចនឹងផ្ដល់ឱ្យទីក្រុងកៀវនូវសមត្ថភាពវាយប្រហារលើគោលដៅស្ថិតនៅជ្រៅក្នុងទឹកដីរុស្ស៉ី។ នេះពិតជាសារមួយដែលប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ចង់ស្ដាប់ ខណៈរូបលោកកំពុងត្រៀមធ្វើទស្សនកិច្ចទៅកាន់ទីក្រុងវ៉ាស៊ីនតោននៅថ្ងៃសុក្រសប្ដាហ៍នេះ។ ក៏ប៉ុន្តែ នេះក៏ជាសារមួយដែលលោកប្រធានាធិបតីរុស្ស៉ី វ្ល៉ាឌីមៀ ពូទីន មិនចង់ស្ដាប់ និងបានព្រមានប្រឆាំងផងដែរដោយនិយាយថាការបញ្ជូនមីស៊ីលប្រភេទនេះទៅឱ្យអ៊ុយក្រែននឹងកាន់តែបង្កើនជម្លោះក្នុងសង្រ្គាមនៅអ៊ុយក្រែន។
ការគំរាមរបស់លោក ត្រាំថាអាចនឹងបញ្ជូនមីស៊ីលរយៈចម្ងាយឆ្ងាយ Tomahawk ទៅឱ្យអ៊ុយក្រែន ថាតើលោកធ្វើមែន ឬមិនធ្វើក៏ដោយ ក៏វានៅតែជាសញ្ញាមួយបង្ហាញពីការកើនឡើងនៃការខកចិត្ត របស់លោកចំពោះលោក ពូទីន ដែលបានបដិសេធធ្វើការសម្រុះសម្រួល បើទោះជាលោក ត្រាំ ព្យាយាមបញ្ចុះបញ្ចូលតាមផ្លូវការទូតយ៉ាងណាក៏ដោយ។ ក្រសួងការពារជាតិអាមេរិក ត្រូវបានរាយការណ៍ថាបានត្រៀមផែនការរួចជាស្រេចដើម្បីលក់ ឬផ្ទេរមីស៊ីល Tomahawk ទៅឱ្យអ៊ុយក្រែន ក្នុងករណីមានបញ្ជាពីលោក ត្រាំ។ ប៉ុន្តែ ការផ្ដល់អាវុធទំនើបដូចជា Tomahawk នឹងត្រូវជួបបញ្ហាប្រឈមជាច្រើន ពីព្រោះអ៊ុយក្រែនមិនមាននាវាចម្បាំង ឬប្រព័ន្ធបាញ់មីស៊ីលចេញពីដីគោកសម្រាប់បាញ់ចេញមីស៊ីល Tomahawk នោះទេ។
នេះបានន័យថាអ៊ុយក្រែនចាំបាច់ត្រូវការប្រព័ន្ធបាញ់ពីសហរដ្ឋអាមេរិកដូចជា Typhon ដើម្បីបាញ់ Tomahawk ដែលនេះជាជំហានមួយ ត្រូវបានក្រុមមន្ត្រីយោធាអាមេរិកនិយាយថានឹងជំរុញឱ្យ សហរដ្ឋអាមេរិកខិតកាន់តែកៀកទៅនឹងការប្រឈមមុខដាក់គ្នាដោយផ្ទាល់ជាមួយរុស្ស៉ី។ ម្យ៉ាង វាក៏មិនច្បាស់នោះដែរថាតើមីស៊ីល Tomahawk ប៉ុន្មានគ្រាប់ដែលសហរដ្ឋអាមេរិកអាចនឹងផ្ដល់ទៅ អ៊ុយក្រែន ហើយថាតើអ៊ុយក្រែនអាចស្ដុកទុកមីស៊ីលនេះឱ្យមានសុវត្ថិភាពដោយរបៀបណា និងថាតើមីស៊ីលនេះអាចជួយឱ្យអ៊ុយក្រែនកែប្រែស្ថានការណ៍នៅលើសមរភូមិបានដែរឬក៏យ៉ាងណាឡើយ? មិនតែប៉ុណ្ណោះ ក៏មានការព្រួយបារម្ភដែរពីការកើនឡើងភាពតានតឹងជាមួយមូស្គូ ដូចដែលវិមានក្រឹមឡាំងបានគំរាមទៅកាន់ទីក្រុងវ៉ាស៊ីនតោនកុំឱ្យបញ្ជូនអាវុធរយៈចម្ងាយឆ្ងាយទៅឱ្យអ៊ុយក្រែន។
កាលពីប៉ុន្មានថ្ងៃមុននេះ លោក ត្រាំ បានលើកឡើងថាការគំរាមពីការបញ្ជូនមីស៊ីល Tomahawk អាចនឹងបង្ខំឱ្យលោក ពូទីន ត្រឡប់ទៅរកតុចរចា ហើយថារូបលោកគ្រោងនឹងនិយាយពីរឿងនេះ ជាមួយលោក ពូទីន។ «ប្រសិនបើសង្រ្គាមមិនបញ្ចប់ទេ ខ្ញុំប្រហែលជាអាចនឹងបញ្ជូន Tomahawk (ទៅឱ្យអ៊ុយក្រែន)»។ នេះជាការបញ្ជាក់របស់លោក ត្រាំ។ លោក ត្រាំ កំពុងមានទំនុកចិត្តថា លោកមានសមត្ថភាពដាក់សម្ពាធលើបណ្ដាប្រទេសដទៃឱ្យឈានដល់កិច្ចព្រមព្រៀងសន្តិភាព បន្ទាប់ពីទទួលបានជោគជ័យក្នុងការសម្រេចបាននូវបទឈប់បាញ់រវាងអ៉ីស្រាអែល និងក្រុមហាម៉ាស នៅហ្កាហ្សា។ ជុំវិញសង្រ្គាមនៅហ្កាហ្សា លោក ត្រាំ បានបើកដៃឱ្យអ៉ីស្រាអែលកម្ទេចក្រុមហាម៉ាស ដើម្បីបង្ខំឱ្យក្រុមហាម៉ាសប្រឈមមុខនឹងជម្រើស២ ថាតើត្រូវទទួលយកកិច្ចព្រមព្រៀងសន្តិភាព ឬក៏នឹងត្រូវបានកម្ទេច?
ក្រុមការងាររបស់លោក ត្រាំ ក៏បានដាក់សម្ពាធលើសម្ព័ន្ធមិត្តរបស់ខ្លួនដែលមានជាប់ពាក់ព័ន្ធនឹងសង្រ្គាមហ្កាហ្សាឱ្យដាក់សម្ពាធលើភាគីម្ខាងៗឱ្យដោះលែងចំណាប់ខ្មាំង អ្នកទោស និងបិទបញ្ចប់ ការសម្លាប់ជនស៊ីវិលផងដែរ។ នៅក្រោមផែនការផ្ដល់ហិរញ្ញវត្ថុថ្មីមួយនៅដើមឆ្នាំ២០២៥ សមាជិក NATO បច្ចុប្បន្នត្រូវទិញអាវុធ និងគ្រាប់រំសេវពីសហរដ្ឋអាមេរិក ដើម្បីបញ្ជូនបន្តទៅឱ្យអ៊ុយក្រែន។ មកទល់នឹងពេលនេះ មានកញ្ចប់អាវុធ និងបរិក្ខារចំនួន៤ពីសហរដ្ឋអាមេរិកមានទំហំទឹកប្រាក់ ២ពាន់លានដុល្លារដែលត្រូវបានផ្ដល់មូលនិធិដោយដាណឺម៉ាក ន័រវែស ស៊ុយអែត ហូឡង់ អាល្លឺម៉ង់ និងកាណាដា។ កាលពីអាណត្តិអតីតប្រធានាធិបតីអាមេរិក លោក ចូ បៃដិន សេតវិមានមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះថាតើលោក ពូទីន នឹងបញ្ចេញប្រតិកម្មបែបណា នៅពេលសហរដ្ឋអាមេរិក បញ្ជូនប្រព័ន្ធអាវុធទៅឱ្យអ៊ុយក្រែន ដ្បិតបារម្ភខ្លាចថាការផ្ដល់មីស៊ីលរយៈចម្ងាយឆ្ងាយអាចនឹងបង្កើនហានិភ័យនៃការផ្ទុះសង្រ្គាមរវាងរុស្ស៉ី និង NATO។
ដោយអាចបាញ់បានរយៈចម្ងាយជាង ២៥០០គីឡូម៉ែត្រ Tomahawk អាចបាញ់បានឆ្ងាយជាងមីស៊ីល ATACMS ដែលរដ្ឋបាលលោក បៃដិន យល់ព្រមបញ្ជូនទៅឱ្យអ៊ុយក្រែនកាលពីឆ្នាំ២០២៣ ដល់ទៅ ៥ដង។ នៅឯកិច្ចប្រជុំមួយក្នុងទីក្រុង Sochi កាលពីពេលថ្មីៗនេះ លោក ពូទីនបានកោតសរសើរលោក ត្រាំ ប៉ុន្តែបានព្រមានប្រឆាំងនឹងការបញ្ជូន Tomahawk ឱ្យអ៊ុយក្រែន ដោយព្រមានថានេះជំហានមួយនៃដំណាក់កាលថ្មីមួយដែលនឹងបង្កើនជម្លោះនៅក្នុងសង្រ្គាមអ៊ុយក្រែន ក៏ដូចជានៅក្នុងទំនាក់ទំនងរវាងរុស្ស៉ី និងសហរដ្ឋអាមេរិក។
លោកស្រី Liana Fix មកពីស្ថាប័ន Council on Foreign Relations បាននិយាយថា «ថាតើលោក ត្រាំនឹងធ្វើតាមការគំរាមដោយលក់ Tomahawk ទៅឱ្យអ៊ុយក្រែន ឬក៏អត់ គឺវាអាស្រ័យ លើថាតើលោក ពូទីន មានសមត្ថភាពបញ្ចុះបញ្ចូលលោក ត្រាំ ដែរឬទេ? ពោលគឺថាតើលោក ពូទីន អាចជោគជ័យក្នុងការបញ្ចុះបញ្ចួលលោក ត្រាំ ថា «អ្នកមិនអាចបញ្ជូន Tomahawk ទៅឱ្យ អ៊ុយក្រែននោះទេ ពីព្រោះវានឹងបង្កទៅជាសង្រ្គាមនុយក្លេអ៊ែរ បានឬក៏អត់»៕