វៀតណាមចាប់ខ្លួនក្រុមជនខិលខូច ចាក់សារធាតុគីមីចូលសាច់ក្របី បន្លំធ្វើជាសាច់គោជប៉ុន Wagyu
16-10-2025 20:06
(ហាណូយ)៖ នគរបាលវៀតណាម បានចាប់ខ្លួនជនសង្ស័យចំនួន ៤ នាក់ ដែលជាប់ពាក់ព័ន្ធនឹងការចាក់សារធាតុគីមីចូលសាច់ក្របី រួចវេចខ្ចប់បន្លំធ្វើជាសាច់គោជប៉ុនលំដាប់ខ្ពស់ម៉ាក Wagyu ដើម្បីលក់ក្នុងតម្លៃខ្ពស់ជាងតម្លៃដើមរហូតដល់ ៥ដង។ នេះបើតាមការផ្សាយដោយសារព័ត៌មាន VNExpress នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥។
នគរបាលបានឱ្យដឹងថា ជនសង្ស័យទាំង ៤នាក់ រួមមាននាយកប្រតិបត្តិ ប្រធានផ្នែកគណនេយ្យ និងនាយកផ្នែកផលិតកម្មរបស់ក្រុមហ៊ុន Hida Food JSC និងនាយកក្រុមហ៊ុន SK FOODS ម្នាក់ទៀត។ ពួកគេបានទិញសាច់ក្របីតម្លៃថោកពីប្រទេសឥណ្ឌាក្នុងតម្លៃប្រមាណ ៤.៧ ដុល្លារក្នុង១គីឡូក្រាម ហើយចាក់សារធាតុគីមីមួយប្រភេទដើម្បីបង្កើតសរសៃខ្លាញ់ក្លែងក្លាយ មុននឹងវេចខ្ចប់លក់នៅទីផ្សារក្នុងតម្លៃ ១៦ ទៅ ២៤ ដុល្លារក្នុង១គីឡូក្រាម។
យោងតាមការស៊ើបអង្កេតបឋម ក្រុមនេះបានផលិតសាច់គោក្លែងក្លាយចំនួន ១៤ តោន និងចែកចាយលក់នៅទីក្រុងធំៗដូចជា ហាណូយ ដាណាំង និងហូជីមិញ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី១៩ ខែកញ្ញា នគរបាលបានចុះឆែកឆេរទីតាំងរបស់ក្រុមហ៊ុន Hida និងចាប់បានបុគ្គលិកកំពុងធ្វើសកម្មភាពជាក់ស្តែង។ ក្នុងប្រតិបត្តិការនេះ អាជ្ញាធរបានរឹបអូសសាច់ក្របី និងសាច់គោក្លែងក្លាយចំនួន ៦៥ តោន គ្រឿងចក្រផលិត និងសារធាតុគីមី ១៧ តោន។ លទ្ធផលតេស្តបានបង្ហាញថា គំរូសាច់ ២៤ ក្នុងចំណោម ២៩ មានផ្ទុក DNA របស់ក្របី៕