Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អគ្គស្នងការដ្ឋាននគរបាលជាតិ ឆ្លើយតបចំពោះការផ្សព្វផ្សាយរបស់បណ្តាញសារព័ត៌មាន​កូរ៉េ និង​បរទេសមួយចំនួន ជុំវិញ​ការបាត់ខ្លួនពលរដ្ឋកូរ៉េនៅកម្ពុជា

16-10-2025 18:09

(ភ្នំពេញ)៖ អគ្គស្នងការដ្ឋាននគរបាលជាតិ នៃក្រសួងមហាផ្ទៃនាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥នេះ បានចេញសេចក្តីប្រកាសព័ត៌មាន​ ឆ្លើយតបចំពោះការផ្សព្វផ្សាយរបស់បណ្តាញសារព័ត៌មាន​កូរ៉េ និង​បរទេសមួយចំនួន ជុំវិញជុំវិញ​ការបាត់ខ្លួនពលរដ្ឋកូរ៉េនៅកម្ពុជា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥នេះ។

​អគ្គស្នងការដ្ឋាននគរបាលជាតិ ​​លើកឡើងថា ថ្មីៗនេះបណ្តាញសារព័ត៌មានរបស់សាធារណរដ្ឋកូរ៉េ និងសារព័ត៌មានបរទេសមួយចំនួន ផ្សេងទៀតបានយកទៅផ្សព្វផ្សាយបន្ត ដោយចាប់ផ្តើមពីករណីឃាតកម្មលើយុវជនកូរ៉េ អាយុ ២២ឆ្នាំ និង បន្តភ្ជាប់ទៅចំនួនករណីពលរដ្ឋកូរ៉េបាត់ខ្លួននៅកម្ពុជាដែលមិនត្រឹមត្រូវ បង្កជាការភ័ន្តច្រឡំអំពីរឿងហេតុ និងអាចប៉ះពាល់ដល់កិច្ចសហប្រតិបត្តិការរវាងសមត្ថកិច្ចនគរបាលនៃប្រទេសទាំងពីរ ជាពិសេសចំពោះការ លើកឡើងពីលោក Yoo Jaesung អគ្គស្នងការនគរបាលស្តីទី និងក្រសួងការបរទេស នៃសាធារណរដ្ឋកូរ៉េ ដែលត្រូវបានចុះផ្សាយដោយសារព័ត៌មាន The Korea Times នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥។

ចំពោះការលើកឡើងដោយ The Korea Times ដែលមានខ្លឹមសារថា «ក្នុងឆ្នាំ២០២៥ គិតត្រឹម ខែសីហា មានជនជាតិកូរ៉េប្រមាណ ៨០នាក់ កំពុងបាត់ខ្លួនក្នុងប្រទេសកម្ពុជា» ​«មានបណ្ដឹងចំនួន ៣៣០ករណី ត្រូវបានប្តឹងតាមរយៈស្ថានទូតកូរ៉េប្រចាំនៅកម្ពុជា ដោយរាប់បញ្ចូលទាំងបណ្តឹងផ្ទាល់ខ្លួន និងក្រុមគ្រួសារ» ប៉ុន្តែជាក់ស្តែងក្នុងឆ្នាំ២០២៥ នេះ សមត្ថកិច្ចកម្ពុជាបានទទួលសំណើសុំព័ត៌មានដោយផ្ទាល់ ពីស្ថានទូត លើករណីជនជាតិកូរ៉េបាត់ខ្លួនសរុបចំនួន ១១៨នាក់ (ស្រី ០៣នាក់) ដែលក្នុងនោះមាន ៤០នាក់ ត្រូវបានរកឃើញបានចាកចេញពីកម្ពុជា និង០២នាក់ ពុំមានក្នុងទិន្នន័យដំណើរចេញ-ចូលកម្ពុជានោះទេ។ ចំពោះ ៧៦នាក់ ដែលពុំទាន់មានទិន្នន័យធ្វើដំណើរចេញពីប្រទេសកម្ពុជានោះ កំពុងស្ថិតក្រោមការស្រាវជ្រាវ ស្វែងរករបស់សមត្ថកិច្ចកម្ពុជាយ៉ាងយកចិត្តទុកដាក់។

ដោយឡែកក្នុងឆ្នាំ២០២៥ នេះ សមត្ថកិច្ចកម្ពុជាក៏ទទួលបានសំណើសុំអន្តរាគមន៍ជួយពលរដ្ឋកូរ៉េ ចំនួន ៥២សំណើ ស្មើនឹង ៦០នាក់ (ស្រី ០៩នាក់) តាមរយៈស្ថានទូត សាមីខ្លួន និងក្រុមគ្រួសារ។ ជាលទ្ធផល សមត្ថកិច្ចបានរកឃើញចំនួន ៣៥សំណើ ស្មើនឹង ៤០នាក់ (ស្រី ០៤នាក់) និងរកពុំឃើញ ចំនួន ០៣សំណើ ស្មើនឹង ០៥នាក់។ ចំពោះសំណើសេសសល់ សមត្ថកិច្ចជំនាញ និងអាជ្ញាធរពាក់ព័ន្ធកំពុង បន្តស្រាវជ្រាវ។

សូមបញ្ជាក់ផងដែរថា នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ ស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ គ្រោង បញ្ជូនជនជាតិកូរ៉េចំនួន ៥៩នាក់ (ស្រី ០៤នាក់) ដែលទទួលបានការជួយអន្តរាគមន៍ពីអាជ្ញាធរកម្ពុជា ឬ ត្រូវបានឃាត់ខ្លួនដោយបទល្មើសផ្សេងៗ ត្រឡប់ទៅមាតុភូមិវិញ ក្រោមកិច្ចសហការល្អពីស្ថានទូតកូរ៉េ ប្រចាំកម្ពុជា​៕