រដ្ឋមន្ត្រី ប៉េង ពោធិ៍នា ប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ប្រព័ន្ធស្វ័យប្រវត្តិកម្មនៃការដាក់ពាក្យស្នើសុំលិខិតអនុញ្ញាត ធ្វើអាជីវកម្មដឹកជញ្ជូនក្នុងប្រទេស និងឆ្លងដែនតាមផ្លូវគោក
16-10-2025 17:32
(ភ្នំពេញ)៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «ប្រព័ន្ធស្វ័យប្រវត្តិកម្ម នៃការដាក់ពាក្យស្នើសុំលិខិតអនុញ្ញាតធ្វើអាជីវកម្មដឹកជញ្ជូនក្នុងប្រទេស និងឆ្លងដែនតាមផ្លូវគោក» ដើម្បីជួយសម្រួលនីតិវិធីក្នុងការផ្តល់លិខិតអនុញ្ញាតតាមរយៈប្រព័ន្ធឌីជីថល និងបង្កើតនូវទំនុកចិត្ត និងលើកទឹកចិត្តដល់វិនិយោគិន ទាំងក្នុងនិងក្រៅប្រទេសឱ្យបានកាន់តែច្រើនលើការងារដឹកជញ្ជូននេះ។
បើតាមរបាយការណ៍របស់លោក ឈួន វ៉ន់ អគ្គនាយកនៃអគ្គនាយកដ្ឋានដឹកជញ្ជូន ផ្លូវគោក បានឱ្យដឹងដែរថា ការរៀបចំនិងដាក់ឱ្យអនុវត្តប្រព័ន្ធស្វ័យប្រវត្តិកម្ម នៃការដាក់ពាក្យស្នើសុំលិខិតអនុញ្ញាតធ្វើអាជីវកម្មដឹកជញ្ជូនក្នុងប្រទេស និងឆ្លងដែនតាម ផ្លូវគោក គឺជាការចាប់ផ្តើមនូវការផ្លាស់ប្តូរបែបបទការងារ និងជួយសម្រួលនីតិវិធីក្នុងការផ្តល់លិខិតអនុញ្ញាតតាមរយៈប្រព័ន្ធឌីជីថល បង្កើតនូវទំនុកចិត្ត និងលើកទឹកចិត្តដល់វិនិយោគិន ទាំងក្នុងនិងក្រៅប្រទេសកាន់តែច្រើន ដែលនឹងជំរុញឱ្យមានការអភិវឌ្ឍ ការបង្កើនចំណូលពន្ធជូនរដ្ឋ និងធានាបាននូវការប្រកួតប្រជែងដោយស្មើភាព។
លោក ឈួន វ៉ន់ បានបន្ថែមទៀតថា ប្រព័ន្ធស្វ័យប្រវត្តិកម្មថ្មីនេះនឹងជួយឱ្យកម្ពុជាឱ្យចាប់យកនូវកាលានុវត្តភាពពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានា និងការពង្រឹងតួនាទីរបស់ខ្លួនជាមជ្ឈមណ្ឌលតភ្ជាប់ក្នុងតំបន់មហាអនុតំបន់មេគង្គ និងអាស៊ានផងដែរ។ ប្រព័ន្ធស្វ័យប្រវត្តិកម្មនេះជាប្រព័ន្ធបច្ចេកវិទ្យា ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ធ្វើការស្នើរសុំលិខិតអនុញ្ញាតតាមប្រព័ន្ធអនឡាញ ក្នុងនោះមានលិខិតអាជីវកម្មដឹកជញ្ជូនផ្លូវគោក ក្នុងប្រទេស (ដឹកទំនិញ) អាជីវកម្មដឹកជញ្ជូនផ្លូវគោកឆ្លងដែន និងអាជីវកម្មដឹកជញ្ជូនសាធារណៈ(ដឹកអ្នកដំណើរ)។
ថ្លែងនាឱកាសនោះដែរលោក ប៉េង ពោធិ៍នា បានបញ្ជាក់ដែរថា ការបង្កើតនិងដាក់ឱ្យដំណើរការប្រព័ន្ធស្វ័យប្រវត្តិកម្មថ្មីនេះ គឺជាសមិទ្ធផលថ្មីមួយទៀតរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងការធ្វើទំនើបកម្មការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋដោយផ្តោតលើប្រតិបត្តិករដឹកជញ្ជូន ដែលនេះមិនត្រឹមតែជាការធ្វើឱ្យប្រសើរឡើងនូវនីតិវិធីរដ្ឋបាលប៉ុណ្ណោះទេ តែជាការបោះជំហានដ៏ធំមួយក្នុងការធ្វើបរិវត្តកម្មឌីជីថលនៅសម័យកាលបដិវត្តន៍ឧស្សាហកម្មទី៤ នៅក្នុងវិស័យសាធារណការ និងដឹកជញ្ជូន ស្របតាមមាគ៌ាដឹកនាំដ៏ឈ្លាសវៃរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។
លោករដ្ឋមន្ត្រី បានបន្ថែមថា សមិទ្ធផលថ្មីនេះគឺជាសក្ខីកម្មជាក់ស្តែងនៃកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងសាធារណការ ដែលបានអនុវត្តស្របតាមគោលនយោបាយ ចក្ខុវិស័យ និងផែនការសកម្មភាពអាទិភាពរបស់រាជ រដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងឆន្ទៈ ដ៏មោះមុតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការកែទម្រង់ និងពង្រឹងការផ្តល់សេវាសាធារណៈ តាមរយៈការធ្វើទំនើបកម្មតាម ប្រព័ន្ធបច្ចេកវិទ្យាឌីជីថលឱ្យកាន់តែមានប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ឆ្លើយតបនឹងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ និងអាទិភាពគន្លឹះចំនួន៥ រួមមាន «មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា» ដែលក្នុងនោះ បច្ចេកវិទ្យា គឺជាកាតាលីករដ៏សំខាន់សម្រាប់ជំរុញ ការអភិវឌ្ឍលើគ្រប់វិស័យ។
រដ្ឋមន្ត្រី ប៉េង ពោធិ៍នា បានគូសបញ្ជាក់បន្ថែមថា ការដាក់ឱ្យដំណើរការប្រព័ន្ធស្វ័យប្រវត្តិកម្មនេះ បានឆ្លើយតបដោយផ្ទាល់ទៅនឹងមុំអាទិភាពជាច្រើននៃយុទ្ធសាស្ត្របញ្ចកោណដូចជា៖
ចំណុចទី១៖ បញ្ចកោណទី២ ដែលផ្តោតលើ «ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងការបង្កើន ភាពប្រកួតប្រជែង» ត្រង់មុំទី២ ស្តីពី «ការលើកកម្ពស់ការតភ្ជាប់ និងការបង្កើនប្រសិទ្ធភាព នៃវិស័យដឹកជញ្ជូន និងឡូជីស្ទីកវិស័យថាមពល វិស័យទឹកស្អាត និងវិស័យឌីជីថល»។ ក្នុងន័យនេះប្រព័ន្ធឌីជីថលនេះនឹងជួយសម្រួលដល់បរិយាកាសធុរកិច្ច បង្ខិតសេវាសាធារណៈឱ្យកៀកនឹងប្រជាពលរដ្ឋ ជាពិសេសបង្កើនល្បឿននៃការផ្តល់សេវា ដែលអាចឱ្យប្រតិបត្តិករដឹកជញ្ជូនទទួលបានលិខិតអនុញ្ញាតបានឆាប់រហ័ស ដើម្បីចាប់ផ្តើម និងពង្រីកប្រតិបត្តិការរបស់ខ្លួន ដែលជាកត្តាគន្លឹះក្នុងការបង្កើនភាពប្រកួតប្រជែងរបស់ កម្ពុជានៅក្នុងតំបន់ និងសកលលោក។
ចំណុចទី២៖ បញ្ចកោណទី៥ ដែលផ្តោតលើ «ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថល តាមរយៈការជំរុញការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលក្នុងការផ្តល់សេវាសាធារណៈ» ដែលជាការចូលរួមចំណែកយ៉ាងសកម្មរបស់ក្រសួង ដើម្បីកសាងរដ្ឋាភិបាល និងសង្គមឌីជីថល នៅក្នុងសម័យកាលបដិវត្តន៍ឧស្សាហកម្ម ៤.០ ផងដែរ៕