Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

តំណាងរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ដឹកនាំគណៈកម្មាធិការអន្តរក្រសួងចុះត្រួតពិនិត្យការងារស្ថាបនាស្ពានបេតុង ១កន្លែង នៅស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ

16-10-2025 17:29

(កំពង់ធំ)៖ លោក ប៊ុន ច័ន្ទវណ្ណៈ រដ្ឋលេខាធិការតំណាងលោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥នេះ បានដឹកនាំគណៈកម្មាធិការអន្តរក្រសួងរួមមាន ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះត្រួតពិនិត្យ វាយតម្លៃលើការងារស្ថាបនាស្ពានបេតុងចំនួន ១កន្លែង, ប្រវែង ១៤៤ម៉ែត្រ, ទទឹង ៨ម៉ែត្រ និងការស្ថាបនា សំណង់សិល្បការ្យផ្សេងៗ ស្ថិតនៅភូមិឈូកបឹង ឃុំឈូក ឆ្លងទៅភូមិបឹងខ្វែក ឃុំស្រើង ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។

ថ្លែងនាឱកាសនោះលោក ប៊ុន ច័ន្ទវណ្ណៈ បានបញ្ជាក់ថា ជាមួយនឹងការអភិវឌ្ឍនៅតាមជនបទ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានផ្ដោតការយកចិត្តទុកដាក់យ៉ាងខ្លាំង នៅលើការងារស្ថាបនាហេដ្ឋារចនាសម្ព័ន្ធនានានៅតាមមូលដ្ឋាន ដោយលោកតែងតែចុះពិនិត្យមើលដោយផ្ទាល់ជាប្រចាំ ចំពោះគម្រោងស្ថិតនៅក្រោមក្របខណ្ឌក្រសួងអភិវឌ្ឍន៍ជនបទដូចជា ផ្លូវ ស្ពាន ការ ផ្គត់ផ្គង់ទឹកជនបទ និងការលើកកម្ពស់អនាម័យជនបទជាដើម ដើម្បីប្រែក្លាយតំបន់ជនបទ ឱ្យក្លាយទៅជាតំបន់អភិវឌ្ឍន៍រីកចម្រើន ប្រកបដោយបរិយាបន្ន និងមាននិរន្តរភាព។

នាឱកាសចុះត្រួតពិនិត្យ វាយតម្លៃលើការងារស្ថាបនាស្ពានបេតុងនេះដែរ លោករដ្ឋលេខាធិការ បានកោតសរសើរដល់កងវិស្វកម្មតេជោ ហ៊ុន សែន សៀមរាប (ក្រុមក) ដែលបានខិតខំប្រឹងប្រែងនៅលើការងារស្ថាបនា ស្របតាមផែនការរបស់ខ្លួន ដោយសម្រេចបានសមិទ្ធផលជាទីមោទនៈ ជូនដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននេះ ក៏ដូចអ្នកធ្វើដំណើរឆ្លងកាត់ ដែលនេះគឺជាការចូលរួមលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ មានស្ពានល្អសម្រាប់ធ្វើដំណើរ សិស្សានុសិស្សទៅសាលារៀន ការទទួលបានសេវាសុខភាព ការរកស៊ីទទួលទាន និងការធ្វើ អាជីវកម្មផ្សេងៗជាដើម ជាពិសេសគឺការកាត់បន្ថយនូវឧបទ្ទវហេតុផ្សេងៗ ដូចជានៅក្នុងរដូវវស្សានេះជាដើម។

ជាមួយនឹងសមិទ្ធផលស្ពានខានលើនេះ ប្រជាពលរដ្ឋរស់នៅស្រុកប្រាសាទសំបូរ បានសម្តែងនូវការសប្បាយចិត្តឥតឧបមា ដែលបានស្ពានថ្មីជាចំណងដៃមិនអាចកាត់ថ្លៃបាន និងថ្លែងនូវការដឹងគុណជានិច្ចចំពោះរាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលតាមរយៈការអភិវឌ្ឍនេះគឺជាការចូលរួមចំណែកដ៏សំខាន់ ក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន ខណៈដែលកន្លងមកពួកគាត់តែងតែជួបការលំបាក អំពីការធ្វើដំណើរឆ្លងកាត់ស្ទឹងមួយនេះផងដែរ៕