ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បញ្ចប់បេសកកម្មនៅប្រទេសឡាវ និងត្រឡប់មកដល់កម្ពុជាវិញដោយសុវត្ថិភាព
16-10-2025 16:49
(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥នេះ បានមាតុភូមិនិវត្តន៍ប្រកបដោយសុវត្ថិភាព និងជោគជ័យយ៉ាងត្រចះត្រចង់ បន្ទាប់ពីកិច្ចប្រជុំជំនួបប្រាស្រ័យមិត្តភាពការពារជាតិ ថ្នាក់រដ្ឋមន្ត្រីការពារជាតិបីប្រទេស និងពិធីបិទលំហាត់ហ្វឹកហ្វឺនសង្គ្រោះគ្រោះមហន្តរាយរួមគ្នារវាងកងទ័ពបីប្រទេស កម្ពុជា-ឡាវ-វៀតណាម។
សូមជម្រាបថា នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ក្រសួងការពារជាតិ ចូលរួមលំហាត់ហ្វឹកហ្វឺនសង្គ្រោះគ្រោះមហន្តរាយរួមគ្នារវាងកងទ័ព៣ប្រទេស កម្ពុជា-ឡាវ-វៀតណាម ប្រចាំឆ្នាំ២០២៥ ដែលបានធ្វើឡើងក្រោមប្រធានបទ «ជួយសង្គ្រោះជនរងគ្រោះដោយទឹកជំនន់ និងគ្រោះរអិលបាក់ដី» ដែលធ្វើឡើងចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ នៅទីលានហ្វឹកហ្វឺន សង្គ្រោះគ្រោះមហន្តរាយ អាងណាំហ៊ុម រដ្ឋធានីវៀងច័ន្ទន៍ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ៕