Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អ្នកវិភាគនៅកម្ពុជា ចាត់ទុកការកើនឡើងសហជីពជិតដល់៧ពាន់ គឺជាឋានសួគ៌នៃសេរីភាពសហជីពនៅកម្ពុជា

16-10-2025 16:45

(ភ្នំពេញ)៖ អ្នកវិភាគនៅកម្ពុជា បានចាត់ទុកការកើនឡើងចំនួនអង្គការវិជ្ជាជីវៈ ខាងកម្មករនិយោជិតរហូតជិតដល់ ៧ពាន់ ថា ជាឋានសួគ៌នៃសេរីភាពសហជីពនៅកម្ពុជា ពោលគឺសហជីពនៅកម្ពុជា កំពុងអនុវត្តសិទ្ធិសេរីភាពរបស់ខ្លួនបានយ៉ាងពេញលេញស្របតាមច្បាប់។

លោកបណ្ឌិត យង់ ពៅ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ នៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា ចំនួនសហជីពមានជិតដល់៧ពាន់ ខណៈរោងចក្រមានចំនួនតិចជាង នេះគឺជាឋានសួគ៌នៃសេរីភាពសហជីពនៅកម្ពុជា ដែលបង្ហាញពីសិទ្ធិសេរីភាពនៃការបញ្ចេញមតិរបស់កម្មករនិយោជិតត្រូវបានអនុវត្តយ៉ាងពេញលេញ។

លោកបានបន្ដថា៖ «នេះជាឋានសួគ៌នៃសេរីភាពសហជីពនៅកម្ពុជា ថែមទាំងទទួលបានការងារធ្វើ មានសិទ្ធិពេញលេញនៅក្នុងទស្សនការពារផលប្រយោជន៍របស់ក្រុមខ្លួន នៅក្នុងការងារសហជីព អ៊ីចឹងខ្ញុំគិតថា នេះជាឋានសួគ៌មួយនៃសេរីភាពសម្រាប់ការបញ្ចេញមតិ នៃបងប្អូនកម្មករនិយោជិតរបស់យើងក្នុងកម្រិតក្របខណ្ឌវិជ្ជាជីវៈ»

រីឯលោកបណ្ឌិត ឈត ប៊ុនថង អ្នកជំនាញទស្សនវិជ្ជា និងជាអ្នកស្រាវជ្រាវ នៃរាជបណ្ឌិត្យសភាកម្ពុជា បានបង្ហាញក្តីរីករាយនៅពេលឃើញច្បាប់មានការបើកចំហរសិទ្ធិសេរីភាពបានទូលំទូលាយ ដែលសហជីពមានចំនួនច្រើនជាងរោងចក្រសហគ្រាស។

លោកបានបន្ថែមថា៖ «ខ្ញុំសប្បាយចិត្តនៅពេលដែលឃើញច្បាប់បើកចំហរសិទ្ធិសេរីភាពឱ្យបានទូលំទូលាយ កំណត់រហូតដល់សហជីពមានច្រើនជាងរោងចក្រសហគ្រាសទៅទៀត ប៉ុន្តែធ្វើយ៉ាងណាឱ្យមានសុឆ្ឆន្ទៈពិតប្រាកដក្នុងការដោះស្រាយបញ្ហា កុំឱ្យទាញផលប្រយោជន៍អំពីអ្វីដែលជាតួនាទីពាក់ព័ន្ធ»

គិតត្រឹមខែសីហា ឆ្នាំ២០២៥នេះ នៅក្នុងប្រទេសកម្ពុជាមានសហជីព ដែលបានចុះបញ្ជិការបានកើនឡើងជិតដល់ ៧ពាន់ ដោយក្រសួងការងារបានបញ្ជាក់ថា នេះជាលទ្ធផលនៃការអនុវត្តយុទ្ធសាស្ត្ររាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់សិទ្ធិសេរីភាព និងផលប្រយោជន៍របស់កម្មករ៕