អាជ្ញាធរខេត្តស្វាយរៀង ទុកពេល៧ថ្ងៃឲ្យក្រុមហ៊ុនកាស៊ីណូ DGT ក្រុងបាវិត យកសំរាមកាកសំណល់ផ្ទះបាយចេញឲ្យអស់ពីទីតាំង
16-10-2025 16:28
(ស្វាយរៀង)៖ លោក សេង សីលា អភិបាលរងខេត្តស្វាយរៀង តំណាងលោកអភិបាលខេត្តនៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ បានដឹកនាំមន្ត្រីជំនាញចុះទៅត្រួតពិនិត្យជាក់ស្ដែងដល់ទីតាំងចាក់សំរាម កាកសំណល់ផ្ទះបាយមួយកន្លែង ដែលទីតាំងនេះស្ថិតនៅខាងក្រោយក្រុមហ៊ុនកាស៊ីណូ DGT ក្នុងក្រុងបាវិត ខេត្តស្វាយរៀង។
អភិបាលរងខេត្តបានឲ្យដឹងថា ការចុះត្រួតពិនិត្យនាពេលនេះគឺធ្វើឡើងក្នុងគោលបំណងដើម្បីវាយតម្លៃ និងចាត់វិធានការទៅលើបញ្ហាបរិស្ថានដែលបង្កឡើងដោយការចាក់សំរាមនៅទីតាំងខាងលើ។ បើតាមពិនិត្យជាក់ស្តែង ទីតាំងចាក់សំរាមនេះជាទីតាំងដីកាសុីណូ មានចម្ងាយពីផ្លូវកៅស៊ូ ៣១៩C មកដល់ទីតាំងប្រមាណ ២១៦ម៉ែត្រ ដែលបង្កមានធំក្លិនស្អុយ។
អភិបាលរងខេត្តបានណែនាំក្រុមហ៊ុនកាស៊ីណូ ត្រូវធ្វើកាលបរិច្ឆេទឱ្យបានច្បាស់លាស់ក្នុងរយៈពេល៧ថ្ងៃ ដើម្បីយកសំរាមចេញឲ្យអស់ពីទីតាំងខាងលើនេះ ឬឲ្យក្រុមហ៊ុនឯកជនមកប្រមូលសំរាមឲ្យអស់ទាន់ពេលវេលា ជៀសវាងមានការកកស្ទះសំរាម ធ្វើអោយក្លិនស្អុយដល់ប្រជាពលរដ្ឋនៅនៅជុំវិញទីនោះ។
លោកបានណែនាំឲ្យខាងក្រុមហ៊ុនកាស៊ីណូ រៀបចំជាទីតាំងទុកដាក់សំរាមឲ្យបានត្រឹមត្រូវតាមបែបបច្ចេកទេសរបស់ក្រសួងបរិស្ថាន។ សូមបញ្ជាក់ថា កន្លងមកមន្ទីរបរិស្ថានខេត្ដក៏ធ្លាប់បានធ្វើកំណត់ហេតុជាក់ស្ដែង ជាមួយខាងក្រុមហ៊ុនកាស៊ីណូ DGT រួចមកហើយចំនួន២ដង ដើម្បីដោះស្រាយបញ្ហានេះ ប៉ុន្តែហាក់ដូចជាមិនទាន់ទទួលបានលទ្ធផលទាល់តែសោះ៕