Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រធានគណៈមេធាវីកម្ពុជា សាំង វណ្ណៈ ប្តេជ្ញាចិត្តដាក់ចេញនូវបេសកកម្មការងារថ្មី ដើម្បីសម្រេចឱ្យបានចក្ខុវិស័យ «រួមគ្នាដើម្បីវិបុលភាពនៃវិជ្ជាជីវៈមេធាវី»

16-10-2025 16:23

(ភ្នំពេញ)៖ លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានប្តេជ្ញាចិត្តដាក់ចេញនូវបេសកកម្មការងារថ្មីដើម្បីសម្រេចឱ្យបានចក្ខុវិស័យ «រួមគ្នាដើម្បីវិបុលភាព នៃវិជ្ជាជីវៈមេធាវី»។

ការប្តេជ្ញាចិត្តបែបនេះរបស់លោកមេធាវី សាំង វណ្ណៈ បានធ្វឡើងនាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥នេះ នៅក្នុងឱកាសលោកអញ្ជើញថ្លែងសុន្ទរកថាបើក មហាសន្និបាតប្រចាំឆ្នាំលើកទី៣០ របស់គណៈមេធាវី និងខួបលើកទី៣០ នៃការបង្កើតគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា។

ប្រធានគណៈមេធាវីកម្ពុជា សាំង វណ្ណៈ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ទន្ទឹមនឹងនោះ ក៏នៅមានបញ្ហាប្រឈមសេសសល់តិចតួច ដែលខ្ញុំប្តេជ្ញាចិត្ត ប្រឹងប្រែងក្នុងការដឹកនាំ និងសម្របសម្រួលដោះស្រាយឱ្យបានជាបន្តបន្ទាប់។ បន្ថែមលើនេះ ខ្ញុំនឹងបន្តដាក់ចេញនូវបេសកកម្មការងារថ្មី បន្ថែមទៀត ដោយមានការចូលរួមពីសហភាតាទាំងអស់ ដើម្បីសម្រេចឱ្យបាននូវចក្ខុវិស័យ «រួមគ្នាដើម្បីវិបុលភាពនៃវិជ្ជាជីវៈមេធាវី»

ប្រធានគណៈមេធាវីកម្ពុជា សាំង វណ្ណៈ បានឱ្យដឹងថា ក្នុងឆ្នាំទី១ នៃអាណត្តិដឹកនាំរបស់លោក គឺលោកបានដោះស្រាយញ្ហាប្រឈម និងសំណូមពរយ៉ាងច្រើន និងបានអនុវត្តគោលនយោបាយ ៩ចំណុចសម្រេចបានជាផ្លែផ្កា។ ការចូលរួមសហការយ៉ាងសកម្មជាមួយ រាជរដ្ឋាភិបាលកម្ពុជា និងតួអង្គពាក់ព័ន្ធ ក្នុងពង្រឹង និងពង្រីក ប្រសិទ្ធភាពក្នុងការអនុវត្តច្បាប់, ការអនុវត្តគោលនយោបាយសុខុមាលភាព និងមាតុភាព សហភាតា និងបុគ្គលិកគណៈមេធាវី, ការបើកវគ្គបណ្តុះបណ្តាលដល់ជំនួយការមេធាវី ឱ្យមានសមត្ថភាព ប្រសិទ្ធភាព ក្នុងការអនុវត្តកិច្ចការងារជួយដល់មេធាវី។

ជាមួយគ្នានេះដែរ ប្រធានគណៈមេធាវី បានបន្ថែមថា ការប្រឡងជ្រើសរើសសិស្សមេធាវីប្រកបដោយតម្លាភាព ដោយមានការចូលរួមត្រួតពិនិត្យ និងផ្តល់ កិច្ចសហការជាលើកដំបូង ពីអង្គភាពប្រឆាំងអំពើពុករលួយ «ចេះជាងគេគឺជាប់», ការបង្កើន និងពង្រីកទំហំការងារការពារក្តីជូនជនក្រីក្រ ដល់ជនបទដាច់ស្រយ៉ាល, ការបង្កើតកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ជ.ក) បង្កើន និងពង្រឹងកិច្ចសហប្រតិបត្តិការណ៍ជាមួយ មជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្ម, បង្កើន និងពង្រឹងកិច្ចសហប្រតិបត្តិការណ៍ជាមួយ គណៈកម្មាធិការជាតិ នៃសមាគមច្បាប់អាស៊ាន កម្ពុជា (ហៅកាត់ថា ALA), ការចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយស្ថាប័នពាក់ព័ន្ធ និងការបង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិ ជាមួយបណ្តាប្រទេសជាដៃគូ ជាអាទិ៍ អាមេរិក ស្វីស ចិន អូស្ត្រាលី ជប៉ុន អាឡឺម៉ង់ បារាំង ឥណ្ឌា ហ្វីលីពីន សិង្ហបុរី ម៉ាឡេស៊ី វៀតណាម ឥណ្ឌូនេស៊ីជាដើម។

លោកមេធាវី សាំង វណ្ណៈ បានបន្តថា ពេញ១ឆ្នាំ នៅក្នុងអាណត្តិដឹកនាំរបស់លោក ក្រុមប្រឹក្សាគណៈមេធាវី អគ្គលេខាធិការដ្ឋានគណៈមេធាវី និងមជ្ឈមណ្ឌលបណ្តុះ បណ្តាលវិជ្ជាជីវៈមេធាវី បានបន្តខិតខំប្រឹងប្រែងជម្នះរាល់ឧបសគ្គ និងបញ្ហាប្រឈមនានា ក្នុងការអនុវត្តគោលនយោបាយដឹកនាំរបស់លោក ដោយបានលះបង់ពេលវេលានិងកម្លាំងកាយចិត្តប្រាជ្ញា ស្មារតីក្នុងការបំពេញការងារដើម្បីសម្រេចបាននូវសមិទ្ធផលថ្មីៗបន្ថែមទៀត៕