Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋមន្រ្តីសុខាភិបាល ស្នើបារាំងបន្តជួយគាំទ្រ ក្នុងការបណ្តុះបណ្តាល ស្រាវជ្រាវ និងផ្តល់អាហារូបករណ៍ដល់និសិត្សកម្ពុជា

16-10-2025 15:48

(ភ្នំពេញ)៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ដ្រីក្រសួងសុខាភិបាល ស្នើរដ្ឋាភិបាលបារាំងបន្តជួយគាំទ្របន្ថែមទៀត ក្នុងការបណ្តុះបណ្តាល ស្រាវជ្រាវ នវានុវត្តន៍ ជាពិសេសផ្តល់អាហារូបករណ៍ ដល់សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ក៏ដូចជានិសិត្សកម្ពុជា ឲ្យមានឱកាសបន្តការសិក្សានៅប្រទេសបារាំង ដែលជាការរួមចំណែកលើកស្ទួយវិស័យសុខាភិបាលនៅកម្ពុជា។

ការស្នើនេះបានធ្វើឡើងនៅក្នុងឱកាសដែលលោកសាស្រ្តាចារ្យ ឈាង រ៉ា អញ្ជើញជួបសំណេះសំណាលជាមួយនិស្សិតវេជ្ជបណ្ឌិតឯកទេសដែលត្រូវបន្តការសិក្សានៅសាធារណៈរដ្ឋបារាំង ឆ្នាំសិក្សា ២០២៥-២០២៦ នាព្រឹកថ្ងៃទី ១៦ ខែតុលា ឆ្នាំ២០២៥ នៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ដែលមានការអញ្ជើញចូលរួមផងដែរពីលោកស្រី Marie Buscail ទីប្រឹក្សាទី១នៃស្ថានទូតបារាំង ប្រចាំព្រះរាជាណាចក្រកម្ពុជា ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ, ថ្នាក់ដឹកនាំ មន្រ្តីរាជការ បុគ្គលិក​ និស្សិតមហាវិទ្យាល័យវេជ្ជសាស្រ្ត និងនិស្សិតជ័យលាភីថ្នាក់វេជ្ជបណ្ឌិតឯកទេសសរុបជាង ៥០០នាក់។

រដ្ឋមន្ដ្រីក្រសួងសុខាភិបាលបានថ្លែងថា «សូមអរគុណរដ្ឋាភិបាលបារាំង ដែលបាននិងកំពុងបន្តគាំទ្រដល់ការអភិវឌ្ឍវិស័យសុខាភិបាល ជាពិសេសគឺការបណ្តុះបណ្តាលនៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល។ ជាក់ស្តែងនាពេលនេះ រដ្ឋាភិបាលបារាំងបានផ្តល់អាហារូបករណ៍ដល់និសិត្សកម្ពុជា ទៅសិក្សានៅប្រទេសបារាំង និងសូមបន្តជួយគាំទ្របន្ថែមទៀត ក្នុងការបណ្តុះបណ្តាល ស្រាវជ្រាវ នវានុវត្តន៍ ជាពិសេសផ្តល់អាហារូបករណ៍ ដល់សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ក៏ដូចជានិសិត្សកម្ពុជា ឲ្យមានឱកាសបន្តការសិក្សានៅប្រទេសបារាំង ដែលជាការរួមចំណែកលើកស្ទួយវិស័យសុខាភិបាលនៅកម្ពុជា ស្របតាមយុទ្ធសាស្រ្តរាជរដ្ឋាភិបាល ដែលយកចិត្តទុកដាក់ខ្ពស់ក្នុងការកសាងមូលធនមនុស្សជាអាទិភាព ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា»។

រដ្ឋមន្រ្តីសុខាភិបាលក៏បានណែនាំដល់និស្សិតទទួលបានជយលាភីថា «ក្មួយៗត្រូវខិតខំសិក្សារៀនសូត្រ ដោយនាំយកចំណេះជំនាញវិជ្ជាជីវៈ ដើម្បីលើកកម្ពស់សុខុមាលភាពប្រជាជនកម្ពុជា ជាពិសេសមកបម្រើដល់ប្រទេសជាតិ»។

ជាមួយគ្នានេះរដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានកោតសរសើរចំពោះនិស្សិតជយលាភីអាហារូបករណ៍ទាំងអស់ ដែលបានខិតខំប្រឹងប្រែងសិក្សាស្រាវជ្រាវតាមឯកទេសរៀងៗខ្លួន និងបានផ្តល់អនុសាសន៍រំព្ញកជូននិស្សិតជ័យលាភីទាំងអស់ត្រូវថែរក្សាសុខភាព, ខិតខំរក្សាអត្តសញ្ញាណ និងលើកកម្ពស់កិត្យានុភាពប្រទេសជាតិ, បង្កើតបណ្ដាញមិត្តភាពអន្តរជាតិ និងសហការវិទ្យាសាស្ត្រជាមួយសាស្រ្តាចារ្យបារាំង, និស្សិតបរទេស, និងសិក្សាស្រូបចំណេះដឹងថ្មីៗទៅតាមជំនាញរៀងៗខ្លួនអោយអស់ពីលទ្ធភាព សំដៅខិតខំអោយស្មើនឹងកម្ពស់កាលានុវត្តភាពដែលបានទទួល។

នៅក្នុងឱកាសនោះលោកសាស្ត្រាចារ្យ សាផុន វឌ្ឍនៈ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាសាកលវិទ្យាធិការនៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល បានឲ្យដឹងថា ដើម្បីក្លាយខ្លួនជាស្ថាប័នឈានមុខនៅក្នុងកម្រិតជាតិ និងចូលទៅប្រកួតប្រជែង នៅកម្រិតអន្តរជាតិ លើវិស័យបណ្តុះបណ្តាលវិទ្យាសាស្ត្រសុខាភិបាល សាកលវិទ្យាល័យ វិទ្យាសាស្ត្រសុខាភិបាល បានកំណត់គោលដៅយុទ្ធសាស្រ្តគន្លឹះមួយ ក្នុងចំណោមគោលដៅ យុទ្ធសាស្រ្តគន្លឹះទាំង៦ គឺ ការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាតិ និងអន្តរជាតិ ដែល ជាយុទ្ធសាស្ត្រ កាតាលីករ ប្រទាក់ក្រឡា និងចាំបាច់ ដើម្បីជំរុញឱ្យការងារ បណ្តុះបណ្តាល ស្រាវជ្រាវ នវានុវត្តន៍ និងការផ្តល់សេវា មានភាពកាន់តែប្រសើរឡើង។

សូមជម្រាបជូនថា បច្ចុប្បន្ននេះ សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល បានដំណើរការថ្នាក់បណ្តុះបណ្តាល វេជ្ជបណ្ឌិតឯកទេសសរុបចំនួន ២១ និងនៅឆ្នាំសិក្សា ២០២៤-២០២៥នេះ មាននិស្សិតកំពុងសិក្សាវេជ្ជបណ្ឌិតឯកទេស សរុបទាំង ២១ ឯកទេស មានចំនួន ៩៥០ នាក់។ ចាប់ពីឆ្នាំ១៩៩៦ មកដល់ឆ្នាំ២០២៤ តាមរយៈកិច្ចសហប្រតិបត្តិការជាយូរលង់ ជាមួយដៃគូបារាំង ដោយមានការគាំទ្រពីស្ថានទូតបារាំង ប្រចាំព្រះរាជាណាចក្រកម្ពុជា, សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល បានបញ្ជូននិស្សិត ១ ១៦១ នាក់ ទៅបន្តការសិក្សា ឬធ្វើកម្មសិក្សានៅប្រទេសបារាំង។ ឆ្នាំ២០២៥នេះ មាននិស្សិត ថ្នាក់វេជ្ជបណ្ឌិតឯកទេស សរុបចំនួន ៨៤នាក់ បានទទួលអាហារូបករណ៍ទៅបន្តការសិក្សា នៅប្រទេសបារាំង៕