លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អំពាវនាវដល់អាជ្ញាធរមូលដ្ឋាន ត្រូវបន្ដលើកកម្ពស់វិធានការភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ពិសេសលុបបំបាត់បញ្ហាគ្រឿងញៀន ល្បែងស៊ីសង ក្មេងទំនើង និងអំពើហិង្សា
16-10-2025 15:38
(កំពង់ស្ពឺ)៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ដ្រៃយ៍កាកបាទក្រហមកម្ពុជា បានថ្លែងអំពាវនាវដល់អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ត្រូវចូលរួមលើកកម្ពស់វិធានការ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ដើម្បីរួមគ្នាលុបបំបាត់បញ្ហាគ្រឿងញៀន-គ្រឿងស្រវឹង, ល្បែងស៊ីសងគ្រប់ប្រភេទ, ក្មេងទំនើង និងអំពើហិង្សាក្នុងគ្រួសារជាដើម។
ការថ្លែងយ៉ាងដូច្នេះរបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ក្នុងឱកាសតំណាងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ បានអញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ជូនប្រជាជនរងគ្រោះបំផុតចំនួន ១,៣២៩គ្រួសារ ដែលមកពីភូមិចំនួន ៤០០ ឃុំ/សង្កាតចំនួន ២៧ ស្រុក/ក្រុងចំនួន ៤ នៃខេត្ដកំពង់ស្ពឺ ក្នុងនោះមកពីស្រុកឱរ៉ាល់ចំនួន ៣១៦គ្រួសារ, ស្រុកថ្ពង ៣៣៤គ្រួសារ, ក្រុងឧដ្ដុង្គម៉ែជ័យ ៣១១គ្រួសារ និងស្រុកសាមគ្គីមុនីជ័យ ៣៦៨គ្រួសារ នាព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ ដែលប្រព្រឹត្ដទៅនៅតារាងបាត់ទាត់ ស្ថិតក្នុងភូមិអន្លង់ជ្រៃ ឃុំ៨មុំ ស្រុកថ្ពង ខេត្ដកំពង់ស្ពឺ។
ជាមួយគ្នានេះលោកជំទាវបណ្ឌិត ក៏បានអំពាវនាវដល់ប្រជាជនទាំងអស់ សូមគិតគូរពីបញ្ហាសុខភាព សូមពិសាទឹកដាំពុះ និងបរិភោគអាហារដែលមានអនាម័យ ដើម្បីជៀសវាងការកើតជំងឺផ្សេងៗ ជាពិសេសសូមកុំបរិភោគប្រៃពេក ផ្អែមពេក (ដូចជាភេសជ្ជៈគ្រឿងកំប៉ុងជាដើម) និងបរិភោកខ្លាញ់ពេក ព្រមទាំងកុំបរិភោគគ្រឿងស្រវឹង បារី ដើម្បីចៀសផុតពីជំងឺទឹកនោមផ្អែម លើសឈាម ជំងឺមហារីក ជាដើម។ល។ បើមានបញ្ហាសុខភាព សូមលោកយាយលោកតា និងប្រជាជនទាំងអស់ សូមអញ្ជើញទៅកាន់មន្ទីរពេទ្យរដ្ឋយើង ឬមណ្ឌលសុខភាព ដែលនៅក្បែរផ្ទះហើយសូមកុំភ្លេចយកបណ្ណសមធម៌ ឬបណ្ណប.ស.ស ទៅជាមួយផង ព្រោះមានបណ្ណនេះហើយគឺរាល់ការព្យាបាលមិនអស់ថវិកានោះទេ។
លើសពីនោះលោកជំទាវបណ្ឌិត បានស្នើដល់សាខាកាកបាទក្រហមកម្ពុជា និងយុវជនកាកបាទក្រហមកម្ពុជា បន្តអប់រំផ្សព្វផ្សាយពីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ សំដៅចូលរួមចំណែកកាត់បន្ថយជំងឺឆ្លង និងជំងឺមិនឆ្លងនានា មានដូចជា ជំងឺទឹកនោមផ្អែម, ជំងឺមហារីក, ជំងឺរលាកផ្លូវដង្ហើមធ្ងន់ធ្ងរ, ជំងឺលើសឈាម, ជំងឺអេដស៍ជាដើម។ ទន្ទឹមនឹងនេះសូមឱ្យអាជ្ញាធរ និងស្ថាប័នជំនាញពាក់ព័ន្ធ ជួយដល់បង-ប្អូន ដែលជាពលករត្រឡប់មកពីប្រទេសជិតខាង ដើម្បីទទួលបានការងារធ្វើនៅក្នុងប្រទេសផង។
លោកជំទាវបណ្ឌិត ក៏បានគូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលកំពុងបន្ដកៀរគរវិនិយោគិន មកវិនិយោគនៅកម្ពុជា ដើម្បីផ្ដល់ភាពការងារកាន់តែច្រើនជូនដល់ប្រជាពលរដ្ឋ។
សម្រាប់ខេត្ដកំពង់ស្ពឺ លោកជំទាវបណ្ឌិត ក៏បានថ្លែងអំណរគុណចំពោះលោក ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ ដែលបានយកចិត្តទុកដាក់ជួយសម្រាលទុក្ខលំបាកដល់ប្រជាជននៅគ្រប់ទីកន្លែងក្នុងខេត្តកំពង់ស្ពឺ ជាពិសេសចុះផ្ទាល់ដល់គេហដ្ឋានប្រជាជនងាយរងគ្រោះបំផុត និងរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ៕