Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម រួមជាមួយតំណាងស្ថាប័នអន្តរជាតិធំៗ ចុះពិនិត្យស្ថានភាពជំរុំគ្រួសារភៀសសឹក និងហេដ្ឋរចនាសម្ព័ន ដែលរងផលប៉ះពាល់តាមព្រំដែនកម្ពុជា-ថៃ

16-10-2025 14:16

(ឧត្តរមានជ័យ)៖ នៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ លោកបណ្ឌិត ចន ណារិទ្ធ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម បានដឹកនាំក្រុមការងារជំនាញនៃអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម រួមជាមួយ តំណាងស្ថាប័នអន្តរជាតិធំៗ និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ចុះពិនិត្យស្ថានភាពពលរដ្ឋភៀសសឹកនៅ ជំរុំបាត់ថ្កៅ ភូមិបាត់ថ្កៅ ឃុំចុងកាល់ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ និងស្ថានភាពខូតខាតហេដ្ឋារចនាសម្ព័ន ក៏ដូចជាទ្រព្យសម្បត្តិរបស់ ពលរដ្ឋនៅតាមព្រំដែនកម្ពុជា-ថៃ ក្នុងក្រុងសំរោង និងស្រុកបន្ទាយអំពិល ជាថ្មីម្តងទៀត បន្ទាប់ស្ថានភាពជម្លោះព្រំដែនកម្ពុជា-ថៃ ស្ថិតក្នុងស្ថានភាពផុយស្រួយក្នុងរយៈពេលជាង៣ ខែមកនេះ។

ក្នុងដំណើរនេះមានការទទួលស្វាគមន៍ដោយ លោកអភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ និងមានការចូលរួមពីតំណាងស្ថានប័នដៃគូរអភិវឌ្ឍន៍អន្តរជាតិមួយចំនួន ដូចជាតំណាងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP), កម្មវិធីស្បៀងអាហារពិភពលោក (WFP), ទីភ្នាក់ងារអាល្លឺម៉ងសម្រាប់ការអភិវឌ្ឍ (GIZ), អង្គការយូនីសេហ្វ (Unicef) ខណៈតំណាងក្រសួងស្ថាប័នពាក់ព័ន្ធ រួមមាន មូលនិធិជាតិជំនួយសង្គម និងក្រសួងផែនការផងដែរ៕