លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត តំណាងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត អញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយ ជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុត ១,៣២៩គ្រួសារនៅខេត្ដកំពង់ស្ពឺ (Video inside)
16-10-2025 11:22
(កំពង់ស្ពឺ)៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ដ្រៃយ៍កាកបាទក្រហមកម្ពុជា តំណាងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ បានអញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ជូនប្រជាជនរងគ្រោះបំផុតចំនួន ១,៣២៩គ្រួសារ ដែលមកពីភូមិចំនួន ៤០០ ឃុំ/សង្កាតចំនួន ២៧ ស្រុក/ក្រុងចំនួន ៤ នៃខេត្ដកំពង់ស្ពឺ ក្នុងនោះមកពីស្រុកឱរ៉ាល់ចំនួន ៣១៦គ្រួសារ, ស្រុកថ្ពង ៣៣៤គ្រួសារ, ក្រុងឧដ្ដុង្គម៉ែជ័យ ៣១១គ្រួសារ និងស្រុកសាមគ្គីមុនីជ័យ ៣៦៨គ្រួសារ។
ពិធីសំណេះសំណាលប្រកបដោយភាពកក់ក្ដៅ ប្រកបដោយក្ដីអាណិតស្រលាញ់ខាងលើនេះ បានប្រព្រឹត្ដទៅនៅតារាងបាត់ទាត់ ស្ថិតក្នុងភូមិអន្លង់ជ្រៃ ឃុំ៨មុំ ស្រុកថ្ពង ខេត្ដកំពង់ស្ពឺ ។
បន្ទាប់ពីសំណេះសំណាលជាមួយលោកតា លោកយាយចាស់ជរាគ្មានទីពឹង ថែមទាំងមានជំងឺប្រចាំកាយផងដែរនោះ, លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ក៏បាននាំមកនូវព្រះរាជបណ្ដាំផ្ញើសួរសុខទុក្ខប្រកបដោយព្រះរាជហឫទ័យនឹករលឹក និងសេចក្តីស្រឡាញ់ដ៏ជ្រាលជ្រៅពី សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងការផ្ដាំផ្ញើសួរសុខទុក្ខពី សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បើទោះបីជាលោកទាំងទ្វេ មិនបានយាង និងអញ្ជើញជួបជាមួយលោកតា លោកយាយ អ៊ុំ ពូ មីង បងប្អូនទាំងអស់ដោយផ្ទាល់ក៏ដោយ ក៏សម្តេចព្រះវររាជមាតាជាតិខ្មែរ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តែងតែគិតគូរពីសុខទុក្ខរបស់បង-ប្អូនជនរួមជាតិយើងនៅគ្រប់ពេលពេលដោយមិនរំលងឡើយ។
ជាក់ស្ដែងនៅព្រឹកនេះលោកបានចាត់សហការីទាំងអស់ ចុះមកសួរសុខទុក្ខ និងផ្ដល់អំណោយសម្រាលការលំបាកដល់លោកតា លោកយាយ អ៊ុំ ពូ មីង ដោយក្នុងគ្រួសារនីមួយៗទទួលបាន៖ អង្ករ ៣០គីឡូក្រាម, មី១កេស, ត្រីខ ១០កំប៉ុង, ទឹកស៊ីអ៊ីវ ១យួរ, ទឹកត្រី ១យួរ, ម្សៅសាប៊ូ ១កញ្ចប់, សាប៊ូដុសខ្លួន ១ដប, ប្រេងខ្យល់ ២ដបតូច, ឃីត (មុង ភួយ សារុង ក្រមា) ១កញ្ចប់, ថវិកា ២០.០០០រៀល ព្រមទាំងអាហារសម្រន់ នំប៉័ង ១ដើម និងទឹកបរិសុទ្ធ ១ដប។
លោកជំទាវបណ្ឌិតក៏បានគូសបញ្ជាក់ថា សម្រាប់អំណោយមនុស្សធម៌ខាងលើនេះ គឺបានមកពីការបរិច្ចាគរបស់សប្បុរសជនពីគ្រប់មជ្ឈដ្ឋាន ដែលមានសទ្ធាជ្រះថ្លាតែងតែគាំទ្រឧបត្ថម្ភមកដល់កាកបាទក្រហមកម្ពុជា មិនដែលដាច់នោះឡើយ ក្នុងឱកាសទិវាកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា ជារៀងរាល់ឆ្នាំ។ ក្នុងឱកាសនោះលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ក៏បានថ្លែងអំណរគុណដល់ទឹកចិត្ដដ៏ប្រពៃរបស់សប្បុរសជនទាំងអស់ ដែលបានចូលរួមយ៉ាងសកម្មក្នុងបេសកកម្មមនុស្សធម៌ជាមួយកាកបាទក្រហមកម្ពុជា ទើបធ្វើឱ្យកាកបាទក្រហមកម្ពុជាមានលទ្ធភាពក្នុងការនាំយកអំណោយមកចែកជូនដល់បងប្អូនប្រជាជនងាយរងគ្រោះបំផុតនាពេលនេះ ដែលនេះគឺជាការរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការគិតគូរពីសុខុមាលភាពរបស់ប្រជាជនផងដែរ។
ថ្លែងទៅកាន់លោកតា លោកយាយ អ៊ុំ ពូ មីង បងប្អូនក្នុងឱកាសសំណេះសំណាលនេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា បានអំពាវនាវដល់ប្រជាជនទាំងអស់ សូមគិតគូរពីបញ្ហាសុខភាព សូមពិសាទឹកដាំពុះ និងបរិភោគអាហារដែលមានអនាម័យ ដើម្បីជៀសវាងការកើតជំងឺផ្សេងៗ ជាពិសេសសូមកុំបរិភោគប្រៃពេក ផ្អែមពេក (ដូចជាភេសជ្ជៈគ្រឿងកំប៉ុងជាដើម) និងបរិភោកខ្លាញ់ពេក ព្រមទាំងកុំបរិភោគគ្រឿងស្រវឹង បារី ដើម្បីចៀសផុតពីជំងឺទឹកនោមផ្អែម លើសឈាម ជំងឺមហារីក ជាដើម។ល។ បើមានបញ្ហាសុខភាព សូមលោកយាយលោកតា និងប្រជាជនទាំងអស់ សូមអញ្ជើញទៅកាន់មន្ទីរពេទ្យរដ្ឋយើង ឬមណ្ឌលសុខភាព ដែលនៅក្បែរផ្ទះ
ហើយសូមកុំភ្លេចយកបណ្ណសមធម៌ ឬបណ្ណប.ស.ស ទៅជាមួយផង ព្រោះមានបណ្ណនេះហើយគឺរាល់ការព្យាបាលមិនអស់ថវិកានោះទេ។
ទន្ទឹមនឹងនោះលោកជំទាវបណ្ឌិត ក៏បានសន្យាជាមួយលោកតា លោកយាយ អ៊ុំ ពូ មីង បងប្អូននៅខេត្ដកំពង់ស្ពឺនេះថា នឹងដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ហៅកាត់ថា TYDA មកពិនិត្យព្យាបាលជំងឺជូនលោកតា លោកយាយ អ៊ុំ ពូ មីង គ្មានទីពឹង និងមានពិការភាពនៅទីនេះ ដើម្បីផ្ដល់ភាពងាយស្រួល ក៏ដូចជាបង្ខិតការផ្ដល់សេវាសុខាភិបាលឱ្យកាន់តែក្បែរលំនៅឋានតែម្ដង នៅដើមឆ្នាំក្រោយនេះ។
ឆ្លៀតក្នុងឱកាសនោះលោកជំទាវបណ្ឌិត ក៏បានអំពាវនាវដល់អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ត្រូវចូលរួមលើកកម្ពស់វិធានការ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ដើម្បីរួមគ្នាលុបបំបាត់បញ្ហាគ្រឿងញៀន-គ្រឿងស្រវឹង, ល្បែងស៊ីសងគ្រប់ប្រភេទ, ក្មេងទំនើង និងអំពើហិង្សាក្នុងគ្រួសារ។ ជាមួយគ្នានេះ សូមសាខាកាកបាទក្រហមកម្ពុជា និងយុវជនកាកបាទក្រហមកម្ពុជា បន្តអប់រំផ្សព្វផ្សាយពីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ សំដៅចូលរួមចំណែកកាត់បន្ថយជំងឺឆ្លង និងជំងឺមិនឆ្លងនានា មានដូចជា ជំងឺទឹកនោមផ្អែម, ជំងឺមហារីក, ជំងឺរលាកផ្លូវដង្ហើមធ្ងន់ធ្ងរ, ជំងឺលើសឈាម, ជំងឺអេដស៍ជាដើម។ ទន្ទឹមនឹងនេះ សូមអាជ្ញាធរ និងស្ថាប័នជំនាញពាក់ព័ន្ធ ជួយដល់បង-ប្អូន ដែលជាពលករត្រឡប់មកពីប្រទេសជិតខាង ដើម្បីទទួលបានការងារធ្វើនៅក្នុងប្រទេស។
ជាមួយគ្នានេះដែរលោក ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ បានសម្ដែងនូវការសប្បាយរីករាយយ៉ាងខ្លាំង ពិសេសបានសម្តែងនូវសេចក្តី ដឹងគុណយ៉ាងជ្រាលជ្រៅជូនចំពោះលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុន ម៉ាណែត អនុប្រធានអចិន្រៃ្តយ៍កាកបាទក្រហមកម្ពុជា ដែលតែងតែគិតគូរ និងយកអស់កម្លាំងកាយចិត្ត ប្រាជ្ញា និងស្មារតី ក្នុងការបំពេញបេសកកម្មដឹកនាំជួយដល់បងប្អូនប្រជាពលរដ្ឋ ដល់មូលដ្ឋានក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ។ ថ្ងៃនេះ ជាសក្ខីភាព លោកជំទាវបណ្ឌិត បានផ្តល់កិត្តិយសអញ្ជើញចុះសួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌កាកបាទក្រហម កម្ពុជា ជូនគ្រួសារងាយរងគ្រោះ ចំនួន ១,៣២៩គ្រួសារ ពោរពេញដោយអត្ថន័យ និងមនោសញ្ជេតនា។
សម្រាប់ប្រជាពលរដ្ឋងាយរងគ្រោះបំផុតជាង១ពាន់គ្រួសារនេះ ក៏បានថ្លែងការរំភើបចិត្ដជាខ្លាំង ដែលទទួលបានការយកចិត្ដដាក់ខ្ពស់ពីអ្នកម្ដាយមនុស្សធម៌ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហកម្ពុជា, ហើយក៏បានថ្លែងអំណរគុណយ៉ាងជ្រៅចំពោះលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ដ្រៃយ៍ ដែលបានដឹកនាំសហការី សប្បុរសជនអញ្ជើញចុះមកសំណេះសំណាល និងចែកអំណោយដោយផ្ទាល់៕