រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ វាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុនរដ្ឋចិន ដែលជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា និងបណ្ដាក់ទុនវិនិយោគលើអាកាសយានដ្ឋានអន្ដរជាតិសៀមរាប
16-10-2025 10:49
(ភ្នំពេញ)៖ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥ បានអនុញ្ញាតជូនលោក Liu Minglin ប្រធានក្រុមហ៊ុន Yunnan Provincial Investment Holdings Group Co., Ltd (YIG), លោក Lu Wei ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Angkor International Airport Investment Co., Ltd. (AIAI) និងសហការី ចូលជួបរាយការណ៍ពី វឌ្ឍនភាពនៃគម្រោងវិនិយោគ និងពិភាក្សាការងារ នាទីស្តីការក្រសួង។
រដ្ឋមន្រ្តី ហួត ហាក់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងកោតសរសើរវាយតម្លៃខ្ពស់ដល់លោកប្រធាន និងក្រុមហ៊ុនរដ្ឋចិនដ៏ធំដែលបានជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបណ្តាក់ទុនវិនិយោគលើអាកាសយានដ្ឋានអន្តរជាតិសៀមរាប ការអភិវឌ្ឍតំបន់ជុំវិញអាកាសយានដ្ឋានឱ្យក្លាយជាតំបន់វប្បធម៌ ទេសចរណ៍ និងពាណិជ្ជកម្មចំរុះ ក៏ដូចជាការអភិវឌ្ឍន៍ផលិតផលទេសចរណ៍ដែលមានតម្លៃបន្ថែមថ្មីប្រកបដោយការច្នៃប្រឌិត បច្ចេកវិទ្យាខ្ពស់ចុងក្រោយ និងដំបូងគេបង្អស់នៅប្រទេសកម្ពុជា។
លោករដ្ឋមន្រ្តី និងលោកប្រធាន បានឯកភាពលើការអនុវត្តនូវយន្តការរៀបចំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពលើគម្រោងវិនិយោគ និងការរាយការណ៍ពីស្ថានភាពភ្ញៀវទេសចរ និងអ្នកដំណើរតាមអាកាសយានដ្ឋានអន្តរជាតិសៀមរាបជាប្រចាំ ដើម្បីជំរុញវឌ្ឍនភាព នៃគម្រោងវិនិយោគឱ្យដំណើរការរលូន និងបានឆាប់រហ័ស បង្កើនការជឿជាក់រវាងគ្នា និងគ្នាលើកិច្ចសហប្រតិបតិ្តជាដៃគូអភិវឌ្ឍ និងការជួយគ្នាទៅវិញទៅមកក្នុងការដោះស្រាយបញ្ហាប្រឈមនានារបស់ភ្ញៀវទេសចរ និងអ្នកធ្វើដំណើរឱ្យបានទាន់ពេលវេលា៕